- 2022-05-06 04:32:34
- គន្លឹះ
ជម្រើសកាមេរ៉ាថតព្រិលក្រោយ សម្រាប់ដំណើរកំសាន្ត និង Live ល្អបំផុត តម្លៃចាប់ពីជាង ១រយដុល្លារនៅខ្មែរ
- 2022-05-06 04:32:34
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ជម្រើសកាមេរ៉ាថតព្រិលក្រោយ សម្រាប់ដំណើរកំសាន្ត និង Live ល្អបំផុត តម្លៃចាប់ពីជាង ១រយដុល្លារនៅខ្មែរ
ចន្លោះមិនឃើញ
ដំណើរកំសាន្ត បើមិនមានរូបថតដូចជាមិនគប្បីនឹងខ្លួនឯងសោះ។ សព្វថ្ងៃទូរសព្ទមានសមត្ថភាពថតរូបបានស្អាតមិនអន់ទេ អាចប្រើបានសម្រាប់ផ្តិតយកអនុស្សាវរីយដ៏ល្អរបស់អ្នកទុកមើលថ្ងៃក្រោយ។ ប៉ុន្តែចំណុចដែលទូរសព្ទមិនអាចធ្វើបានដូចកាមេរ៉ានោះគឺប្រភេទរូបថតព្រាលផ្ទៃខាងក្រោយ ព្រោះជាក់ស្តែងមុខងារថតព្រិលផ្ទៃក្រោយក្នុងទូរសព្ទគ្រាន់តែជាបែបព្រិលសិប្បនិម្មិត ផលិតឡើងមកដោយ Software មានសភាពឆ្គងៗ កាត់សក់មិនដាច់ និងភាពព្រាលមិនមានភាពប្រដេញគ្នាល្អ ប្រៀបដូចជារូបកាត់តអញ្ចឹងដែរ។ មូលហេតុនេះហើយ បានជានៅតែមានអ្នកជ្រើសរើសចំណាយលុយទិញកាមេរ៉ា។
ចំពោះកាមេរ៉ា មិនមែនចេះតែទិញ ដោយសារឃើញតម្លៃធូរថ្លៃនោះទេ អ្នកត្រូវដឹងថា តើតម្រូវការរបស់យើងជាអ្វី ហើយមានខ្ទង់ចំណាយប៉ុន្មាន ដើម្បីបានកាមេរ៉ាមួយដែលត្រូវចិត្ត និងអាចប្រើប្រាស់បានយូរ។ អញ្ចឹងក្នុងអត្ថបទនេះ យើងស្រមៃថា យើងកំពុងតែត្រូវការកាមេរ៉ាមួយដែលអាចថតផ្ទៃខាងក្រោយព្រិលបាន និងមានលុយសម្រាប់ចំណាយពី ជាង១០០ដុល្លារ រហូតដល់ ៩០០ដុល្លារ។
អញ្ចឹងយើងមកមើលទាំងអស់គ្នា ថាតើកាមេរ៉ាមួយណាដែលល្អបំផុតសម្រាប់ទឹកលុយនីមួយៗ ដូចខាងក្រោម៖
១. Canon EOS M10
Canon EOS M10 តាមពិតទៅវាមានអាយុច្រើនណាស់ហើយ ពោលគឺចេញតាំងពីចុងឆ្នាំ ២០១៥មកម្លេះ! ប៉ុន្តែកាមេរ៉ាមិនមែនចេះតែឡើងស៊េរីដូច ទូរសព្ទនោះទេ ដោយមួយៗប្រើបានរាប់ឆ្នាំឯណោះ។ ជាក់ស្តែងម៉ូឌែល M10 នេះនៅតែមានសមត្ថភាពអាចថតរូបបានស្អាត ព្រិលផ្ទៃក្រោយដោយគ្រាន់តែប្រើប្រាស់កែវលេន 50mm មានតម្លៃត្រឹម១០០ដុល្លាបន្ថែម។ Canon EOS M10 មានរូបរាងតូចស្រួលយកតាមខ្លួន ទម្ងន់ត្រឹម ៣០១ក្រាម ហើយទោះបីវាមានរូបរាងតូចមែន តែវាជាប្រភេទកាមេរ៉ាអាចប្តូរលេនបាន អញ្ចឹងសមត្ថភាពរបស់វាគឺអាស្រ័យទៅលើលេនរបស់វា។
ចំពោះផ្នែកខាងក្នុង វាបំពាក់ដោយសេនស័រ 18MP APS-C អាចថតបានទាំងរូបសន្លឹក និងវីដេអូ ហើយជាពិសេសនោះវាថែមទាំងមានមុខងារ Wifi អាចយករូបភាពចេញពីកាមេរ៉ាបានភ្លាមៗ ទុកផុស Facebook ទាន់នៅក្តៅៗ។ ដោយសារវាមានអាយុច្រើន អញ្ចឹងអ្នកប្រហែលជាមិនអាចរកទិញម៉ាស៊ីនថ្មីបានទេ ដោយមានតែម៉ាស៊ីនមួយទឹកតម្លៃខ្ទង់ ១៥០ ដល់ ២០០ដុល្លារ។
២. Canon EOS M50
ប្រសិនបើអ្នកគិតថាកាមេរ៉ាខាងលើមានអាយុច្រើនពេក អ្នកអាចពិចារណាលើម៉ូឌែល EOS M50 នេះបាន។ Canon EOS M50 ចេញលក់ដំបូងក្នុងឆ្នាំ ២០១៨ ជាការបន្ថែមដ៏ច្រើនពីលើ EOS M10 ទាំងរូបរាងបែបអាជីព មានបំពាក់ដោយ Viewfinder (កន្លែងឆ្លុះភ្នែក) និងអាចថតវីដេអូដល់ 4K។ ត្រង់ចំណុចវីដេអូនេះ វានៅមានសមត្ថភាពពិសេសមួយទៀតសម្រាប់អ្នកលក់ Online ដែលឧស្សាហ៍ Live ដោយវាមានមុខងារ Clean HDMI សម្រាប់បញ្ចេញរូបចូល កុំព្យូទ័រដើម្បី Live បានថែមទៀតផង។ ចំពោះមុខងារខាងក្នុង វាបំពាក់ដោយសេនស័រទំហំ 24MP APS-C។ Canon EOS M50 ដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃខ្ទង់ ជាង ៥០០ដុល្លារ។
៣. Fujifilm X-A7
Fujifilm X-A7 មិនមែនគ្រាន់តែដើរតួរជាកាមេរ៉ានោះទេ វាក៏ដើរតួរជាឧបករណ៍លម្អរខ្លួនដែរ ព្រោះវាមានរូបរាងស្អាតបែប Classic ទោះបីជាមិនចេះប្រើសម្រាប់ថត ក៏អាចទុកតាំងបានដែរ។ កាមេរ៉ាមួយនេះមានលក្ខណៈពិសេសមួយគឺពណ៌រូបថតដែលថតចេញពីម៉ាស៊ីននេះ ត្រូវបានចាក់ពណ៌សាច់ឲ្យមានសភាពភ្លឺថ្លាតែម្តង ដោយមិនចាំបាច់យកមកកែបន្ថែមឡើយ។ លក្ខណៈពិសេសផ្សេងទៀតរបស់វាគឺមានសេនស័រទំហំ 24MP APS-C អាចថតរូប និងវីដេអូកម្រិត 4K ហើយវាក៏អាច ប្រើសម្រាប់ Live បានដូចកាមេរ៉ាខាងលើដែរ។ Fujifilm X-A7 ដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃខ្ទង់ ៤០០ដុល្លារ។
៤. Sony A6100
និយាយពីរឿងកាមេរ៉ា គេមិនអាចមិននឹកដល់ SONY នោះទេ។ Sony A6100 ជាប្រភេទកាមេរ៉ាខ្នាតមធ្យមរបស់ Sony សម្រាប់ប្រើក្នុងដំណើរកម្សាន្ត និងទូទៅ ចេញលក់កាលពីចុងឆ្នាំ ២០១៩ កន្លងទៅ។ លក្ខណៈពិសេសរបស់វាគឺមានអេក្រង់អាចបត់បានសម្រាប់ថតរូប Selfie មានសេនស័រ 24MP APS-C អាចថតរូបបានច្បាស់ Autofocus លឿន ចំណែកឯវីដេអូវិញអាចថតបាន 4K និងអាចថតវីដេអូយឺតៗកម្រិត 120fps បានទៀតផង។ Sony A6100 ដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃខ្ទង់ ៥០០ដុល្លារ។
៥. Sony A6400
Sony A6400 ជាការបន្ថែមពីលើ Sony A6100 ខាងលើ ប្រសិនបើអ្នកមានលុយចំណាយច្រើន គួរជ្រើសរើសយកម៉ូឌែលមួយនេះវិញ។ លក្ខណៈពិសេសដែលលើសពីម៉ូឌែលខាងលើគឺវាមានល្បឿន Autofocus លឿនជាងទ្វេដង មុខងារ Autofocus ក៏អាចរត់តាម Object ដែលយើងថត ល្អសម្រាប់អ្នកដែលមានកូនតូចរពិសខ្លាំង និងថតសត្វចិញ្ចឹមជាទីស្រឡាញ់ជាដើម ធានាបាននូវរូបភាពច្បាស់។ លើសពីនេះវាក៏មានអាវក្រោះការពារអាកាសធាតុ មានន័យថាយើងអាចប្រើវាកាត់ភ្លៀងរលឹម និងពេលចុះអ័ព្ទបាន។ ចំណុចមួយទៀតដែលវាលើសគ្នានោះគឺអេក្រង់ និង Viewfinder បង្ហាញរូបភាពបានច្បាស់ជាង។ Sony A6400 ដាក់លក់ក្នុងស្រុកយើងក្នុងតម្លៃខ្ទង់ ៨០០ដុល្លារ។
គួរបញ្ជាក់ផងដែរថា ដើម្បីថតរូបព្រិលខាងក្រោយបានគេត្រូវការ Lens ដែលមានទំហំបើកពន្លឺ F ធំ ដូចជាប្រភេទកែវលេន 50mm F1.8 ជាដើម (លេខ F កាន់តែតិច កម្រិតព្រាលកាន់តែខ្លាំង) ដែលជាមូលហេតុក្នុងអត្ថបទនេះលើកយកតែពពួលកាមេរ៉ាដែលអាចប្តូរលេនមកបង្ហាញ។
ហើយកាមេរ៉ាទាំងអស់ខាងលើនេះ គឺសុទ្ធតែជាការជ្រើសរើសរួចសម្រាប់កញ្ចប់ទឹកលុយនីមួយៗ អញ្ចឹងអ្នកអាចជ្រើសរើសបានយ៉ាងងាយស្រួលផ្តោតទៅតាមតម្លៃខ្លួនរបស់វានីមួយៗ។ ហើយសម្រាប់អ្នកដែលលក់អនឡាញ យើងឲ្យយោបល់ជ្រើសរើសកាមេរ៉ាចាប់ពីលេខរៀងទី២ឡើងទៅ ព្រោះវាមានមុខងារអាច Live ដូច្នេះអ្នកអាចរកលុយចេញពីវាបាន៕