• 2022-03-02 08:28:14
  • ចំណេះដឹង

អាថកំបាំង iPhone និង Apple Watch ប្រើម៉ោងរោទ៍លេខ ៩ ជានិច្ច

  • 2022-03-02 08:28:14
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នៅក្នុងកម្មវិធីនាឡិការបស់ Apple មានរឿងចម្លែកមួយចំនួនពាក់ព័ន្ធនឹងលេខ ៩ ។ ហេតុអ្វីគេមិនដាក់វាឲ្យលោតលេខ ១០ ទៅ? ចម្ងល់នេះពួកគេមិនដែលប្រាប់អ្នកប្រើនោះទេ ថ្ងៃនេះក្រុមការងារ ជីករកឃើញចម្លើយ តាមរយៈគណនីយូធូប Apple Explained ​ក៏​ចុះ​ផ្សាយ​ចែកជូនអ្នកទាំងអស់គ្នាបានជ្រាបដើម្បីទុកជាចំណេះដឹង​ ដូចមានរៀបរាប់ខាងក្រោម៖

១. មុខងារ Snooze Alarm (បញ្ឈប់ម៉ោងរោទ៍មួយភ្លែត)

ប្រហែលជាង ៥០ ឆ្នាំមុន គេរកឃើញដំបូងបំផុតហៅថា Snooze Alarm វាប្រើដើម្បីផ្អាកម៉ោងរោទ៍មួយភ្លែត ឬមួយរំពេច​។ គេក៏បានផលិតចេញជា នាឡិកាអាណាឡូក(នាឡិកាដើរដោយម៉ាស៊ីន) ដោយយកមុខងារនេះទៅដាក់ចូលទៅក្នុងនាឡិការោទ៍នោះ។

បន្តមកដល់ជំនាន់បច្ចេកវិទ្យាទំនើប បង្កើតឧបករណ៍ប្រើប្រាស់តាម Software ក៏មានការប្រែប្រួលរូបរាង តែគេរក្សាទុកនូវរូបមន្ត ឬទម្រង់ concept ដើមដំបូងដដែល ជៀសវាងបង្កើតថ្មីខុសពីគោលការណ៍ពេលវេលា។ សូម្បីតែពេលបង្កើត Apple Watch ក៏ក្រុមហ៊ុនយក្សមួយនេះ អញ្ជើញអ្នកប្រវត្តិសាស្ត្រនាឡិកាមកធ្វើបទបង្ហាញនៅទីស្នាក់ការកណ្ដាល ដើម្បីមកពន្យល់ឲ្យផលិតទៅតាមបទដ្ឋានលំនាំដើម។

ដូចនេះ នៅពេល Apple បង្កើតកម្មវិធីទាក់ទងពេលវេលា(Software លើ iOS) ជាញឹកញាប់ក្រុមហ៊ុន តែងតែអនុវត្តន៍ទៅតាម ពេលវេលាដែលគេរកឃើញនៅលើ នាឡិកាមេកានិច ឬអាណាឡូក Snooze Alarm (នាឡិកាដើរដោយម៉ាស៊ីន)។

Apple មានចេតនាកំណត់មុខងារ Snooze Alarm លើ iPhone មានតែ ៩ នាទីនោះមកពីហេតុផល ធ្វើតាមនាឡិកាជំនាន់ដើមនោះហើយ។

សម្រាប់ហេតុផលបច្ចេកទេសម្យ៉ាងទៀតដោយសារ គ្រឿងមីញ៉ុងនៅខាងក្នុងនាឡិកាមិនអាចដំណើរការល្អទេ នៅពេលកំណត់ ១០ នាទីឱ្យរោទ៍ម្ដង។ បើចង់ឲ្យដំណើការរលូន លើកលែងតែមុននាទីទី ១០ ឬក្រោយនាទីទី១០។ ម្លោះហើយទើប Snooze Alarm ត្រូវបានកំណត់យកមិនចំលេខ ១០ ទោះបីជា ឥឡូវគេប្រើសូហ្វវែរក៏ដោយ។

មួយវិញទៀតហេតុផលបែបចិត្តសាស្រ្ត បានបង្ហាញឲ្យឃើញថា ការដេកលក់រយៈពេល ៩នាទីគ្រប់គ្រាន់ជាជាងដេកលក់ចាប់ពី ១០ ទៅ១១នាទី ដែលជាដំណេកស្កប់ ហើយបើភ្ញាក់ម្ដងទៀតដោយម៉ោងរោទ៍ នឹងធ្វើឱ្យងងុយដេកកាន់តែខ្លាំង។

សរុបមកម៉ោងរោទ៍ ៩ នាទីគ្រប់គ្រាន់ល្មម​សម្រាប់ការគេងបន្ថែមបន្ដិចទៀត ប៉ុន្ដែហេតុផលនេះ មិនទាន់មានភស្តុតាងវិទ្យាសាស្ត្រណាមួយគាំទ្រនៅឡើយទេ។

២. ម៉ោង ១០:០៩ មានលើគ្រប់ផ្ទាំងផ្សាយពាណិជ្ជកម្មរបស់ Apple Watch។

មិនខុសពីហេតុផលខាងលើនោះទេ ការកំណត់យក ម៉ោង ១០:០៩ គឺធ្វើទៅតាមបទដ្ឋាននាឡិកាជំនាន់មុន។ កាលពី ឆ្នាំ១៩២០ ក្រុមហ៊ុននាឡិកា Hamilton Watch បានកំណត់យកទីតាំងទ្រនិចនាឡិកាចង្អុលម៉ោង ១០:០៩ គឺជាទីតាំងដ៏ល្អស្រដៀងទៅនឹងស្នាមញញឹម ដោយបញ្ជាក់ថា នាឡិការបស់ពួកគេកំពុងញញឹម។

Apple បានទទួលស្គាល់ហេតផលមួយនេះ និងបានយកវាមកបំពាក់លើ នាឡិកាឆ្លាតវៃរបស់ខ្លួនជាងមួយសតវត្សក្រោយមកនេះ ហើយថែម​ទទួលបានការគាំទ្រយ៉ាងខ្លាំង ដោយលក់ដាច់បំផុតក្នុងចំណោមនាឡិកាដៃឆា្លតវៃដទៃទៀត៕

ប្រភព៖ YouTube ប្រែ​សម្រួល៖ កុសល

មតិយោបល់