• 2022-01-20 03:56:05
  • ចំណេះដឹង

​ឃើញ​ចាប់ផ្តើមជិះច្រើនហើយ! ហេតុ​អ្វី​គេ​សម្រុក​ផលិតឡាន​អគ្គិសនី?

  • 2022-01-20 03:56:05
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អគ្គិសនី​ពិតជាសំខាន់​ខ្លាំងណាស់ក្នុងការប្រើប្រាស់​ប្រចាំថ្ងៃ។ បច្ចុប្បន្ននេះ ការប្រើប្រាស់​ថាមពលអគ្គិសនី​លើរថយន្តក៏កាន់តែមាន​ការពេញនិយមខ្លាំង ដោយហេតុថា ក្រុមហ៊ុន​រថយន្ត​ជាច្រើនហើយ បាន​នឹង​កំពុងបោះជំហាន​ទៅរក​ការផលិត​រថយន្ត​អគ្គិសនី​ បន្ទាប់ពី​រថយន្ត Hybrid និង​ Plug-in Hybrid ដែលសន្សំ​សំចៃ​ពីការប្រើប្រាស់សាំង។

រថយន្ត​អគ្គិសនី​ ជាប្រភេទ​រថយន្ត​ដែល​ដំណើរការ​ដោយ​ថាមពល​អគ្គិសនី​តែមួយ​ប៉ុណ្ណោះតាមរយៈការប្រើប្រាស់​អាគុយ​ដែល​អាចសាកឡើងវិញបាន ពោលគឺ​មិនត្រូវការចាក់សាំងនោះទេ ​ហើយវាបំពាក់​ម៉ូទ័រអគ្គិសនី​ដែល​បញ្ជាលើការរត់របស់​កង់រថយន្ត។ អាគុយ​ដែលដាក់​លើរថយន្ត​អគ្គិសនីបច្ចុប្បន្ន ភាគច្រើនបំផុតគឺជាអាគុយលីចូម (lithium-ion) ដោយសារវា​មានដង់​ស៊ីតែថាមពលខ្ពស់ អាច​ផ្ទុក​​ភ្លើង​បានច្រើន។

មូលហេតុ​ចម្បងៗ ដែល​និន្នាការប្រើប្រាស់រថយន្តអគ្គិសនី​កាន់តែកើនឡើង​ខ្លាំង​មានដូចជា៖

-កាត់បន្ថយ​ផលប៉ះពាល់បរិស្ថាន៖ រថយន្តអគ្គិសនី ឬហៅថា រថយន្តបៃតង ​ពុំមាន​ដំណើរ​ការ​ដុតចំហេះដូចរថយន្តសាំងទេ ដូច្នេះ​វា​មិនបញ្ចេញផ្សែងពុលចូល​ទៅក្នុងបរិយាកាសឡើយ។

-សំឡេងស្ងាត់៖ ម៉ូទ័រ​អគ្គិសនី​ គឺ​វាធ្វើការដោយស្ងៀមស្ងាត់ ដូច្នេះ​សំឡេង​រំខានរបស់វា​គឺ​ទាប​ជាង រថយន្ត​ម៉ាស៊ូត ឬសាំង។

-សាកភ្លើងនៅផ្ទះបាន៖ នៅពេល​រថយន្ត​ជិតអស់ ឬអស់ថាមពល គេ​អាច​សាកអាគុយ​រថយន្តនៅផ្ទះ​របស់​អ្នកប្រើប្រាស់​ផ្ទាល់ ដោយគ្រាន់តែដំឡើង​ដុំសាក​បន្ថែម។

-សន្សំសំចៃបំផុត និង​អាចធ្វើដំណើរបានកាន់តែឆ្ងាយ៖ ប្រសិនបើ​សាកភ្លើងនៅតាមស្ថានីយនានា គឺតម្លៃរបស់​វា​ពិត​ជាថោកមែនទែន មាន​របាយការណ៍ខ្លះ​ថា វា​ចំណេញ​ជាងការចាក់សាំងដល់ទៅ ៩០% ឯណោះ។ បន្ថែមលើសនេះ ដោយសារ​តែការប្រកួតប្រជែង ក្រុមហ៊ុន​នីមួយៗបានខិតខំ​ពង្រីក​ថាមពលអាគុយ ដើម្បីអាច​ឱ្យរថយន្តធ្វើដំណើរបានកាន់តែឆ្ងាយ ក្នុងពេលសាកភ្លើងពេញម្តង។

-តម្រូវការកើនឡើង​នាំឱ្យ​មានការច្នៃប្រឌិតកាន់តែប្លែកថ្មី៖ នៅពេល​ដែល​ការនិយម​ប្រើប្រាស់​រថយន្ត​អគ្គិសនី​កើនឡើង​ នោះនឹង​ធ្វើឱ្យក្រុមហ៊ុន​ផលិត​​ប្រជែងគ្នា​បង្កើន​ការខិតខំច្នៃប្រឌិត​រកអ្វីដែលកាន់តែថ្មីទាក់ទាញ ដូចជាការឌីហ្សាញ​រូបរាង​ខាងក្រៅ និង​ខាងក្នុង ការបំពាក់​បរិក្ខារ និងបច្ចេកវិទ្យា។

-ស្ថានីយសាកភ្លើង​សម្រាប់​រថយន្ត​អគ្គិសនី នឹង​ត្រូវដំឡើង​កាន់តែច្រើនឡើង នៅពេលរថយន្ត​ប្រភេទនេះ មាន​ការប្រើប្រាស់​ទូលំទូលាយ ពោលគឺ​វា​នឹងទាក់​ទាញ​ដល់ការវិនិយោគ។

-បំពាក់​បច្ចេកវិទ្យាទំនើបបំផុត៖ រថយន្តអគ្គិសនី​បច្ចុប្បន្ន បាន​បំពាក់​បច្ចេកវិទ្យាទំនើបៗ ក៏ដូចជា​ប្រព័ន្ធសុវត្ថិភាព​កាន់តែខ្ពស់​ជាងរថយន្ត​សាំង ក្នុងការផ្តល់ភាព​កម្សាន្ត ផាសុកភាព ជាពិសេស​មុខងារបើកបរស្វ័យប្រវត្តិ។

-ទទួលបានការលើកទឹកចិត្តពីរដ្ឋាភិបាល៖ ប្រទេស​ជាច្រើនហើយ​បាន​ជំរុញឱ្យប្រជាជន​ខ្លួនប្រើប្រាស់​រថយន្ត​អគ្គិសនី តាមរយៈការមិនយកពន្ធ ឬពន្ធទាប និងលក្ខណ្ឌ​អនុគ្រោះនានា​ ធ្វើឱ្យរថយន្តប្រភេទនេះ​មានតម្លៃធូរថ្លៃ។

-រថយន្តអគ្គិសនីខ្លះ អាចដើរតួធ្វើជាម៉ាស៊ីនភ្លើងទៀតផង ដូចជា Ford F-150 Lighting ជាដើម។

មកដល់ពេលនេះ ក្រុមហ៊ុន​ដែលបានផលិត និង​បង្ហាញ​ចេញ​រថយន្ត​អគ្គិសនីរួចមកហើយនោះ​រួមមានដូចជា៖

-ក្រុមហ៊ុនចិន៖ Aiways, BAIC, Wuling, FAW Group, BYD, Changan, Chery, Dongfeng, Denza, DFSK, Enovate, GAC, Geely, Great Wall Motors, Higer, HiPhi, IM Motors, JAC Motors, Kandi, Leapmotor, SAIC Motors, Beijing Automobile Works, Nanjing Automobile-SAIC Motor, Hozon, NIO, Qiantu Motor, Singulato, Shineray, Welmeister និង Xpeng។

-ក្រុមហ៊ុនមិនមែនចិន៖ Aspark, Audi, BMW, General Motors, Stellantis, SEAT, Ford, Genesis, Honda, Hyundai, Jaguar Land Rover, Kia, Lexus, Toyota, Volvo, Porsche, Renault, Rimac-Automobili, Rivian, Skoda Auto, Daimler AG, Subaru, Tata Motors, Tesla, Volkswagen និង VinFast។

គួរ​កត់សម្គាល់​ថា ក្នុងឆ្នាំ​២០២១​ ការលក់​រថយន្ត​អគ្គិសនី បាន​កើនឡើង​យ៉ាងគំហុក ពោលគឺ​ជាង ៦លានគ្រឿង កើនឡើងប្រមាណ ២៦% នៃឆ្នាំ​២០២០។ ក្នុងនោះ​រថយន្ត​របស់​ក្រុមហ៊ុន​ចិន បាន​ចូលរួមចំណែក​ ១២%។ ប៉ុន្តែបើនិយាយពី​ក្រុមហ៊ុននាំមុខគេ គឺ​ក្រុមហ៊ុនអាមេរិក Tesla។

សម្រាប់​ប្រទេសកម្ពុជា គឺឃើញមាន​ការនាំចូល​រថយន្តអគ្គិសនី និងមានចរាចរណ៍លើដងផ្លូវបណ្តើរៗដែរហើយ។ លើសពីនេះ  កម្ពុជា​មានផែនការ​ដំឡើង​ស្ថានីយសាកអាគុយ ដើម្បី​ជំរុញ​ការប្រើប្រាស់​រថយន្ត​អគ្គិសនី​នាពេលអនាគត   ខណៈ​ដែល​និន្នាការ​ប្រើប្រាស់​រថយន្ត​ប្រភេទនេះកំពុងកើនឡើង​នៅលើ​ពិភពលោក និង​នៅក្នុងស្រុក ដែល​វា​បាន​ជួយសន្សំសំចៃ និង​កាត់បន្ថយ​ផលប៉ះពាល់​បរិស្ថាន។

ក្រសួង​សាធារណការ និងដឹកជញ្ជូន​ កំពុងរៀបចំគោលនយោបាយ និងការគាំទ្រសម្រាប់រថយន្តដើរដោយថាមពលអគ្គិសនី (EVs) ដើម្បី​ធានាឱ្យមានហេដ្ឋារចនាសម្ព័ន្ធទាំងមូលសម្រាប់ EVsនៅកម្ពុជា ក្នុងនោះរួមមាន៖ ស្ថានីយសាកអាគុយ កន្លែងផ្តល់សេវា គ្រឿងបន្លាស់ បុគ្គលិកទទួលការបណ្តុះបណ្តាល និងកន្លែងបោះចោលអាគុយ និងធានា ថាEVs ដែលនាំចូលមកកម្ពុជាមានគុណភាពល្អ។

ទោះជាយ៉ាងណាក៏ដោយ គេ​ត្រូវការ​ពេលវេលាច្រើនឆ្នាំបន្ថែមទៀត ដើម្បីអាច​ចូលខ្លួនមកជំនួស​រថយន្តសាំង ឬម៉ាស៊ូតទាំងស្រុង ដោយសារតែបញ្ហាមួយចំនួន​ដូចជា៖

-ការបារម្ភរបស់​អ្នកប្រើប្រាស់ ចំពោះ​បញ្ហាសុវត្ថិភាព (ផ្ទុះឆេះអាគុយ)

-តម្លៃនៅតែថ្លៃ បើប្រៀបធៀបនឹងរថយន្តសាំង

-កម្លាំងម៉ាស៊ីន​មិនខ្លាំង​ដូចរថយន្តសាំង

-ស្ថានីយសាកអាគុយ និងហេដ្ឋារចនាសម្ព័ន្ធ នៅខ្វះខាតច្រើនណាស់

-ចំណេះដឹងជួសជុល​រថយន្តអគ្គិសនី​នៅមានកម្រិត ពិសេសនៅប្រទេសកំពុងអភិវឌ្ឍន៍៕

អត្ថបទ៖ សំភី

មតិយោបល់