• 2022-03-10 07:51:51
  • ចំណេះដឹង

ហេតុ​អ្វី​រថយន្តចាំបាច់​មានបែងចែកប្រើ ប៉ុង១ ឬ ប៉ុង២?

  • 2022-03-10 07:51:51
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យើង​បាន​ស្គាល់​ពាក្យ ប៉ុង១ និងប៉ុង២ រួចមកហើយ​ ជាពិសេស​​បើ​លោក​អ្នក​សម្រេច​ចិត្ត​ទិញ​រថយន្ត​ប្រភេទ SUV ឬ ភីកអាប់ ប្រាកដ​ជាគិត​អំពីរឿងនេះផងដែរ ក្នុងជម្រើស​រថយន្ត ថាតើ​គួរយក​មួយណា។ សម្រាប់​ប្រជាជន​កម្ពុជា ការជ្រើស​រើសយក​រថយន្ត​ប្រើ​ប៉ុង១ ឬ ប៉ុង២ គឺ​គិត​ទៅលើ​តម្លៃ កម្រិតស៊ីសាំង ទីផ្សារ ការជួសជុល ដែលរថយន្តប៉ុង២ ចំណាយ​ច្រើនជាង ប៉ុង១ ប៉ុន្តែរថយន្តប៉ុង២ បើកបរ​មាន​លំនឹង​ជាង ស្ទុះជាង និង​ងាយស្រួល​រត់​ជាង​ប៉ុង១។

តើ​លោកអ្នក​មានចម្ងល់ទេ ហេតុអ្វី​រថយន្ត​ខ្លះប្រើប៉ុង១ ខ្លះប្រើប៉ុង២។ ការពិតទៅ ប្រព័ន្ធបើកបររថយន្ត ឬប៉ុងរថយន្តមាន៤ប្រភេទ​ផ្សេងគ្នាគឺ៖

១. រត់កង់ទាំងអស់ (All Wheel Drive - AWD) ឬហៅថា ប៉ុង២

២. រត់កង់ខាងមុខ (Front Wheel Drive - FWD) ឬហៅថា ប៉ុងមុខ

៣. រត់កង់​ខាងក្រោយ (Rear Wheel Drive – RWD) ឬហៅថា ប៉ុងក្រោយ

៤. រត់កង់ទាំង៤ (4 Wheel Drive – 4WD) ឬហៅថា 4x4។

ប្រព័ន្ធ​បើកបរ​ថយន្ត​ខាងលើ ត្រូវបាន​បំពាក់​លើប្រភេទ​រថយន្តផ្សេងៗពីគ្នា ព្រោះ​តែរថយន្ត​ទាំងនោះ​ត្រូវបំពេញ​តាមតម្រូវ​ការ​របស់​អតិថិជន​ផ្សេងៗ​គ្នាដែរ ហើយ​​រថយន្តម៉ូដែល​ខ្លះទៀត មានទាំងជម្រើសប្រើប៉ុង១ និងប៉ុង២ ដែល​វាក៏មានតម្លៃ និង​ការបំពាក់​គ្រឿងបរិក្ខារ និង​បច្ចេកវិទ្យា​ខុសគ្នាទៅតាមហ្នឹងដែរ។

-ប៉ុង២ ជា​ប្រព័ន្ធ​ដែល​ប្រើ​ស្ពឺ​ ៣ រួម​មាន​មុខ ក្រោយ និង កណ្ដាល​ ដើម្បី​ផ្ដល់​កម្លាំង​ដល់​កង់​ទាំង​ ៤ របស់​រថយន្ត។ ប្រព័ន្ធ​នេះ ត្រូវបាន​គេ​និយម​ប្រើ​លើ​រថយន្ត SUV ខ្នាតតូចៗដូចជា Higlander និង CR-V ជាដើម ហើយ​រចនា​សម្រាប់​ប្រើ​លើ​ផ្លូវ​ធម្មតា ឬ ប្រើ​លើ​ផ្លូវ​ផុក​​ម្ដង​ម្កាល។ ប៉ុង២ ​មាន​កម្លាំង​ទប់​ខ្លាំង​ជាង​ពីរ​ដង​នៃ 4x4 ដែល​អាច​ផ្ដល់​សុវត្ថិភាព​បាន​កាន់​តែ​ខ្ពស់​​ក្នុង​ករណី​​​ត្រូវ​ឈប់​​ភ្លាមៗ ឬ បត់​ភ្លាមៗ។

-ប៉ុងមុខ ត្រូវបាន​រចនាឡើង​ដោយ​ចំណាយ​តិច​លើការ​ផលិត មាន​ទំហំ​ធំទូលាយ និង​ស្រាល​ជាង​ប៉ុងផ្សេងៗ។ វា​មានកម្លាំងអូសទាញ​ជាងប៉ុងក្រោយ និង​ល្អ​សម្រាប់​ការបើកឡើង​ជម្រាល ពីព្រោះ​ទម្ងន់​ម៉ាស៊ីន​ពឹងផ្អែក​លើ​កង់មុខ។

-ប៉ុងក្រោយ ភាគ​ច្រើន​ប្រើ​លើ​រថយន្តភីកអាប់ និង​រថយន្ត​ដឹកទំនិញ ស្ព័រ និង​ Sedan ទំនើប​ៗ​កម្លាំងខ្លាំង។ ប្រព័ន្ធ​នេះ មាន​ចង្កូត​ដែល​ងាយ​ស្រួល​បញ្ជា​ជា​ពិសេស​លើ​រថយន្ត​កម្លាំង​ខ្លាំងៗ ហើយ​អាច​ទ្រាំទ្រ​​ទម្ងន់​រថយន្ត​បាន​ស្មើ​គ្នា​ល្អ (មុខ​ ៥០% និង ក្រោយ ៥០%) ដែល​អាច​រក្សា​លំនឹង​បាន​ល្អ​ ល្អ​សម្រាប់​ការ​ដឹក​ឥវ៉ាន់​ធ្ងន់ៗ។ យ៉ាងណាក្ដី​រថយន្ត​ប្រភេទ​នេះ​​មិន​​អាច​ទ្រាំទ្រ​បាន​ល្អ​ចំពោះ​ការ​​បើក​លើ​ផ្លូវ​​សើម​ ឬ មាន​ព្រិល​ធ្លាក់។

-4x4 ​​ប្រព័ន្ធ​​ដែល​ប្រើ​ស្ពឺ​ពីរ​ រួម​ជា​មួយ​នឹង​ Transfer Case មួយ​ដើម្បី​​ផ្ដល់​កម្លាំង​ដល់​កង់​ទាំង​៤ នៃ​រថយន្ត​។ ធម្មតា​​និយម​ប្រើ​លើ​រថយន្ត​ប្រភេទ Off-Road ខ្នាត​ធំៗ​ ហើយ​ប្រព័ន្ធ​នេះ​អាច​ចែក​ចាយ​កម្លាំង​ពី​ម៉ាស៊ីន​រថយន្ត​ទៅ​កាន់​កង់​ទាំង​ ៤ បាន​ស្មើៗ​គ្នា ដោយ​បង្ខំ​ឲ្យ​​កង់​រថយន្ត​បង្វិល​ក្នុង​ពេល​ដូច​គ្នា៕

អត្ថបទ៖ សំភី

មតិយោបល់