• 2022-03-02 01:50:32
  • ចំណេះដឹង

លម្អិត​ពី​ប្រព័ន្ធ​ចង្កូត​រថយន្ត​សព្វ​ថ្ងៃ​ អ្នក​បើកបរ​គួរ​យល់​ដឹង

  • 2022-03-02 01:50:32
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជា​ធម្មតា អ្នក​ប្រើប្រាស់​រថយន្ត​គ្រប់​រូប ក្រៅ​ពី​ចេះ​បើក​បរ​បាន​ត្រឹម​ត្រូវ និង​ដឹង​គន្លឹះ​ថែ​ទាំ​ជា​ប្រចាំ​ដូច​ជា​ការ​ថែម​ទឹក ពិនិត្យ​មើល​កម្រិត​ប្រេង​ជា​ដើម​នោះ ក៏​តែង​តែ​មាន​ចម្ងល់​ចង់​ដឹង​បន្ថែម​ពី​ប្រព័ន្ធ​ផ្សេង​ៗ​ទៀត នៅ​ក្នុង​រថយន្ត​ដើម្បី​បង្កើន​ចំណេះ​ដឹង និង​ជា​ជំនួយ​ដល់​ការ​ថែ​រក្សា​រថយន្ត​ខ្លួន​ឲ្យ​បាន​ល្អ​ជាង​មុន​ផង​ដែរ។

ទាក់​ទង​ទៅ​នឹង​រឿង​នេះ Sabay សូម​នាំ​ជូន​ចំណេះ​ដឹង អំពី​ប្រព័ន្ធ​ចង្កូត​ដែល​មាន​ក្នុង​រថយន្ត​ភាគ​ច្រើន​សព្វ​ថ្ងៃ ដល់​មិត្ត​អ្នក​អាន ពិសេស​អ្នក​ប្រើប្រាស់​រថយន្ត៖

- ស្នប់​ជំនួយ​ចង្កូត (Power-Steering Pump)

ស្នប់​ជំនួយ​ចង្កូត​នេះ មាន​មុខងារ​បង្កើន​សម្ពាធ​ដល់​វត្ថុរាវ​អ៊ីដ្រូលីក (Hydraulic Fluid) ដែល​វា​នឹង​ជួយ​ឲ្យ​អ្នក​បើក​បរ​កាច់​ចង្កូត​បង្វិល​កង់​បាន។ រថយន្ត​ភាគ​ច្រើន​ប្រើប្រាស់​ប្រព័ន្ធ​ជំនួយ​ចង្កូត​ប្រភេទ មេកានិក ឬ​ក៏​អ៊ីដ្រូលីក ប៉ុន្តែ​ដោយ​សារ​តែ​ស្នប់​ជំនួយ​ចង្កូត​នេះ វា​ស៊ី​ថាមពល​ជាប់​រហូត​តែ​ម្ដង ទោះ​បី​មិន​បាន​បត់​ចង្កូត​ក៏​ដោយ​ចុះ ក្រុមហ៊ុន​រថយន្ត​មួយ​ចំនួន​បាន​ផ្លាស់​ប្ដូរ​មក​ប្រើ ស្នប់​អគ្គិសនី​វិញ ដែល​វា​ប្រើ​ភ្លើង​សុទ្ធ និង​មាន​ប្រសិទ្ធភាព។

បើ​សិន​ជា​ស្នប់​ជំនួយ​ចង្កូត​នេះ​ខូច វា​នឹង​បញ្ចេញ​សញ្ញា​ដូច​ជា ការ​លេច​ធ្លាយ សំឡេង​ប្លែក និង​មាន​អារម្មណ៍​ថា​ចង្កូត​មិន​ស្រួល​បង្វិល​ដូច​មុន។ ប្រសិន​បើ​អ្នក​មាន​អារម្មណ៍​ថា​ចង្កូត​របស់​អ្នក​បាត់​បង់​លំនឹង​ភ្លាម​ៗ​តែ​ម្ដង គឺ​វា​អាច​បណ្ដាល​មក​ពី​ការ​ដាច់​ខ្សែ​ពាន និង​ការ​លេច​ធ្លាយ​ខ្សោះ​ប្រេង​បូម​ចង្កូត។

- អ័ក្ស​ចង្កូត (Steering Rack)

អ័ក្ស​ចង្កូត គឺ​ជា​ផ្នែក​មួយ​នៃ​ប្រព័ន្ធ​ធ្មេញ-អ័ក្ស​ចង្កូត ដែល​វា​ជា​របារ​មួយ​មាន​ទី​តាំង​ស្រប​ទៅ​នឹង​ភ្លៅ​មុខ​រថយន្ត ដែល​វា​នឹង​កាច់​ទៅ​ឆ្វេង ស្ដាំ ដើម្បី​ឲ្យ​កង់​រថយន្ត​រេ​តាម​ទិស​ដែល​ចង្កូត​បាន​បង្វិល។ ដុំ​ស្ពឺ​ដែល​មាន​ធ្មេញ សម្រាប់​ភ្ជាប់​ជាមួយ​នឹង​អ័ក្ស​ចង្កូត​នេះ។

ទោះ​បី​ជា​អ័ក្ស​ចង្កូត​នេះ​មើល​ទៅ​មាំ​ក៏​ដោយ ប៉ុន្តែ​ដល់​អាយុ​កាល​មួយ វា​ក៏​ត្រូវ​ការ​ផ្លាស់​ប្ដូរ​ដែរ។ មុខ​សញ្ញា​ដែល​គួរ​ប្ដូរ​អ័ក្ស​ចង្កូត​នេះ​ចេញ គឺ​នៅ​ពេល​ដែល​អ្នក​ពិបាក​បង្វិល​ចង្កូត​ពី​ម្ខាង​ទៅ​ម្ខាង រាង​រលាក់​គ្រឹក​ៗ និង​មាន​សំឡេង​ប្លែក​ ពេល​កាច់​ចង្កូត។

- ទុយយោ​ប្រព័ន្ធ​ជំនួយ​ចង្កូត (Power-Steering Hose)

ទុយយោ​ប្រព័ន្ធ​ជំនួយ​ចង្កូត មាន​មុខងារ​សម្រាប់​ភ្ជាប់​ស្នប់​ជំនួយ​ចង្កូត ទៅ​នឹង​ប្រព័ន្ធ​ធ្មេញ-អ័ក្ស​ចង្កូត ដែល​ស្នប់​ជំនួយ​ចង្កូត​នឹង​បង្កើន​សម្ពាធ​លើ​វត្ថុ​រាវ​ខាង​ក្នុង ឲ្យ​វា​អាច​រុញ​អ័ក្ស​នោះ​ទៅ​ឆ្វេង​ទៅ​ស្ដាំ ឲ្យ​កង់​រថយន្ត​វិល​តាម​ទិស​ដែល​បញ្ជា​ពី​ចង្កូត​បាន។

ប្រភព៖ www.carcare.org

មតិយោបល់