• 2022-10-05 10:18:41
  • ចំណេះដឹង

ហេតុអ្វីបានជាការធ្វើវិនិច្ឆ័យកំហូចរថយន្តនៅមជ្ឈមណ្ឌលសេវាកម្មស្តង់ដារមានសារៈសំខាន់មុនពេលជួសជុលរថយន្ត?

  • 2022-10-05 10:18:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សព្វថ្ងៃនេះគឺជាពេលវេលានៃការវិវត្តន៍ និងការអភិវឌ្ឍនៃបច្ចេកវិទ្យាថ្មី។ ដូច្នេះហើយឧស្សាហកម្មយានយន្តត្រូវបានសិក្សាបន្ថែមជាច្រើន ហើយឥឡូវនេះពួកគេក៏បានប្រើប្រាស់ និងណែនាំនូវឧបករណ៍ថ្មីៗដែលមានបច្ចេកវិទ្យាទំនើបក្នុងការការជួសជុលរថយន្ត ដើម្បីធ្វើឱ្យមានភាពងាយស្រួលដល់អ្នកបច្ចេកទេសក្នុងការជួសជុល និងដោះស្រាយបញ្ហាជូនអតិថិជនផងដែរ។

ជាពិសេសការថែទាំរថយន្តឱ្យបានទៀងទាត់គឺពិតជាចាំបាច់ ដើម្បីធានាថារថយន្តនៅតែស្ថិតក្នុងស្ថានភាពល្អ និងដំណើរការរលូន ពីព្រោះម្ចាស់រថយន្តពិតជាមិនចង់មានបញ្ហាពាក់កណ្តាលផ្លូវនៃការបើកបរជាមួយនឹងរថយន្តនោះទេ។ ក្នុងករណីរថយន្តរបស់អ្នកចេញសញ្ញាព្រមាន (warning light) ឬមានកំហុសបច្ចេកទេសណាមួយ អ្នកបើកបរត្រូវតែត្រួតពិនិត្យវិភាគកំហូចមួយចំនួនមុនពេលជួសជុលរថយន្ត។

ដូច្នេះហើយការពិនិត្យវិនិច្ឆ័យកំហូចគឺមានសារៈសំខាន់ខ្លាំងណាស់មុនពេលសម្រេចចិត្តជួសជុលរថយន្តដែលអ្នកប្រើប្រាស់រថយន្តត្រូវដឹងពីមូលហេតុ និងកន្លែងដែលត្រូវទទួលការវិភាគកំហូច។ ៣ចំណុចខាងក្រោមនេះគឺជាចំណុចសំខាន់ថាតើមូលហេតុអ្វីបានជាត្រូវវិភាគកំហូចមុនជួសជុលរថយន្ត។

ហេតុអ្វីបានជាការវិភាគកំហូចរថយន្តមានសារៈសំខាន់?

នៅពេលដែលរថយន្តចេញសញ្ញា Check Engine ឬរថយន្តរបស់អ្នកដំណើរការមិនល្អត្រង់ចំណុចណាមួយ នោះការត្រួតពិនិត្យវិភាគកំហូចតាមរយៈម៉ាស៊ីនវិភាគកំហូចដោយស្វ័យប្រវត្តអាចជួយបង្ហាញផ្លូវដល់អ្នកជំនាញទៅកាន់បញ្ហារថយន្តរបស់អ្នក ឬចំណុចដែលត្រូវយកចិត្តទុកដាក់បំផុតក្នុងការជួសជុល។ ប្រសិនបើមិនត្រួតពិនិត្យរកកំហូចទេ អ្នកបច្ចេកទេសជួសជុលនឹងត្រូវចំណាយពេលជាច្រើនម៉ោងដើម្បីរកថាឃើញថាតើបញ្ហានោះជាអ្វី ហើយអ្នកចាំបាច់ត្រូវចំណាយថ្លៃខ្ពស់សម្រាប់កម្លាំងពលកម្មដល់អ្នកបច្ចេកទេសជួសជុលទៀតផង។

ខណៈពេលដែលមជ្ឈមណ្ឌលបំរើសេវាកម្មជុសជុលក្រោយការលក់ដែលមាននៅតាមក្រុមហ៊ុនទទួលសិទ្ធិផ្តាច់មុខក្នុងការចែកចាយ និងលក់រថយន្តថ្មីនៅកម្ពុជា ដូចជាក្រុមហ៊ុន Toyota, Ford, MG ដែលផ្តល់នូវការស្កេនរកកំហូចរថយន្តដោយឥតគិតថ្លៃលើការវិនិច្ឆ័យបញ្ហាផ្សេងរបស់រថយន្តអ្នក ដើម្បីជួយកំណត់បានថាចំនុចណាដែលត្រូវជួសជុលតាមរយៈការបង្ហាញលេខកូដពីម៉ាស៊ីនវិភាគកំហូចដោយស្វ័យប្រវត្ត ហើយមធ្យោបាយតែមួយគត់ដើម្បីកំណត់មូលហេតុនៃបញ្ហានោះបានគឺតាមរយៈការពិនិត្យវិភាគកំហូចនៅក្រុមហ៊ុនដែលទទួលបានសិទ្ធិផ្តាច់មុខក្នុងការនាំចូលនិងចែកចាយរថយន្តប៉ុណ្ណោះ។

តើការធ្វើវិភាគកំហូចរថយន្តអាចប្រាប់អ្នកពីអ្វីខ្លះ?

ការត្រួតពិនិត្យវិនិច្ឆ័យកំហូចជួយកំណត់បានពីមូលហេតុនៃបញ្ហាមេកានិចរបស់រថយន្ត ឬមូលហេតុដែលរថយន្តអ្នកចេញសញ្ញា Check Engine ក្នុងតាប់ឡូ។ សព្វថ្ងៃនេះ យានជំនិះថ្មីស្ទើរទាំងអស់ត្រូវបានរចនាឡើងជាមួយនឹងប្រព័ន្ធអេឡិចត្រូនិចនៃផ្នែកខាងក្នុងដែលដំណើរការឬកត់ត្រាពីប្រព័ន្ធនានាជាច្រើនដែលជាសមាសធាតុសំខាន់ៗទាំងអស់នៅក្នុងរថយន្ត ក៏ដូចជាការផ្តល់ដំណឹងពីប្រតិបត្តិការនៃយានយន្តអ្នកផងដែរ។

អ្នកបច្ចេកទេសដែលមានជំនាញគ្រាន់តែប្រើឧបករណ៍កុំព្យូទ័រ ភ្ជាប់ជាមួយរថយន្ត និងពិនិត្យមើលលេខកូដ ដើម្បីអានពីបញ្ហាដែលផ្តល់ដំណឹងតាមរយៈការចេញសញ្ញា check engine នោះពួកគេនឹងយល់ពីកន្លែងដែលរថយន្តកំពុងជួបបញ្ហាហើយងាយស្រួលក្នុងការជួសជុល និងត្រឹមត្រូវ។

ហេតុអ្វីបានជាអ្នកត្រូវធ្វើការវិភាគកំហូចលើរថយន្តរបស់អ្នក?

ហេតុផលមួយក្នុងចំណោមហេតុផលដែលមានប្រយោជន៍បំផុតសម្រាប់ការធ្វើការត្រួតពិនិត្យវិនិច្ឆ័យកំហូចរថយន្តមុនពេលជួសជុលនោះគឺ ពេលវេលា និងថវិការដែលអាចសន្សំបានទាំងម្ចាស់រថយន្ត និងអ្នកបច្ចេទេសងាយស្រួលជួសជុល។ មុនពេលចាប់ផ្តើមស្កេនជាមួយកុំព្យូទ័រដើម្បីត្រួតពិនិត្យ ម្ចាស់រថយន្តត្រូវពណ៌នាអំពីបញ្ហាដែលពួកគេជួបប្រទះ មុនពេលអ្នកបច្ចេកទេសចាប់ផ្តើមពិនិត្យ និងធ្វើការតេស្តត្រង់ចំណុចផ្សេងៗដើម្បីកំណត់បញ្ហាដែលត្រូវផ្លាស់ប្តូរគ្រឿងបន្លាស់ និងចេញតម្លៃគ្រឿងបន្លាស់មុនសម្រេចការជួសជុល។

តើអ្នកអាចវិភាគកំហូចរថយន្តបាននៅឯណា? ប្រព័ន្ធអេឡិចត្រូនិចរបស់រថយន្តសព្វថ្ងៃនេះត្រូវបានរចនាឡើងដើម្បីកំណត់អត្តសញ្ញាណបញ្ហាតូចមុនពេលវាឈានដល់បញ្ហាធំ។ ជាពិសេស រថយន្តថ្មីចាំបាច់ណាស់ត្រូវត្រួតពិនិត្យវិភាគកំហូចមុនពេលអ្នកជួសជុលរថយន្ត ដើម្បីសន្សំសំចៃទាំងថវិកា ពេលវេលា ប្រព័ន្ធសុវត្ថិភាព និងការថែទាំការធានារថយន្តរបស់អ្នក។

ការវិភាគកំហូចរថយន្តតាមស្តង់ដារអាចរកបាននៅមជ្ឈមណ្ឌល បំរើសេវាកម្មជុសជុលក្រោយការលក់ដែលមាននៅតាមក្រុមហ៊ុនទទួលសិទ្ធិផ្តាចមុខក្នុងការចែកចាយ និង លក់រថយន្តថ្មី ដូចជាក្រុមហ៊ុន Toyota, Ford និង MG ជាដើម ដែលជាកន្លែងដែលអ្នកបានទិញរថយន្តថ្មី ហើយអាចផ្តល់ឱ្យអ្នកនូវវិធីជួសជុលដ៏ត្រឹមត្រូវ ហើយពួកគេក៏ផ្តល់ជូនការស្កេនវិភាគកំហូចដោយឥតគិតថ្លៃ និងពិភាក្សាបញ្ហាបច្ចេកទេសតាមតម្រូវការរបស់អតិថិជនទៀតផង។

អ្នកបច្ចេកទេសរបស់ពួកគេក៏បានទទួលវិញ្ញាបនបត្របណ្តុះបណ្តាលពីអ្នកឯកទេសនៅរោងចក្រធំៗនឹងស្វែងរកបញ្ហាដែលរថយន្តរបស់អ្នកមានបញ្ហា និងបញ្ចប់ការជួសជុលបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស។

មតិយោបល់