• 2021-11-05 03:49:52
  • ចំណេះដឹង

ឡហានទាំង១២នាក់ ជ្រោមជ្រែង Apple ឱ្យវ៉ាដាច់ក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់លើលោក

  • 2021-11-05 03:49:52
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Apple គឺជាក្រុមហ៊ុនបច្ចេកវិទ្យារបស់សហរដ្ឋអាមេរិច ដែលមានការិយាល័យកណ្ដាលនៅក្នុងទីក្រុងខូភូទីណូ (Cupertino) រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។

Apple ជាយក្សបច្ចេកវិទ្យាដ៏ធំ និងឈានមុខគេ ត្បិតអីក្រុមហ៊ុននេះ ក្ដោបក្ដាប់មូលធនទីផ្សារ ឬតម្លៃក្រុមហ៊ុនដល់ទៅ ២,១១៥ ទ្រីលានដុល្លារ ឈរលើតារាងខ្ពស់បំផុតក្នុងចំណោមក្រុមហ៊ុនបច្ចេកវិទ្យាទាំងអស់លើលោក នេះបើយោងតាមរបាយការណ៍ពី Companies Market Cap គិតត្រឹមពាក់កណ្ដាល ឆ្នាំ២០២១។

ដើម្បីក្លាយជាក្រុមហ៊ុនដែលមានផលិតផលពេញនិយមខ្លាំងលើសកលលោក ក៏ព្រោះតែ Apple មានក្បាលម៉ាស៊ីនសំខាន់ៗ សំដៅលើមនុស្សសំខាន់ៗ ពូកែៗ ដែលអាចហៅថាជាឡហានរបស់ Apple ចាំជួយជ្រោមជ្រែង និងជម្រុញ Apple មកដល់ដំណាក់កាលខ្ពស់បំផុត។ បុគ្គលទាំងនោះរួមមាន៖

Steve Jobs

Steve Jobs ជាអតីតនាយកប្រតិបត្តិ និងសហស្ថាបនិកដែលផ្ដួចផ្ដើមឱ្យមានក្រុមហ៊ុន Apple ។ មិនតែប៉ុណ្ណោះ Tim ក៏ជាត្រូវបានគេចាត់ទុកថាជា អ្នកជំនាញបំផុតក្នុងការរចនាម៉ូតផលិតផលទាក់ចិត្តមនុស្សគ្រប់គ្នាឲ្យបន្តបាក់ចិត្តស្ទើរតែគ្រប់ផលិតផល Apple ។

Steve Wozniak

Steve Wozniak ជាសហស្ថាបនិក Apple និងជាមនុស្សដំបូងដែលធ្វើការជាមួយ Steve Jobs បង្កើតផលិតជាច្រើននាំឱ្យពិភពលោកស្គាល់ Apple។ គេគ្រប់គ្នាហៅលោកថា Woz (ឈ្មោះហៅកាត់) ជាអ្នកជំនាញគ្រឿងអេឡិចត្រូនិច ហើយក៏ជាអ្នកសរសេរកម្មវិធីកុំព្យូទ័រផងដែរ។

Steve Jobs និង Steve Wozniak

គួរដឹងថា កាលពី Apple ចាប់ផ្ដើមដំបូងនៅ ឆ្នាំ១៩៧៦ លោក Steve Jobs គឺអ្នកគូសវាស រចនារូបរាងម៉ាស៊ីនកុំព្យូទ័រ រីឯ Woz ជាអ្នកផលិតគ្រឿងផ្គុំ និងបង្កើតកម្មវិធីសម្រាប់សម្រាប់កុំព្យូទ័រ។

Tim Cook

Tim Cook បច្ចុប្បន្នជានាយកប្រតិបត្តិរបស់ Apple ដោយបានចូលកាន់តំណែងនេះបន្ទាប់ពីលោក Steve Jobs ធ្លាក់ខ្លួនឈឺ និងទទួលមរណៈភាព។ គិតត្រឹម ខែសីហា ឆ្នាំ២០២១ ជាគម្រប់ខួប ១០ឆ្នាំ នៃការឡើងកាន់តំណែងរបស់គាត់ហើយ។

ជាង ១ទសវត្សរ៍ ចុងក្រោយនេះ Cook ជាបុគ្គលសំខាន់ធ្វើឱ្យ Apple ប្រែក្លាយជាក្រុមហ៊ុនដែលមានទ្រព្យមូលធនត្រឹមពាន់លានដុល្លារ ដល់ទៅទ្រីលានដុល្លារ និងធ្វើឱ្យ Apple ជាក្រុមហ៊ុនបច្ចេកវិទ្យាឈរខ្ពស់ជាងគេក្នុងពិភពលោក ខ្ពស់ជាង Microsoft និង Amazon ដែលជាក្រុមហ៊ុនធំៗរបស់អាមេរិចថែមទៀតផង។

Craig Federighi

Craig Federighi ជាអនុប្រធានជាន់ខ្ពស់នៅ Apple កាន់កាប់ផ្នែក Software Engineering។ វិស្វការអាយុ ៥១ឆ្នាំ រូបនេះ បានដឹកនាំអភិវឌ្ឍ macOS ហើយក៏ទទួលខុសត្រូវលើប្រព័ន្ធប្រតិបត្តិការ iOS ផងដែរ។

Greg “Joz” Joswiak

Greg “Joz” Joswiak ជាអនុប្រធានជាន់ខ្ពស់ផ្នែកទីផ្សារទូទាំងពិភពលោក។ បុគ្គលសំខាន់ម្នាក់នេះបានបម្រើការងារនៅ Apple អស់រយៈពេល ៣៥ឆ្នាំ។

ខណៈកាន់ការងារផ្នែកទីផ្សារ Joswiak ក៏គាត់ក៏ធ្លាប់ចូលរួមខាងបច្ចេកទេសក្នុងក្រុមផលិតម៉ាស៊ីនកុំព្យូទ័រ Machintosh និងធ្លាប់អភិវឌ្ឍ iPod និង iPhone ផងដែរ។

Jeff Williams

Jeff Williams មានតួនាទីជាប្រធាននាយកប្រតិបត្តិ ហើយក៏ជាតំណែងសំខាន់មួយដែល Tim Cook បានបម្រើការ មុនលោកឡើងជានាយកប្រតិបត្តិបច្ចុប្បន្ន។

Williams មានអាយុ ៥៨ឆ្នាំ បម្រើការងារនៅ Apple អស់រយៈពេល ២៣ឆ្នាំ ហើយបានដើរតួយ៉ាងសំខាន់ក្នុងការដាក់បង្ហាញទូរសព្ទ iPhone ដំបូង។ គាត់ក៏បានដឹកនាំការអភិវឌ្ឍ Apple Watch ដែលជាផលិតផលកំពុងប្រកួតប្រជែងខ្លាំងក្នុងពិភពលោកបច្ចុប្បន្នផងដែរ។

Eddy Cue

Eddy Cue បម្រើការងារនៅ Apple អស់រយៈពេល ៣២ឆ្នាំ បច្ចុប្បន្នមានតួនាទីជា អនុប្រធានជាន់ខ្ពស់ផ្នែកកម្មវិធី និងសេវាកម្មអ៊ីនធឺណិតនៅ Apple។ គាត់គ្រប់គ្រងអាជីវកម្មរបស់ក្រុមហ៊ុនទាំងអស់ រួមមាន Apple Music, Apple Pay និង iCloud។

Phil Schiller

Phil Schiller ជាដឹកនាំជាន់ខ្ពស់របស់ក្រុមហ៊ុន Apple គាត់ក៏ជាអ្នកណែនាំក្រុមហ៊ុននេះអំពីផលិតផល ក៏ដូចជាផ្នែកទីផ្សារអស់រយៈពេល ៣០ឆ្នាំ មកហើយ។ ក្រៅពីនេះ គាត់ក៏ជាមនុស្សសំខាន់ក្នុងការដឹកនាំផលិតផល App Store ក៏ដូចជា Apple Evens ដែលក្រុមហ៊ុនធ្វើជាប្រចាំកន្លងមក។

Johny Srouji

Johny Srouji មានតួនាទីជា អនុប្រធានជាន់ខ្ពស់ផ្នែកបច្ចេកវិទ្យា Hardware របស់ក្រុមហ៊ុន Apple និងទទួលបន្ទុកគម្រោង Apple Silicon ដែលជាផែនការ ១០ឆ្នាំ ខាងមុខរបស់ Apple។ បុគ្គលវ័យ ៥៧ឆ្នាំ រូបនេះ ក៏ជាផ្នែកសំខាន់មួយជម្រុញ Apple ជោគជ័យខ្លាំងផងដែរ។

John Ternus

John Ternus ជាអនុប្រធានជាន់ខ្ពស់ផ្នែកវិស្វកម្ម Hardware ដែលបម្រើការងារឱ្យ Apple អស់រយៈពេល ២០ឆ្នាំ មកហើយ។ គាត់ក្ដោបក្ដាប់ការងារវិស្វកម្ម Hardware របស់ iPad គ្រប់ជំនាន់ និង iPhone ស៊េរីចុងក្រោយ រួមទាំង AirPod ផងដែរ។

គេមិនដឹងពីអាយុពិតរបស់គាត់នោះទេ ប៉ុន្ដែគេដឹងច្បាស់ថា គាត់ជាបុគ្គលដឹកនាំសំខាន់មួយ ដែលបានប្ដូរកុំព្យូទ័រ Mac ឱ្យប្រើប្រព័ន្ធបន្ទះឈីប Apple Silicon M1 ទាំងអស់នៅពេលខាងមុខ។

Dan Riccio

Dan Riccio ជាអតីតប្រធានវិស្វកម្មផ្នែក Hardware ដោយទទួលតួនាទីសំខាន់ៗ Hardware របស់ កុំព្យូទ័រ Mac, iPhone, iPad និង iPod ជាដើម។ គាត់ធ្វើការនៅ Apple អស់រយៈពេល ២៣ឆ្នាំមកហើយ។

បច្ចុប្បន្ន Ricco កំពុងកាន់តួនាទីលើគម្រោងថ្មី ផ្នែកឧបករណ៍ VR និង AR របស់ Apple។

Jony Ive

Jony Ive ជាអតីតប្រធានផ្នែក Design នៅ Apple គាត់ក៏ជាបុគ្គលដែលមានស្នាដៃម្នាក់ ត្បិតផលិតផលរបស់ Apple ជាច្រើនរួមមាន MacBook Pro, iMac, MacBook Air, iPod, iPod Touch, iPhone, iPad, iPad Mini និងប្រព័ន្ធប្រតិបត្តិការ iOS សុទ្ធតែបានឆ្លងកាត់ស្នាដៃឌីហ្សាញរបស់គាត់ទាំងអស់។

Jony បានបម្រើការអស់រយៈពេល ២៩ឆ្នាំ និងបានលាឈប់ពី Apple នៅ ខែវិច្ឆិកា ឆ្នាំ២០១៩ ទៅបើកក្រុមហ៊ុនផ្ទាល់ខ្លួន។

សរុបមកបុគ្គលទាំងអស់ខាងលើ សុទ្ធសឹងជាកម្លាំងចលករសំខាន់ៗ ដែលជម្រុញឱ្យ Apple មានថ្ងៃនេះ និងធ្វើឱ្យក្រុមហ៊ុនបច្ចេកវិទ្យាយក្សរបស់អាមេរិច បានឈរនៅតារាងកំពូល ជាក្រុមហ៊ុនមានទ្រព្យមូលធនកាន់នៅក្នុងដៃច្រើនជាងគេ៕

ប្រភព៖ Apple | AppleInsider ប្រែ​សម្រួល៖ កុសល

មតិយោបល់