• 2022-04-20 03:36:07
  • ចំណេះដឹង

Andorid TV និង Smart TV ខុសគ្នាបែបណា ហើយគួររើសមួយណា? នេះជាអ្វីដែលអ្នកគួរដឹង

  • 2022-04-20 03:36:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

និយាយពីការទិញទូរទស្សន៍ដាក់ក្នុងផ្ទះ ហាក់នៅមានការលំបាកក្នុងការសម្រេចចិត្ត ព្រោះមានម៉ាកសញ្ញាច្រើនកំពុងដាក់លក់លើទីផ្សារ។ ទោះបីជារើសបានម៉ាកដែលស្រឡាញ់ហើយនោះ អ្នកត្រូវខ្វល់ខ្វាយរឿងប្រព័ន្ធប្រតិ្តបត្តិការរបស់វាទៀត ដោយមិនដឹងថាត្រូវរើសមួយណា រវាង Smart TV និង Android TV។

តាមពិតទូរទស្សន៍ទាំងពីរនេះមានភាពស្រដៀងគ្នាច្រើន អ្នកអាចហៅ Andorid TV ថាជា Smart TV បានដូចគ្នា។ អញ្ចឹងដើម្បីបកស្រាយបានច្បាស់ និងងាយយល់ Sabay នឹងធ្វើការប្រៀបធៀបពីសមត្ថភាព គុណសម្បត្តិ និងគុណវិបត្តិរបស់វាទាំងពីរឲ្យប្រិយមិត្តបានដឹង។

១.ទូរទស្សន៍ឆ្លាត ឬ Smart TV

Smart TV និយាយឲ្យចំតែម្តងគឺជាទូរទស្សន៍ដែលមានសមត្ថភាពអាចប្រើប្រាស់ Internet បាន អ្នកអាចប្រើវាដើម្បីមើល Youtube ឬអានព័ត៌មានលើវែបសាយ Sabay ជាដើម ប្រៀបដូចជាអ្នកយកកុំព្យូទ័រមកដាក់ក្នុងទូរទស្សន៍ដូច្នេះដែរ។ ហើយនៅក្នុងនោះផងដែរ វាក៏មានតម្លើងមកស្រាប់នូវកម្មវិធីកំសាន្តមួយចំនួនដូចជា Netflix, Youtube, Facebook និងផ្សេងៗទៀតទៅតាមក្រុមហ៊ុនទូរទស្សន៍នីមួយៗ។ ផ្ទុយទៅវិញ ទូរទស្សន៍ឆ្លាត ឬ Smart TV គឺមិនអាចធ្វើកំណែអាប់ឌែត ឬតម្លើងកម្មវិធីថ្មីបាននោះទេ ឧបមាថាអ្នកទិញទូរទស្សន៍ក្នុងសម័យដែលមិនទាន់មាន TikTok ហើយស្រាប់តែឆ្នាំក្រោយ TikTok ចេញនៅលើ Smart TV នោះអ្នកត្រូវលក់ទូរទស្សន៍ចាស់ចោល ទិញទូរទស្សន៍ថ្មីដែលមានកម្មវិធី TikTok តម្លើងមកស្រាប់។

Smart TV

គុណសម្បត្តិ

  • សាមញ្ញ ងាយស្រួលប្រើប្រាស់
  • គ្រប់យ៉ាងនៅក្នុងដៃស្រាប់ មិនចាំបាច់តម្លើងកម្មវិធីបន្ថែម

គុណវិបត្តិ

  • កម្មវិធីត្រូវបានកំណត់ជាស្រេច មិនអាចតម្លើងថែម
  • មិនអាចតម្លើង Firmware បាន

២.Android TV

Android TV ក៏ដូចគ្នាដែរវាជាទូរទស្សន៍ដែលអាចប្រើ Internet និងមានកម្មវិធីមកស្រាប់ដូច Smart TV ផងដែរ។ ចំណុចដូចគ្នាគឺមានប៉ុននឹង អញ្ចឹងយើងមកនិយាយពីចំណុចដែលលើសគ្នាម្តង។ Android TV មានកម្មវិធី Playstore ដូច្នេះអ្នកអាចទាញយកកម្មវិធីបានតាមចិត្តទៅតាមតម្រូវការ។ ចំណែកភាពងាយស្រួលមួយវិញទៀតគឺវាមានភ្ជាប់មកដោយ Microphone ដែលអាចឲ្យអ្នកប្រើប្រាស់អាចបញ្ជាទូរទស្សន៍ដោយប្រើសំឡេងបាន ឬអាចស្វែងរកអ្វីៗដោយងាយស្រួលតាមរយៈកម្មវិធី Google Assistance។

Android TV

គុណសម្បត្តិ

  • មាន Playstore តម្លើងកម្មវិធីតាមចិត្ត
  • អាចតម្លើង Version ឬទទួលបានកំណែអាប់ឌេតថ្មីៗ
  • កម្មវិធីរបស់ Google ផ្ទាល់ដូចជា Google Play, Music, Moives,
  • កម្មវិធីបញ្ជាដោយសំឡេង Google Assistance

គុណវិបត្តិ

  • ការប្រើប្រាស់មានភាពសាំញ៉ាំជាង ពិបាកសម្រាប់មនុស្សចាស់
  • មិនសូវមានក្រុមហ៊ុនច្រើនផលិត និងមានតម្លៃថ្លៃជាង Smart TV

សរុបមកវិញ តើមួយណានឹងក្លាយជាជម្រើសរបស់អ្នក?

ប្រសិនបើអ្នកជាមនុស្សដែលមិនចូលចិត្តភាពសាំញ៉ាំ និងមិនជំនាញខាងបច្ចេកវិទ្យា ប៉ុន្តែចង់បានទូរទស្សន៍មួយសម្រាប់មើលរឿងតាម Netflix ឬ ស្តាប់ចំរៀងតាម Youtube នោះ Smart TV គឺជាជម្រើសដ៏ល្អ ព្រោះវាមានតម្លៃធូរជាង និងងាយស្រួលប្រើប្រាស់។ ផ្ទុយទៅវិញ បើអ្នកជាមនុស្សដែលនិយមខាងបច្ចេកវិទ្យា និងចូលចិត្តអ្វីដែលថ្មី អ្នកគួររើសយក Android TV ដោយសារវានឹងធ្វើកំណែអាប់ឌែតថ្មីៗរហូត មិនធ្វើឲ្យអ្នកធុញទ្រាន់៕

បន្ទាប់ពីអានរួច តើប្រិយមិត្តនឹងជ្រើសរើសយកមួយណា? កុំភ្លេចប្រាប់ពួកយើងឲ្យបានដឹងផង!

អត្ថបទ៖ Thea Sothun

មតិយោបល់