• 2022-06-13 08:55:22
  • ចំណេះដឹង

ឆ្នាំ២០៣០ យុគរបស់ iPhone នឹងបញ្ចប់ ជំនួសដោយបច្ចេកវិទ្យាថ្មីដាច់ដោយឡែកមួយនេះ

  • 2022-06-13 08:55:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចេកវិទ្យាស្មាតហ្វូនកំពុងមានការវិវត្តន៍លឿនរហ័ស បច្ចុប្បន្ននេះមនុស្សកំពុងពេញនិយមប្រើស្មាតហ្វូន ប៉ុន្ដែថ្ងៃមុខ របស់មួយនេះមិនប្រាកដថានៅពេញនិយមទៀតនោះទេ។ មនុស្សអាចនឹងលែងប្រើវា ហើយចាប់ផ្ដើមទទួលយករបស់ថ្មីជំនួសវិញ។ តើវាអាចទៅរួចឬទេ ថាអនាគតស្មាតហ្វូននឹងត្រូវលែងមានអ្នកប្រើ?

ត្រលប់ក្រោយបន្តិច នាដើម​សតវត្ស​ទី១៩ មនុស្សចាប់ផ្ដើមប្រើទូរសារដើម្បីទំនាក់ទំនងគ្នា ក្រោយមក នៅដើម​សតវត្ស​ទី២០ មនុស្សលែងប្រើទូរសារ ងាកមកចាប់ទូរសព្ទលើតុវិញម្ដង។ ប៉ុន្ដែមិនយូរប៉ុន្មាន ត្រឹម​សតវត្ស​ទី២១ ឆ្នាំ២០០៨ ទូរសព្ទដៃក៏ចូលមកជំនួសឱ្យទូរសព្ទលើតុទាំងនោះ។ ម្ល៉ោះហើយចង់ឬមិនចង់ ស្មាតហ្វូនដែលកំពុងពេញនិយម អាចនឹងត្រូវជំនួសដោយឧបករណ៍ខាងក្រោមនេះវិញម្ដង។

បច្ចេកវិទ្យា AR នឹងជំនួសឱ្យស្មាតហ្វូននាពេលអនាគត

អ្វីទៅជា AR?

AR ជាពាក្យកាត់នៃពាក្យពេញ Augmented Reality គឺជាបច្ចេកវិទ្យាប្រើបច្ចេកទេសច្នៃរូបភាពត្រួតលើគ្នាទៅបន្ថែមលើទិដ្ឋភាពពិតជាក់ស្ដែង។ ឧទាហរណ៍ដូចជាមុខងារ AR លើហ្គេម Pokémon Go គឺអ្នកអាចឃើញសត្វ Pokémon ជារូបប្រឌិតដាក់ឱ្យត្រួតស៊ីគ្នាលើទិដ្ឋភាពពិតៗដែលកាមេរ៉ាទូរសព្ទបានចាប់យក។

AR គឺមានលក្ខណៈស្រដៀងនឹង VR (Virtual Reality) ដែលបង្ហាញទិដ្ឋភាពដល់អ្នកទស្សនាដូចគ្នា ខុសត្រង់ថា VR គឺប្រើរូបភាពបែបប្រឌិតបង្កើតឡើងដោយកម្មវិធីកុំព្យូទ័រតែប៉ុណ្ណោះ។

អ៊ីចឹងហេតុអ្វីក៏ AR អាចជំនួសឱ្យស្មាតហ្វូនបាននាពេលអនាគត?

យោងទៅតាម Apple ពួកគេមានការរំពឹងទុកខ្ពស់ថា នៅឆ្នាំ២០៣០ មនុស្សអាចនឹងលែងប្រើស្មាតហ្វូន ហើយនឹងងាកមកចាប់យក វ៉ែនតា AR ជំនួសវិញម្ដង។ ក្រុមហ៊ុននេះដែរក៏មានគម្រោងនឹងបញ្ចេញវ៉ែនតា AR នៅឆ្នាំ ២០២៣ ផងដែរ ជាមួយនឹងមុខងារសម្រាប់លេងហ្គេម ទស្សនាវីដេអូ និងការទំនាក់ទំនងជាដើម។

បច្ចេកវិទ្យា AR ពិតជាអាចជំនួសឱ្យស្មាតហ្វូនបាន ត្បិតអីបច្ចេកវិទ្យាអនាគតគេរំពឹងទុកថា វ៉ែនតា AR អាចនឹងវិវត្តន៍ដល់កម្រិត អាចឱ្យអ្នកប្រើប្រាស់មើលឃើញសារដំណឹងផ្សេងៗ ផ្ញើសារ អានអ៊ីមែល ឆែកគេហទំព័រ មើលតម្លៃភាគហ៊ុនប្រចាំថ្ងៃ និងអានព័ត៌មានបានជាដើម ដោយ​បញ្ជា​តាមសំឡេង ឬប្រើកាយវិការតាមដៃ។ ចំពោះបច្ចេកទេសមើលទិន្នន័យទាំងនោះ វានឹងលោតបង្ហាញមកលើកញ្ចក់វ៉ែនតាតែម្ដង ដោយប្រើបច្ចេកវិទ្យា heads-up display (HUD) ដូចឃើញមានលើឡានទំនើបៗបច្ចុប្បន្ន។

ដូច្នេះ បើសិនជាមនុស្សយើងត្រឹមតែពាក់វ៉ែនតា អាចប្រើមុខងារជាច្រើនដែរស្មាតហ្វូនមានទៅហើយនោះ តើយើងនៅកាន់ស្មាតហ្វូនធ្វើអ្វីទៀត?

ច្បាស់ណាស់​សមិទ្ធផល​ វ៉ែនតា AR ពេលចេញដំបូង វាអាចនឹងមិនទាន់ជំនួសឱ្យមុខងារស្មាតហ្វូនជាច្រើនក៏ពិតមែន ប៉ុន្ដែអនាគត ការវិវត្តន៍លឿនរហ័សនៃបច្ចេកវិទ្យាគ្មានអ្នកណាអាចស្មានទុកដឹងនោះទេ AR អាចនឹងមានមុខងារដ៏ច្រើនលើសលុបក៏ថាបាន។

វាហាក់ដូចជាបច្ចេកវិទ្យាចេញដំបូង PDAs ជាស្មាតហ្វូនប្រើប៊ិច និងឧបករណ៍ឌីជីថលប្រើប៊ិច Apple Newton បើទោះបីជាពួកគេផលិតមកត្រូវយ៉ាងណា ទីផ្សារហាក់មិនទទួលការគាំទ្រច្រើននោះទេ រហូត Apple ច្នៃវាបន្ដឱ្យក្លាយជា iPhone ទើបមានការគាំទ្រច្រើន និងទទួលបានជោគជ័យធំ។

ប៉ុន្ដែមហិច្ឆតាបង្កើតវ៉ែនតា AR ដើម្បីជំនួសអនាគតស្មាតហ្វូន មិនមែនមានតែ Appleមួយនោះទេដែលធ្លាប់គិតស្រមៃដល់ ក្រុមហ៊ុនជាច្រើនទៀតក៏ខំប្រឹងបង្កើតវាឡើងផងដែរ គ្រាន់តែលទ្ធផលមិនទាន់បំផ្ទុះទីផ្សារបាននៅឡើយ ដូចជា៖

  • ឆ្នាំ២០១៤ Google បញ្ចេញវ៉ែនតា AR Google Glass Explorers និងបញ្ចេញ Google Glass Enterprise នៅឆ្នាំ២០១៧ រួមទាំង Google Glass Enterprise 2 នៅ ឆ្នាំ២០១៩

  • ឆ្នាំ២០១៨ Magic Leap បញ្ចេញវ៉ែនតា AR Magic Leap One

  • ឆ្នាំ២០១៦ Microsoft បញ្ចេញវ៉ែនតា AR HoloLens និងបញ្ចេញ HoloLens 2 នៅឆ្នាំ២០១៩

ចំណែកឯក្រុមហ៊ុនមួយចំនួនទៀតដូចជា Epson, Toshiba និង Vuzix ក៏ធ្លាប់ជាចំណែកបានផលិត វ៉ែនតា AR ផងដែរ។

ដូចនេះមិនយូរនោះទេត្រឹមរយៈពេល១០ឆ្នាំ យើងនឹងរង់ចាំមើលទាំងអស់គ្នា ថាតើស្មាតហ្វូនពិតជាអស់អាយុមែនឬយ៉ាងណា បើតាមការអះអាងដ៏ក្លាហានរបស់ Apple។ ប៉ុន្ដែទោះយ៉ាងណាក៏ដោយ យោងតាមអត្ថប្រយោជន៍របស់វា ពិតណាស់ វ៉ែនតា AR នឹងក្លាយជាចំណែកមួយយ៉ាងសំខាន់ក្នុងបច្ចេកវិទ្យា និងជារបត់ថ្មីមួយទៀតជំនួសឱ្យការកាន់ស្មាតហ្វូនមានរយៈពេលយូរ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ កុសល

មតិយោបល់