• 2021-12-21 07:24:43
  • ចំណេះដឹង

ទាំងនេះជា​​រថយន្ត ៥ ម៉ាក​លក់​ដាច់​បំផុត​ក្នុង​ ប្រវត្តិសាស្ត្រ​ពិភពលោក

  • 2021-12-21 07:24:43
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

យានជំនិះ​ដំបូង​បង្អស់​ត្រូវ​បាន​ផលិត​ឡើង​ក្នុង​ឆ្នាំ ១៨៨៦ លុះ​មក​ទល់​ ១៣១ ឆ្នាំ​ចុង​ក្រោយ ឧស្សាហកម្ម​យានយន្ត​ហាក់​ទទួល​បាន​ភាព​ជោគជ័យ រហូត​ទល់​បច្ចុប្បន្ន​មាន​រថយន្ត​ប្រមាណ ១ ពាន់​លាន​គ្រឿង​កំពុង​ចរាចរ​លើ​ដង​វិថី និង​មាន​លើស​ពី ១ ពាន់​ម៉ូឌែល​ស្ថិត​ក្រោម​ការ​សម្រេច​ចិត្ត​របស់​អតិថិជន។

ថ្ងៃនេះ Sabay នឹងបង្ហើប​ឲ្យ​ស្គាល់​រថយន្ត ៥ ម៉ូឌែល​អាច​លក់​ដាច់​បំផុត​ក្នុង​ទីផ្សារ​ពិភពលោក ដូចមានរៀបរាប់ខាងក្រោម៖

៥.Volkswagen Passat (១៩៧៣-បច្ចុប្បន្ន លក់​បាន ២៣ លាន​គ្រឿង)

ត្រកូល Passat បំបែក​បាន​ជោគជ័យ​ក្នុង​ប្រវត្តិសាស្រ្ត​របស់​ក្រុមហ៊ុន Volkswagen ក្រោយ​រថយន្ត​ជាង ២៣ លាន​គ្រឿង​បាន​លក់​ចេញ​ទៅ​លើ​ទីផ្សារ តាំង​តែ​បង្ហាញ​ខ្លួន​ក្នុង​ឆ្នាំ ១៩៧៣។ កើន​ឡើង​ខ្ពស់​បំផុត​អំឡុង​ពេល​លោក Ferdinand Piech បាន​ផ្លាស់ចេញ​ពី​ក្រុមហ៊ុន Audi មក​ជួយ​ដឹកនាំ​ VW នា​ឆ្នាំ ១៩៩៣។

៤.Honda Civic (១៩៧២-បច្ចុប្បន្ន លក់​បាន ២៤ លាន​គ្រឿង)

ក្រុមហ៊ុន​ជប៉ុន Honda ធ្លាប់​មាន​បំណង​ចង់​បញ្ឈប់​ការ​ផលិត​រថយន្ត ដោយ​ប្តូរ​ទៅ​ផលិត​ម៉ូតូ​វិញ ប៉ុន្តែ​គំនិត​នេះ​ត្រូវ​បាន​ផ្លាស់ប្តូរ​បន្ទាប់​ពី​ភាព​ជោគជ័យ​លើ​ត្រកូល Civic តាំង​ពី​ឆ្នាំ ១៩៧២។ រហូត​ដល់​ឆ្នាំ ២០១៦ ចូល​ដល់​ជំនាន់​ទី ១០ នៃ Civic ក៏​បាន​ជាប់​ឈ្មោះ​ជា​រថយន្ត​លក់​ដាច់​បំផុត​ក្នុង​ប្រទេស​កាណាដា​រយៈ​ពេល ១៩ ឆ្នាំ​ជាប់​គ្នា​ចន្លោះ ១៩៩៧ ដល់ ២០១៦។

៣.Volkswagen Golf (១៩៧៤-បច្ចុប្បន្ន លក់​បាន ៣៣ លាន​គ្រឿង)

Golf បាន​បោះ​ជំហាន​ចូល​ទីផ្សារ​អឺរ៉ុប​នា​ឆ្នាំ ១៩៧៤ មុន​រយៈ​ពេល​មួយ​ឆ្នាំ​ក្នុង​ទីផ្សារ​អាមេរិក ខណៈ​បច្ចុប្បន្ន​លក់​ដាច់​ច្រើន​ជាង ៣៣ លាន​គ្រឿង​ហើយ ដោយ​ក្នុង​រយៈ​ពេល ៤ ទសវត្សរ៍​ចុង​ក្រោយ​រថយន្ត Golf ប្រមាណ ២ ២១០ គ្រឿង​ត្រូវ​បាន​លក់​ចេញ​ជា​រៀងរាល់​ថ្ងៃ​ក្នុង​ទីផ្សារ​សកលលោក។

២.Ford F-Series (១៩៤៨-បច្ចុប្បន្ន លក់​បាន ៤០ លាន​គ្រឿង)

F-Seires ប្រភេទ​រថយន្ត​ដឹក​ទំនិញ​លក់​ដាច់​បំផុត​នៅ​អាមេរិក​រយៈ​ពេល ៤០ ឆ្នាំ​ជាប់ៗ​គ្នា បង្ហាញ​ខ្លួន​នា​ឆ្នាំ ១៩៤៨ មាន​ជាង ៤០ លាន​គ្រឿង​កំពុង​ចរាចរ​លើ​ដង​វិថី។ ជំនាន់​ដំបូង​បង្អស់​នៃ​រថយន្ត​នេះ ត្រូវ​បាន​គេ​ដឹង​ថា​ងាយស្រួល​ជួសជុល និង​សក្ដិសម​សម្រាប់​ការងារ​កសិកម្ម។

១.Toyota Corolla (១៩៦៦-បច្ចុប្បន្ន លក់​បាន ៤៤,១ លាន​គ្រឿង)

ជំនាន់​ដំបូង​របស់ Corolla ប្រកាស​ក្នុង​ឆ្នាំ ១៩៦៦ លុះ​ដល់​ឆ្នាំ ១៩៧៤ ជាប់​ឈ្មោះ​ជា​រថយន្ត​លក់​ដាច់​បំផុត​ក្នុង​ពិភពលោក ក្រោយ​ចរាចរ​ចូល​ទីផ្សារ​ទាំង ១៥០ ប្រទេស។ លុះ​ដល់​ឆ្នាំ ២០១៥ ម៉ាក​នេះ​ក៏​បំបែក​កំណត់ត្រា​ថ្មី​ផ្សេង​ទៀត ជា​រថយន្ត​លក់​ដាច់​ច្រើន​ជាង ១,៣ លាន​គ្រឿង​ក្នុង​មួយ​ឆ្នាំ៕

ប្រភព៖ thejournal អត្ថបទ៖ កៅ រក្សា

មតិយោបល់