• 2023-02-15 03:30:39
  • ចំណេះដឹង

ដឹងអត់ថានៅកម្ពុជាបច្ចុប្បន្ននេះ មាន​កន្លែង​សាកអាគុយ​រថយន្តអគ្គិសនី​ប៉ុន្មានហើយ?

  • 2023-02-15 03:30:39
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មកទល់ពេលនេះ ប្រទេសកម្ពុជាមាន​ស្ថានីយបញ្ចូល​ថាមពលអគ្គិសនី​សម្រាប់រថយន្ត ចំនួន៩ហើយ ខណៈ​ក្រុមហ៊ុនរថយន្តមួយ​ក៏គ្រោង​​ដំឡើង​ស្ថានីយនេះ ប្រមាណ ២០០ទីតាំង​ទៀត​នៅ​ទូទាំងប្រទេស។ នេះបើតាម​ការ​ថ្លែង​របស់​ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្រ្តី​ក្រសួង​សាធារណការ និងដឹកជញ្ជូន ក្នុងសនិ្នបាត​បូកសរុបលទ្ធផល​ការងារ នៅទីស្តីការ​ក្រសួង​ នាព្រឹកថ្ងៃទី១៥ ខែកុម្ភៈ ឆ្នាំ​២០២៣។

ឯកឧត្តម​បាន​បញ្ជាក់ថា ឆ្នាំ២០២២ គឺ​ជាឆ្នាំបើកទំព័រនៃការ​ជំរុញ​ការប្រើប្រាស់​រថយន្តអគ្គិសនី​នៅកម្ពុជា។ ជាមួយគ្នានោះ ​ក្រសួងបាន​បើកឱ្យដំណើរការប្រើប្រាស់​​ស្ថានីយបញ្ចូល​ថាមពល​អគ្គិសនីជាបន្តបន្ទាប់​រហូតដល់ ៩គ្រឿងហើយ។ ក្នុងនោះ UNDP បានផ្តល់ ៤គ្រឿង ឱ្យ​ក្រសួងសាធារណការ និងដឹកជញ្ជូន (១ដាក់នៅក្រសួង, ១នៅក្រុងព្រះសីហនុ, ១នៅសៀមរាប និង១នៅបាត់ដំបង)។ ផ្នែក​ឯកជន​បានផ្តល់ ៣គ្រឿង ឱ្យ​ក្រសួងផងដែរ ហើយ​ក្រៅពីនេះ កាល់តិច ដាក់ ១គ្រឿងនៅព្រៃស និង​ផ្សារទំនើបអ៊ីអនសែនសុខ ដាក់ ១គ្រឿង។

ក្រុមហ៊ុន BYD ក៏គ្រោង​នឹង​រៀបចំ​ដាក់ស្ថានីយបញ្ចូល​ថាមពល​អគ្គិសនីនេះ ប្រហែល ២០០កន្លែងនៅទូទាំងប្រទេស។

បើតាម​ការលើកឡើង​របស់​ឯកឧត្តម​ទេសរដ្ឋមន្រ្តី ឱ្យដឹងទៀតថា ក្រសួងបានចុះបញ្ជី​រថយន្តអគ្គិសនី​បានជាង ៧០០គ្រឿងហើយមកទល់ពេលនេះ ដែល​មានការកើនឡើង​យ៉ាងខ្លាំង ដោយសារ​តែការយល់ដឹងពីអត្ថប្រយោជន៍ដូចជា ការបន្ធូរបន្ថយពន្ធ និង​ការចំណាយ​តិចជាងរថយន្តសាំង​ជាដើម។

រដ្ឋមន្រ្តី​ក្រសួង​សាធារណការ ធ្លាប់​បាន​ពន្យល់​នាពេលកន្លងមក​អំពី​ការចំណាយ​លើការសាកភ្លើង​នេះថា  ជា​មធ្យម​គឺ ១៣០០រៀល​ក្នុង១គីឡូវ៉ាត់ ហើយ​បើបើក ១០០​គីឡូម៉ែត្រ ចំណាយតែ ៣ ទៅ ៤​ដុល្លារ​ប៉ុណ្ណោះ តែបើ​រថយន្ត​ប្រើសាំងគឺ​អស់ច្រើន​ជាងនេះ។ ឯកឧត្តម ស៊ុន ចាន់ថុល អះអាងថា ការប្រើប្រាស់​រថយន្តអគ្គិសនីនេះ គឺនឹង​មិនសូវខូចច្រើនទេ ដោយសារតែវាផ្អែកទៅលើអាគុយ ដែល​មានអាយុកាលពី ៥ ទៅ ៨ឆ្នាំ ហើយ​ក៏គ្រោងនឹង​រៀបចំ​កន្លែងបោះបង់​ចោល​អាគុយ ឬកែច្នៃឡើងវិញ ដើម្បី​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន៕

អត្ថបទ៖ សំភី

មតិយោបល់