- 2022-05-30 03:54:11
- ចំណេះដឹង
Pruis 2010 Vs CT 200h ម៉ាស៊ីនដូចគ្នា តម្លៃលើសគ្នាតិចតួច! គួរជិះ Toyota ឬថែមលុយយក Lexus? នេះជាចម្លើយ
- 2022-05-30 03:54:11
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
Pruis 2010 Vs CT 200h ម៉ាស៊ីនដូចគ្នា តម្លៃលើសគ្នាតិចតួច! គួរជិះ Toyota ឬថែមលុយយក Lexus? នេះជាចម្លើយ
ចន្លោះមិនឃើញ
មើលទៅលើទីផ្សាររថយន្ត Hybrid ដែលមានតម្លៃខ្ទង់ពីរម៉ឺនដុល្លារ ហើយបានឆ្នាំផលិតខ្ពស់នោះ គេឃើញមានតែពីរម៉ូឌែលប៉ុណ្ណោះគឺ Prius ឆ្នាំ ២០១០ និង CT 200h ២០១១ ជាបងប្អូនជីដូនមួយគ្នា ។ ហើយទោះបីវាមានជម្រើសតែ ២ នេះមែន ប៉ុន្តែវានៅតែផ្តល់ការលំបាកក្នុងការជ្រើសរើសពីអ្នកជិះ ព្រោះរថយន្តទាំងពីរនេះមានលក្ខណៈដូចគ្នាច្រើន។ ក្នុងអត្ថបទនេះ Sabay នឹងលើកយកមូលហេតុធំៗដែលជួយអ្នកក្នុងការសម្រេចចិត្ត។
តោះទៅតាមដានទាំងអស់គ្នា៖
១. ការរចនា
ចំណុចនេះសំខាន់ និងត្រូវគិតគូមុនគេ ព្រោះទោះបីលក្ខណៈផ្សេងៗល្អក៏ដោយ បើមិនចូលចិត្តរូបរាងទេ យើងក៏មិនគួរបង្ខំចិត្តជិះតាមគេដែរ។ រថយន្តទាំងពីរនេះជាប្រភេទ Hatchback ដូចគ្នា ប៉ុន្តែ Pruis ហាក់មានគូទបានជាង CT200h។
ចំពោះការស្រលាញ់ពេញចិត្តគឺទៅតាមចំណូលចិត្តម្នាក់ៗ។ ចំណែកផ្នែកខាងក្នុង វាខុសគ្នាសឹងទាំងស្រុង ដោយ CT 200h មានសភាពប្រណិតជាង ព្រោះវាជាប្រេន Lexus ប៉ុន្តែចំពោះអេក្រង់កណ្តាល Pruis ហាក់ទំនើបជាងបន្តិច។ កៅអីខាងមុខតៃកុងឡាន មានប៊ូតុងសេរេកម្ពស់ ខ្នងក្រោយ កម្ពស់បានតាមចិត្ត ខុសពី Pruis ដែលមាន Option ខ្លះនៅមិនទាន់ប្រើប៊ូតុងភ្លើងនៅឡើយផង។
២. ទំហំ
ប្រាកដណាស់ មុនទិញរថយន្ត ទំហំក៏ជាចំណុចដែលគួរចាប់អារម្មណ៍មួយដែរ ទោះបីជារថយន្តទាំងពីរនេះជាខ្នាតតូចដូចគ្នាក៏ដោយក្តី។ ចំពោះរូបរាងខាងក្រៅ យើងឃើញថា Pruis 2010 ហាក់មានទំហំធំជាង CT 200h បន្តិច ហើយជាក់ស្តែង Pruis ពិតជាធំជាងមែន ដោយកំពស់ ទំហំកាប៊ីន កន្លែងដាក់ជើង និងកន្លែងដាក់អីវ៉ាន់ជាដើម។ ត្រង់ចំណុចនេះ Pruis ទទួលបានពិន្ទុច្រើនជាង។
៣. ម៉ាស៊ីន
បើមើលតាមប្រកាស គេសរសេរថាវាទាំងពីរប្រើម៉ាស៊ីន តែមួយអាគុយតែមួយ គឺម៉ាស៊ីន Hybrid 1.8L ប៉ុន្តែជាក់ស្តែងម៉ាស៊ីននៅលើ CT200h អាចផលិតកម្លាំងសរុបបាន ១៣៤សេះ រីឯ Pruis ឆ្នាំ ២០១០ អាចផលិតបានតែ ១២១សេះ ប៉ុណ្ណោះ។ ចំពោះអ្នកដែលចង់បានម៉ាស៊ីនខ្លាំង Lexus គឺជាជម្រើសដ៏ល្អ ប៉ុន្តែកម្រិតស៊ីសាំងរបស់វាក៏អាចនឹងខុសគ្នាទៅតាមនោះផងដែរ។
៤. បច្ចេកវិទ្យាបន្ថែម
ចំណុចលេចធ្លោរបស់ Pruis 2010 គឺវាមានជម្រើស Option ច្រើន ដែលគេស្គាល់ថា Option 1, 2, 3, 4 និង៥។ ដូច្នេះមានន័យថា Pruis អាចតម្រូវតាមថវិការបស់អ្នកប្រើប្រាស់ជាង ឧទាហរណ៍ថាអ្នកមានថវិកាស្តើង អ្នកអាចរកប្រភេទ Option ទាប ហើយបើមានប្រាក់ច្រើនអ្នកអាចរកប្រភេទ Option ខ្ពស់ៗ។
ដោយឡែកចំពោះមុខងារបន្ថែមផ្សេងៗ Pruis ក៏មានច្រើនដែរដូចជាដំបូលសូឡា និងមុខងារ Plugin Hybrid ដែលអាចឲ្យយើងសាកភ្លើងពីផ្ទះ ហើយបើកបរប្រើអគ្គសនីសុទ្ធបានប្រហែល ៣០ ទៅ៤០គីឡូម៉ែត្រ។ សូមបញ្ជាក់ថាចំពោះមុខងារទាំងនេះគឺមិនមាននៅលើ CT200h នោះទេ។
៥. ជើងក្រោម
ចំពោះការបើកបរជាក់ស្តែង Lexus គឺប្រាកដជាមានផាសុខភាពជាង Toyota ជាក់ជាមិនខាន។ ជាការពិតជើងក្រោមរបស់រថយន្តទាំងពីរនេះមានលក្ខណៈខុសគ្នាគ្រាន់បើ ដោយ CT200h ប្រើប្រាស់ជើងក្រោមស្លាបប្រជៀវទាំង៤កង់ ខុសពី Pruis ដែលប្រើស្លាបប្រជៀវតែលើកង់មុខប៉ុណ្ណោះ។
ប៉ុន្តែវាក៏មានចំណុចល្អនិងមិនល្អរបស់វាដែរ ដោយជើងក្រោមស្លាបប្រជៀវមានលក្ខណៈទន់ជាងជិះស្រូល ប៉ុន្តែមិនអាចដឹកមនុស្សច្រើន អីវ៉ាន់ធ្ងន់បានឡើយ ផ្ទុយទៅវិញ Pruis ទោះបីជិះរលាក់បន្តិច ប៉ុន្តែអាចដឹកបានច្រើនជាង។
សរុបមកវិញ ចំពោះអ្នកដែលមានថវិកាគ្រប់គ្រាន់ Lexus គឺជាជម្រើសដ៏ល្អ ទាំងប្រណិត ហាប់ណែន និងមានកម្លាំងម៉ាស៊ីនខ្លាំង ប៉ុន្តែសំរាប់អ្នកដែលចង់បានទំហំធំទូលាយ ការសន្សំសំចៃ មាន option ដំបូលសូឡា និងមានបច្ចេកវិទ្យាសាកថ្មនោះ Pruis គឺជាជម្រើសដ៏ល្អ ហើយម៉្យាងទៀតវាក៏មានតម្លៃធូរថ្លៃជាងផងដែរ៕