• 2021-11-30 03:29:33
  • ចំណេះដឹង

កុំពឹងតែលើខាងប្រុស ពេលមានឡានជិះស្រីៗគួរចេះវិធីថែរក្សាសំខាន់ៗ៤យ៉ាងនេះ

  • 2021-11-30 03:29:33
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

នេះ​គឺ​ជា​យុគសម័យ​​ដែល​មនុស្ស​ស្រី​ពោរ​ពេញ​ដោយ​សមត្ថភាព ហើយ​ក៏​មិន​ចាំ​បាច់​ត្រូវ​ពឹង​លើ​មនុស្ស​ប្រុស​គ្រប់​រឿង​នោះ​ដែរ។ សូម្បី​តែ​បញ្ហា​យានជំនិះ​ក៏​ដោយ​ កុំ​គិត​ថា​វា​ពិបាក​ស្មុគ​ស្មាញ​ ធ្វើ​មិន​កើត។ ពេល​មាន​ឡាន​ជិះ​ មិន​គួរ​បណ្តែត​បណ្តោយ​ ទុក​ទាល់តែ​ខូច​ទើប​ទៅ​រក​ជាង​ទេ ត្រូវ​ដឹង​ពី​វិធី​ថែរក្សា​សំខាន់​ៗ ៤ យ៉ាង ដែល​អ្នក​អាច​ធ្វើ​ដោយ​ខ្លួន​ឯង​បាន។

១. របៀប​ពិនិត្យ​មើល​កម្រិត​ប្រេង​ម៉ាស៊ីន​ក្នុង​ឡាន

ស្តាប់​ទៅ​ដូច​ជា​ពិបាក​បន្តិច​មែន​ ប៉ុន្តែ​កុំ​បារម្ភ​អី។ ដំបូង​គ្រាន់តែ​​បើក​គម្រប​ឡាន​ខាង​មុខ បន្ទាប់​មក​អ្នក​នឹង​ឃើញ ប្រអប់​រាង​ជ្រុង​មួយ​នៅ​ចំ​កណ្តាល​ដែល​​អាច​មូល​​និង​ដក​ចេញ​បាន។ បន្ទាប់​មក​ទៀត ត្រូវ​ដាក់​ឧបករណ៍​វាស់​ប្រេង​​ចូល​ទៅ​ឲ្យ​ដល់​បាត​ក្រោម​នៃ​ប្រអប់ ពេល​លើក​ចេញ​មក​វិញ​បើ​មើល​ឃើញ​ដូច​ក្នុង​រូប​ទី​១ មាន​ន័យ​ថា​ប្រេង​ម៉ាស៊ីន​នៅ​​ដំណើរ​ការ​ប្រក្រតី រូប​ទី​២ បង្ហាញ​​ថា​ប្រេង​ម៉ាស៊ីន​មាន​កម្រិត​ទាប​ ត្រូវ​ចាក់​បំពេញ​បន្ថែម ចំណែក​ឯ​រូប​ទី​៣​ បញ្ជាក់​ថា​ប្រេង​ម៉ាស៊ីន​កង្វក់​ណាស់ ត្រូវ​ផ្លាស់ប្តូរ​ចេញ​ម្តង​ហើយ​។

២. របៀប​សាក​អាគុយ​ឲ្យ​ពេញ​ឡើង​វិញ

ពេល​បញ្ឆេះ​ម៉ាស៊ីន​​ឡាន​មិន​ឆេះ​ដោយ​សារ​តែ​អស់​អាគុយ​ ​មិន​បាច់​ស្លន់ស្លោ​ឬ​អង្គុយ​ស្មុគ​តែ​ឯង​ទៀត​ទេ។ ត្រូវ​សម្លឹង​មើល​មនុស្ស​​នៅ​ជុំ​វិញ​ខ្លួន​ដែល​មាន​ឡាន​ជិះ ហើយ​សួរ​រក​ខ្សែ​សាក​ (បើ​អ្នក​មិន​មាន​) ​បើ​​គេ​បាន​យក​មក​ទុក​សាគួរ​ក្នុង​ឡាន អ្នក​គ្រាន់​តែ​​ខ្ចី​គេ​​សាក​មួយ​ភ្លែត ម៉ាស៊ីន​នឹង​ដំណើរ​ការ​ធម្មតា​វិញ​ហើយ។ ​

** របៀប​សាក​អាគុយ​ពី​ឡាន​ដទៃ*

  • ដាក់​ឡាន​ទាំង​ពីរ​ឲ្យ​នៅ​ជិត​ឬ​ទល់​មុខ​គ្នា​ ដើម្បី​ងាយ​ស្រួល​ក្នុង​ការ​ផ្ទេរ​ថាមពល​។
  • យក​ដង្គៀប​ដែល​មាន​​សញ្ញា​​បូក (ពណ៌​ក្រហម) ទៅ​កៀប​ឲ្យ​ជាប់​នឹង​អាគុយ​ប៉ូល​បូក​​ដូចគ្នា របស់​ឡាន​ដែល​​​មិន​អាច​ដំណើរ​ការ។
  • បន្ទាប់​មក​យក​ដង្គៀប​ដែល​មាន​​សញ្ញា​បូក (ពណ៌​ក្រហម) ទៅ​កៀប​ឲ្យ​ជាប់​នឹង​អាគុយ​ប៉ូល​បូក​​ដូចគ្នា របស់​ឡាន​ដែល​មាន​ថាមពល​ពេញ។
  • យក​ដង្គៀប​ដែល​មាន​សញ្ញា​​ដក​ (ពណ៌​ខ្មៅ) ទៅ​កៀប​ឲ្យ​ជាប់​នឹង​អាគុយ​ប៉ូល​ដក​ដូចគ្នា របស់​ឡាន​ដែល​មាន​ថាមពល​ពេញ។
  • នៅ​សល់​ដង្កៀប​ពណ៌​ខ្មៅ​ចុង​ក្រោយ​គេ អាច​យក​ទៅ​កៀប​នៅ​ត្រង់​កន្លែង​ណា​ដែល​ជា​​លោហធាតុ។
  • ពេល​កៀប​រួច​រាល់​សព្វ​គ្រប់​ហើយ ត្រូវ​បញ្ឆេះ​ម៉ាស៊ីន​ឡាន​ដែល​មាន​​ថាមពល​ពេញ ទុក​ចោល​៣-៥​នាទី។

ពេល​គ្រប់​នាទី​ហើយ​ត្រូវ​ដក​ដង្កៀប​ចេក​​វិញ​តាម​ដំណាក់កាល​ទើប​មិន​បណ្តាល​ឲ្យ​មាន​គ្រោះ​ថ្នាក់ ដូច​ជា​ផ្ទុះ​ឬ​បែក​ផ្កា​ភ្លើង​ជា​ដើម​។ របៀប​ដក​គ្រាន់​តែ​ ធ្វើ​បញ្ច្រាស​​ពី​ដំណាក់​កាល​​​ដែល​បាន​បញ្ចូល​ខាង​លើ​ គឺ​ត្រឹម​ត្រូវ​ហើយ (អាច​មើល​តាម​វីដេអូ​ខាង​ក្រោម​នេះ​បាន​)។ ​

៣. របៀប​លាង​ឡាន​ឲ្យ​បាន​ត្រឹម​ត្រូវ

ភាគ​ច្រើន​មនុស្ស​ស្រី​មិន​ចូល​ចិត្ត​លាង​ឡាន​ដោយ​ខ្លួន​ឯង​នោះ​ទេ ប៉ុន្តែ​យ៉ាង​ហោច​ណាស់​ ក៏​ត្រូវ​យក​ទៅ​ឲ្យ​គេ​លាង​​សម្អាត​ឲ្យ​បាន​ទៀត​ទាត់​ដែរ។ អ្នក​ជំនាញ បាន​ឲ្យ​យោបល់​ថា ឡាន​គួរ​លាង​ឲ្យ​បាន​ម្តង​ក្នុង​មួយ​ឬ​ពីរ​អាទិត្យ​។ បើ​អ្នក​រស់​នៅ​ជិត​សមុទ្រ ត្រូវ​លាង​ឲ្យ​បាន​ញឹក​ញាប់​​​ជាង​នេះ ព្រោះ​ជាតិ​អំបិល​អាច​ធ្វើ​ឲ្យ​ជាតិ​លោហៈ​របស់​ឡាន​ឆាប់​ពុក​ឬ​ច្រែះ។ ជា​ពិសេស​ផ្នែក​ខាង​ក្នុង​នៃ​ឡាន ត្រូវ​មាន​របៀប​​រៀប​រយ​និង​អនាម័យ​ល្អ ទើប​មិន​ផ្ទុក​មេរោគ​និង​ក្លិន​អាក្រក់​។

៤. របៀប​ចាក់​បំពេញ​ទឹក​​សម្រាប់​ផ្លិត​បក់​កញ្ចក់

កុំ​ចាំ​ដល់​​ពេល​ភ្លៀង​ទើប​ចាក់​បំពេញ។ ត្រូវ​ត្រៀម​ឲ្យ​បាន​រួច​រាល់​គ្រប់​ពេល​វេលា ដើម្បី​ទុក​ប្រើ​ពេល​កញ្ចក់​ស្អាប់​ពិបាក​មើល​។ ដំបូង​ត្រូវ​ ស្វែង​រក​គម្រប​ជ័រ​មួយ​​​ដែល​មាន​រូប​​ដូច​​កញ្ចក់​និង​មាន​ដំណក់​ទឹក​ភ្លៀង​នៅ​ចំ​កណ្តាល បន្ទាប់​មក​បើក​គម្រប​ចេញ ចាក់​ទឹក​ចូល​ (អាច​លាយ​ជាមួយ​ទឹក​សាប៊ូ​ក៏​បាន​)។ ពេល​ប្រើ​ផ្លិត​បក់​លើក​ក្រោយ កញ្ចក់​ឡាន​នឹង​ភ្លឺ​ថ្លា​ចែង​ចាំង។

ប្រភព៖ howstuffworks | jelly

មតិយោបល់