- 2022-06-15 08:38:41
- ចំណេះដឹង
យល់ដឹងពីអង់តែនទូរសព្ទ ងាយស្រួលរត់រកសេវាពេលដាច់ម្តងៗ
- 2022-06-15 08:38:41
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
យល់ដឹងពីអង់តែនទូរសព្ទ ងាយស្រួលរត់រកសេវាពេលដាច់ម្តងៗ
ចន្លោះមិនឃើញ
ជាការពិត យើងដឹងថាទូរសព្ទត្រូវការសេវា ហើយអត់តែនជាអ្នកផ្តល់សេវាមកកាន់ទូរសព្ទរបស់យើង មិនថា 2G, 3G, 4G ឬ5G នោះទេ ប៉ុន្តែចុះអត់តែននេះបានសេវាមកពីណា? តើវាទទួលសេវាពីក្រុមហ៊ុនមកតាមខ្សែកាប ឬតាមរលកសញ្ញានានា? ហើយហេតុអ្វីពេលខ្លះមានល្បឿនយឺត?
បង្គោលអង់តែន ប្រៀបបានដូចជាដុំវាយហ្វាយដែរ ប៉ុន្តែមានទំហំធំជាង ហើយផ្សាយចេញក្នុងកម្លាំងខ្លាំងជាង។ ជាទូទៅអត់តែនត្រូវបានសាងសងឡើងនៅតាមតំបន់នានា មានដូចជានៅលើដីឡូត៍ លើដំបូលផ្ទះ និងមានខ្លះទៀតបង្កប់ខ្លួននៅក្នុងទម្រង់បំភ័ណ្ឌភ្នែកជាដើមឈើជាដើម។
ដើម្បីភ្ជាប់គ្នាពីអង់តែនមួយទៅមួយ និងភ្ជាប់ទៅកាន់ទីស្នាក់ការធំរបស់ក្រុមហ៊ុននីមួយៗ គេប្រើប្រាស់ខ្សែកាប ដែលបង្កប់នៅក្នុងដីជាដើម។
ប៉ុន្តែមានករណីខ្លះ គេមិនចាំបាច់ប្រើខ្សែនោះទេ ដោយគេនឹងប្រើអត់តែនពិសេសមួយឈ្មោះថា Microwave ដែលលោកអ្នកប្រហែលជានឹងបានឃើញនៅពេលដែលជិះកាត់អត់តែនម្តងៗ នូវធុង ឬប្រអប់មូលមួយដែលមានរាងដូចជាស្គរ។ អង់តែន Microwave មានតួនាទីភ្ជាប់គ្នារវាងអត់តែនមួយ ទៅមួយ ជាពិសេសនោះគឺទុកសម្រាប់ការពារ ពេលដែលខ្សែកាបក្រោមដីត្រូវបានកាត់ផ្តាច់ជាដើម។
ប្រអប់មូលៗនោះ សម្រាប់ភ្ជាប់អង់តែនគ្នាវា ចុះធ្វើម៉េចទើបទូរសព្ទទទួលបានរលកសញ្ញានេះដែរ? ពិតណាស់គឺគេត្រូវការអត់តែនមួយប្រភេទទៀត ដែលមានរូបរាងទ្រវែង ៤ជ្រុង ហើយវាគឺជាអ្នកដែលផ្តល់សញ្ញាមកកាន់ទូរសព្ទ។
ដោសារតែអង់តែនប្រភេទនេះអាចបញ្ចេញសេវាបានតែ ១២០ដឺក្រេ ដូច្នេះហើយនៅលើបង្គោលនីមួយៗ មានបំពាក់ដោយអត់តែនប្រភេទនេះជាច្រើននៅជុំវិញបង្គោល ដើម្បីធានាបានថាសេវាត្រូវបានសាយភាយគ្រប់ ៣៦០ដឺក្រេ។
អង់តែនខ្លះមិនមែនត្រឹមតែដាក់ជុំវិញបង្គោលនោះទេ គឺមានច្រើនជាន់ទៀតផង នេះមិនមែនសម្រាប់បង្កើនកម្លាំងផ្សាយនោះទេ ប៉ុន្តែគឺជាអង់តែនរបស់ក្រុមហ៊ុនសេវាដទៃ។ គេធ្វើបែបនេះដើម្បីបន្ថយតម្លៃនៃការសាងសង់។
ចូលដល់អង់តែនច្រើនជាន់នេះ ប្រហែលជាប្រិយមិត្តគិតថា បើក្រុមហ៊ុនណាដាក់នៅខ្ពស់ជាងគេ ទទួលបានសេវាខ្លាំងជាងគេមែនអត់? តាមពិតក្រុមហ៊ុនដែលមានអង់តែននៅទាបជាងគេ លើបង្គោលទើបផ្សាយសេវាបានខ្លាំងជាង។
ចម្ងាយដែលរលកសញ្ញាអាចផ្សាយចេញបានគឺជិតៗ ដូច្នេះអ្នកណានៅជិតដីអ្នកនោះមានអ៊ីនធឺណិតលឿនជាងគេ ហើយវាក៏អាស្រ័យទៅតាមប្រភេទសេវា ដោយ 2G/3G អាចបញ្ជូនបានឆ្ងាយរហូតដល់ទៅ ៧០ ដល់ ១៥០គីឡូមែត្រ 4G អាចបញ្ជូនបាន ៦០គីឡូមែត្រ និង 5G បានជិតជាងគេត្រឹម ១០គីឡូម៉ែត្រប៉ុណ្ណោះ។
ចំពោះចម្ថាយខាងលើនេះគឺសម្រាប់តែមជ្ឈដ្ឋានដែលគ្មានរនាំងបាំងប៉ុណ្ណោះ។ ឧទាហរណ៍ថាផ្ទះយើងមានសេវាសុខៗ ស្រាប់តែមានឡានមួយគ្រឿងឈប់បាំងចំកន្លែងរលកសញ្ញា នោះទូរសព្ទរបស់យើងនឹងថយសេវាភ្លាមៗ ក៏ដូចគ្នាក្នុងបុរី ដែលស្រាប់តែដាច់សេវានៅពេលដែលមានផ្ទះថ្មណាមួយសង់បាំងអង់តែន។
ហើយខាងលើនេះជាមួលហេតុដែលភាគច្រើនយើងដាច់សេវាអ៊ិនធឺណិត 4G ប៉ុន្តែបែជានៅសល់សេវា 2G សម្រាប់ទាក់ទងគ្នាតាមលេខទូរសព្ទបាន។ ចំពោះប្រទេសយើង 2G អាចមានសេវាគ្រប់កន្លែងដោយសារវាបញ្ជូនសញ្ញាបានឆ្ងាយ មិនចាំបាច់ប្រើអង់តែនច្រើន ប៉ុន្តែ 4G នៅមិនទាន់មានគ្រប់នោះទេ រឹតតែមិនទាន់និយាយដល់ 5G ដែលគេតម្រូវឲ្យដាក់អង់តែនជិតៗគ្នាបំផុតដើម្បីមានសេវាប្រើប្រាស់៕