• 2022-03-31 02:35:38
  • ចំណេះដឹង

របៀបតម្លើងពុម្ពអក្សរខ្មែរ នៅលើ iPad និង iPhone ដើម្បីងាយស្រួលកែឯកសារពេលឆ្ងាយពីកុំព្យូទ័រ

  • 2022-03-31 02:35:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តាមពិតទៅបើនិយាយពីការវាយឯកសារ គេប្រាកដជានឹកឃើញភ្លាមដល់ការប្រើប្រាស់កុំព្យូទ័រ ព្រោះការប្រើប្រាស់មានភាពងាយស្រួល និងមាន Font សម្រាប់ជ្រើសរើសបានច្រើន។ ចុះបើសិនក្នុងករណីមួយ អ្នកនៅឆ្ងាយពីកុំព្យូទ័រ ហើយត្រូវការកែឯកសារភ្លាមៗនោះ អ្នកប្រាកដជាត្រូវប្រើទូរសព្ទសម្រាប់ដោះទាល់ហើយម្យ៉ាងវិញទៀត អ្នកប្រើប្រាស់ iPad ក៏មាន Keybord សម្រាប់ប្រើដែរ ប៉ុន្តែបែជាមិនអាចធ្វើការបាន ព្រោះមិនមាន Font គ្រប់គ្រាន់ នាំឲ្យរាំងស្ទះដល់ការងារ។ ថ្ងៃនេះ Sabay នឹងលើកយកវិធីសាស្ត្រក្នុងការតម្លើងពុម្ពអក្សរខ្មែរស្អាតៗ នៅលើ iPad និង iPhone សម្រាប់ប្រើលើគ្រប់កម្មវិធីទាំងអស់ ។ តោះទៅតាមដានខាងក្រោម៖

ជំហានទី១៖ ទាញយក Font ដែលអ្នកចង់ប្រើប្រាស់ពីវេបសាយនានា ឬកូពីពីកុំព្យូទ័រមកដាក់ចូលក្នុង iPhone ឬ iPad ដោយមានទម្រង់ជា .ttf។ សម្រាប់ Font ខ្មែរ យើងលើកទឹកចិត្តឲ្យអ្នកទាំងអស់គ្នាទិញសិទ្ធពីម្ចាស់ដើមដែលគាត់ខំចំណាយពេល និងថវិការផ្ទាល់ខ្លួនសម្រាប់បង្កើតវាឡើង។

ជំហានទី២៖ ទាញយកកម្មវិធី iFont ពីក្នុង App Store ឬ ចុចត្រង់នេះ

ជំហ៊ានទី៣៖ បើកកម្មវិធី iFont រួចមើលទៅផ្នែកខាងលើអ្នកនឹងឃើញពាក្យថា Import សូមចុចត្រង់នោះ។ បន្ទាប់មកជ្រើសរើស Font ដែលអ្នកចង់តម្លើងម្តងមួយៗជាការស្រេច។ អ្នកក៏អាចជ្រើសរើសម្តងទាំងកញ្ចប់ក៏បាន ដោយគ្រាន់តែយក Font ទាំងអស់ Zip ចូលគ្នា បន្ទាប់មកជ្រើសរើសយកកញ្ចប់ Zip នោះជាការស្រេច។

ជំហានទី៤៖ បន្ទាប់ពី Import រួច អ្នកនឹងឃើញ Font នោះនៅផ្នែកខាងឆ្វេង ដោយមានប៊ូតុង Install មួយនៅជិតវា។ បើរកមិនឃើញទេ អ្នកអាចអូសរកមើលវា ព្រោះលំដាប់នៃ Font នេះតម្រៀបទៅតាមឈ្មោះ ដូច្នេះវាអាចនៅក្រោម ឬនៅលើ។ ពេលរកឃើញហើយសូមចុចប៊ូតុង Install ។

ជំហ៊ានទី៥៖ ពេលចុច Install រួចអ្នកនឹងឃើញពាក្យថា «This website is trying to download a configuration profile. Do you want to allow this?» សូមចុចពាក្យថា Allow

ជំហ៊ានទី៦៖ ចូលទៅកាន់ Setting ដើម្បីបង្ហើយភារកិច្ច។ នៅក្នុង Setting ក្រោមឈ្មោះ iCloud អ្នកនឹងឃើញមានពាក្យថា Profile Downloaded។ ចុចត្រង់នោះ រួច Install ជាការស្រេច។

ជំហ៊ានទី៧៖ រីករាយក្នុងការប្រើប្រាស់ Font ថ្មីរបស់អ្នក! អ្នកអាចប្រើវាបានគ្រប់កន្លែង មិនថា Office កម្មវិធីកាត់ត កាត់វីដេអូ។

ជាចុងក្រោយយើងសង្ឃឹមថាអត្ថបទមួយនេះនឹងអាចជួយអ្នកបាន ហើយក៏រំពឹងថាការងាររបស់អ្នកនឹងកាន់តែងាយស្រួល បន្ទាប់ពីបានតម្លើង Font នេះរួច។ ក៏សូមបញ្ជាក់ផងដែរថារបៀបនៃការតម្លើងនេះ ក៏អាចប្រើសម្រាប់តម្លើង Font ភាសាដទៃបាន តាមរបៀបដូចគ្នា៕

អត្ថបទ៖ Thea Sothun

មតិយោបល់