• 2022-01-02 05:27:00
  • ចំណេះដឹង

ទំហំ​មេហ្គា​ភីកសែល​​ធំ​មិន​ប្រាកដ​​ថត​រូប​បាន​​ស្អាត អាន​អត្ថបទ​នេះ​ចប់នឹង​ដឹង​ច្បាស់​

  • 2022-01-02 05:27:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រិយមិត្ត​មួយ​ចំនួន​ប្រហែល​ជា​មិន​ទាន់​ស្គាល់​ពី​​គុណ​ប្រយោជន៍​នៃ​លក្ខណៈ​សម្បត្តិ​របស់​កាមេរ៉ា​លើ​ស្មាតហ្វូន​នៅ​ឡើយ​ទេ។​ ថ្ងៃ​នេះ​ Sabay សូម​បង្ហាញ​​លម្អិត​ជុំ​វិញ​លក្ខណៈ​សម្បត្តិ​របស់​កាមេរ៉ា​​ស្មាតហ្វូន​ រួម​ទាំង​ស្រាយ​ចម្ងល់​មួយ​ដែល​លើក​ឡើង​ថា​ «ទំហំ​មេហ្គា​ភីកសែល​កាន់​តែ​ធំ​ថត​រូប​បាន​កាន់​តែ​ស្អាត»។

មេហ្គា​ភីកសែល​​ជា​លក្ខណៈ​សម្បត្តិ​មួយ​ដែល​គេ​តែង​ឃើញ​លើ​កាមេរ៉ា​ជា​ច្រើន​ប្រភេទ ដោយ​វា​សំដៅ​ទៅ​លើ​​ចំនួន​ភីកសែល​​នៃ​​រូបភាព​មួយ មាន​ខ្នាត​គិត​ជា​លាន។ ៥ មេហ្គា​ភីកសែល​ ស្មើ​នឹង​ ៥ លាន​ភីកសែល។ កាល​ណា​ភីកសែល​កាន់​តែ​ធំ​ កម្រិត​ Resolution នៃ​រូបភាព​ក៏​ធំ​ទៅ​តាម​ហ្នឹង ហើយ​​ភីកសែល​កាន់​តែ​ធំ​​មិន​មែន​មាន​​ន័យ​ថា​អាច​​ចាប់​យក​រូបភាព​បាន​កាន់​តែ​ស្អាត​នោះ​ទេ។

លក្ខណៈ​សម្បត្តិ​ S7 Edge, 7 Plus និង P9 Plus

ចំណុច​សំខាន់​បំផុត​ដែល​អាច​កំណត់​បាន​ថា​រូបភាព​មួយ​ថត​ចេញ​មក​មាន​គុណភាព​ល្អ​ឬ​មិន​ល្អ​ គឺ​អាស្រ័យ​លើ​ទំហំ​ Sensor ​​​ជា​​ចម្បង។ ពេល​ដែល​ទំហំ​ Sensor ​កាន់​តែ​ធំ​​ ភីកសែល​ក៏​ធំ​ទៅ​តាម​នោះ​ ហើយ​បើ​ភីកសែល​កាន់​តែ​ធំ​ នោះ​កាមេរ៉ា​អាច​ចាប់​យក​​ពន្លឺ​បាន​កាន់​តែ​ប្រសើរ ពេល​ដែល​ពន្លឺ​ចូល​មក​កាន់​តែ​ច្រើន​ រូបភាព​ក៏​កាន់​តែ​ស្អាត​ទៅ​តាម​នោះ។​​​​

បន្ថែម​ពី​នេះ​ក៏​​ត្រូវ​មាន​ការ​រួម​ចំណែក​ពី​ឡេន​នៃ​កាមេរ៉ា​ផង​ដែរ។ ឡេន​របស់​កាមេរ៉ា​ស្មាតហ្វូន​​កំណត់​ដោយ​ខ្នាត​មួយ​ដែល​គេ​ឲ្យ​ឈ្មោះ​ថា​ Aperture។ Aperture កាន់​តែ​ធំ​​ ពន្លឺ​ចូល​បាន​កាន់​តែ​ល្អ ដែល​អាច​ជួយ​ឲ្យ​ការ​ថត​រូប​ក្នុង​ទី​ងងឹត​ធ្វើ​ឡើង​បាន​កាន់​តែ​ប្រសើរ។ Aperture ​បង្ហាញ​ឡើង​ជា​ f/stop ឬ ជា​ f ដោយ​មាន​លេខ​នៅ​ពី​ក្រោយ។ លេខ​កាន់​តែ​ទាប​ Aperture កាន់​តែ​ទូលាយ។ កាមេរ៉ា​ស្មាតហ្វូន​ភាគ​ច្រើន​​មាន​ Aperture នៅ​ចន្លោះ​ពី​ f/2 និង f/1.9 ដោយ​មាន​ខ្លះ​​មាន​ទំហំ​តូច​ដល់​ f/1.7 ឯណោះ។ ត្រូវ​ចាំ​ថា​លេខ​កាន់​តែ​តូច​គឺ​កាន់​តែ​ល្អ។

លំនឹង​នៃ​រូបភាព​ក៏​សំខាន់​ដែរ។ កាមេរ៉ា​លើ​ស្មាតហ្វូន​ភាគ​ច្រើន​មាន​បំពាក់​ប្រព័ន្ធ​ទប់​លំនឹង​ OIS (Optical Image Stabilization) ដែល​ជា​ប្រព័ន្ធ​​ជួយ​ធ្វើ​ឲ្យ​​ឡេន​មាន​ស្ថិរភាព​​មិន​ញ័រ ឬ ​មិន​ញាក់​ឡើយ។ ប្រសិន​គ្មាន​ប្រព័ន្ធ​នេះ​វីដេអូ​របស់​អ្នក​នឹង​ញ័រ​ដូច​រញ្ជួយ​ផែនដី ហើយ​រូបភាព​វិញ​ព្រាល​មើល​មិន​យល់​ឡើយ។ ប្រព័ន្ធ​មួយ​ទៀត​គឺ​ Digital Image Stabilization ដែល​វា​ប្រើ​ Software ដើម្បី​កែ​សម្រួល​រូបភាព បើ​ធៀប​នឹង​ OIS គឺ​ OIS ប្រសើរ​ជាង។

ពាក់ព័ន្ធ​នឹង​កាមេរ៉ា​នេះ​នៅ​មាន​ចំណុច​ជា​ច្រើន​ទៀត​ដែល​រួម​ចំណែក​ក្នុង​ការ​ផលិត​រូបភាព​មួយ​​ឲ្យ​បាន​គុណភាព​ល្អ​ដូច​ជា​ បច្ចេកវិទ្យា​ Focus និង​ វិសាលភាព​នៃ​​ Software របស់​កាមេរ៉ា​ជា​ដើម៕​​​​​​​​​​​​​​​​​

ប្រភព៖ NoteBookReview

មតិយោបល់
អត្ថបទពេញនិយម
អត្ថបទថ្មី