• 2022-06-30 04:26:44
  • គន្លឹះ

សល់ទូរសព្ទហួសស៊េរីទុកចោល? ដឹងអត់ថាអ្នកអាចច្នៃជារបស់មានប្រយោជន៍ ចំណេញលុយលើគោក

  • 2022-06-30 04:26:44
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ទូរសព្ទវៃឆ្លាតស៊រីមុនៗមិនថា Andorid ឬ iPhone ដែលអ្នកកំពុងទុកចោលក្នុងថតតុនោះ គឺអាចឆ្នៃជារបស់ទាំងនេះបាន ដោយអាចចំនេញលុយបានច្រើន និងមានប្រយោជន៍។ អ្នកអាចឆ្នៃបានតាមវិធីងាយៗបង្កើតជារបស់ប្រើដូចខាងក្រោម៖

១. កាមេរ៉ាសុវត្ថិភាពក្នុងផ្ទះ

សម្រាប់អ្នកដែលឧស្សាហ៍ដើរចោលផ្ទះ ប្រហែលជាត្រូវចំណាយលុយតម្លើងឈុតកាមេរ៉ាសុវត្ថិភាព ប៉ុន្តែតាមពិតបើមិនចាំបាច់ខ្លាំងទេ អាចប្រើត្រឹមទូរសព្ទឆ្លាតចាស់ៗមកប្រើបាន។ វិធីប្រើគឺគ្រាន់តែភ្ជាប់ Wifi ឬ អ៊ីនធឺណិតផ្សេងៗ ដើម្បីទាញយកកម្មវិធី AtHomeCamera ជាការស្រេច។ ធ្វើបែបនេះ អ្នកអាចមើលមកផ្ទះបានគ្រប់ពេល ឲ្យតែមានអ៊ីនធឺណិត ល្អសម្រាប់អ្នកដែលមានសត្វចិញ្ចឹម និងបារម្ភពីផ្ទះជាដើម។ប៉ុន្តែគុណវិបត្តមួយរបស់ទូរសព្ទចាស់ៗគឺមានកម្លាំងថ្មខ្សោយ ដូច្នេះអ្នកត្រូវដោតភ្លើងជាប់។

២. កាមេរ៉ាសុវត្ថិភាពរថយន្ត

ក្រៅពីក្នុងផ្ទះ នៅលើឡានក៏ត្រូវមានកាមេរ៉ាសុវត្ថិភាពដែរ។ សព្វថ្ងៃកាមេរ៉ាសុវត្ថិភាពបំពាក់លើរថយន្តគឺមានតម្លៃជាមធ្យម ៥០ ទៅដល់រាប់រយដុល្លារ ប៉ុន្តែបើមានទូរសព្ទចាស់ៗ យើងអាចឆ្នៃដោយឥតគិតថ្លៃ។

អ្វីដែលអ្នកត្រូវការទិញបន្ថែមនោះគឺជើងចាប់ទូរសព្ទនឹងកញ្ចក់ឡាន និង ខ្សែសាកថ្មទូរសព្ទជាមួយឡានប៉ុណ្ណោះ។ ចំណែកក្នុងទូរសព្ទវិញ អ្នកអាចទាញយកកម្មវិធី Dashcam ដែលមានច្រើនជម្រើស និងឥតគិតថ្លៃ។

៣. ឧបករណ៍កម្សាន្តក្នុងរថយន្ត

ក្រៅពីអាចប្រើជាកាមេរ៉ាសុវត្ថិភាពរថយន្តហើយនោះ យើងក៏អាចបន្ថែមមុខងាររបស់វាទៅជាឧបករណ៍កម្សាន្តក្នុងរថយន្តផងដែរ។ ចំពោះរថយន្តឆ្នាំទាបៗ ប្រាកដជាត្រូវផ្លាស់ប្តូរម៉ាញ៉េដើម្បីអាចប្រើប្រាស់កម្មវិធីថ្មីៗដូចជា Youtube និងផែនទីជាដើម។ ទាំងនេះសុទ្ធតែជាមុខងារដែលទូរសព្ទស៊េរីចាស់ៗអាចប្រើបាន។

អ្វីដែលត្រូវការនោះគឺជើងចាប់ទូរសព្ទ ជាមួយនឹងខ្សែ AUX ដើម្បីបញ្ជូនសំឡេងចូលទៅក្នុងម៉ាញ៉េឡានរថយន្តជាការស្រេច។ ដោយឡែកបើអ្នកចង់ប្រើទូរសព្ទនេះជាមធ្យោបាយតាមដានសុខភាព និងព័ត៌មានរថយន្តទៀតនោះ អ្នកគ្រាន់តែរកទិញនូវឧបករណ៍ពិនិត្ររថយន្ត OBD II ជាការស្រេច នោះទូរសព្ទនឹងក្លាយជាអេក្រង់បង្ហាញព័ត៌មានរថយន្ត ដូចឡានទំនើប។ បើទូរសព្ទតូចពេក អ្នកក៏អាចប្រើប្រាស់ជា iPad និង Tablet ចាស់ៗបានដូចគ្នា។

៤. ប្រព័ន្ធចាប់ទីតាំងយានយន្ត (GPS Tracker)

លោកអ្នកប្រហែលជាត្រូវចំណាយលុយ និងពេលវេលាសម្រាប់ដំឡើងឈុត GPS សម្រាប់ងាយស្រួលស្វែងរយកយានយន្ត នៅពេលចាត់ឬចោរលួចជាដើម ប៉ុន្តែទូរសព្ទរបស់យើងក៏មាន GPS ដែរហេតុអ្វីមិនយកមកប្រើ?

ជាការពិតឧបករណ៍ចាប់ទីតាំងដែលដំឡើងដោយអ្នកជំនាញគឺល្អជាង ព្រោះគេមានកន្លែងលាក់ត្រឹមត្រូវ និងមិនងាយឲ្យចោរអាចរកឃើញប្រព័ន្ធភ្លើងដើម្បីផ្តាច់បាន យ៉ាងណាក៏ដោយបើអ្នកមិនចង់ចំណាយច្រើន អ្នកអាចប្រើទូរសព្ទចាស់ៗទាញយកកម្មវិធីតាមដានទីតាំងជាច្រើនដូចជា Google Find My Device ជាដើម។ ប៉ុន្តែវាក៏ដូចនឹងប្រព័ន្ធ GPS ឡានដែរគឺទាមទារមានអ៊ីនធឺណិតជាប់ ដែលតម្រូវឲ្យយើងដាក់ស៊ីមភ្ជាប់អ៊ីនធឺណិត។

បន្ទាប់ពីដំឡើងហើយអ្នកអាចស្វែងរកទីតាំងនៃទូរសព្ទក្នុងរថយន្តនោះបាន ដោយមើលពីទូរសព្ទដទៃដែលមានគណនី Google ដូចគ្នា។ អ្នកក៏អាចប្រើវិធីនេះដើម្បីតាមដានទីតាំង មនុស្សចាស់ សត្វចិញ្ចឹម កូនក្មេង ឬវត្ថុផ្សេងៗដូចជាកាតាបបានដូចគ្នា។

៥. នាឡិការោទ៍

បើទូរសព្ទអ្នកនៅមានរូបរាងស្អាត គ្រាន់តែទិញជើងចាប់ទូរសព្ទលើតុ អ្នកនឹងទទួលបាននាឡិកាឌីជីថលដែលអាចផ្លាស់ប្តូររូបតាមការចង់បាន ប៉ុន្តែបើស្ថានភាពទូរសព្ទមិនសូវស្អាត យើងក៏អាចប្រើជំនួសនាឡិការោទ៍ផងដែរ៕

អត្ថបទ៖ Thea Sothun

មតិយោបល់