• 2021-10-28 10:28:16
  • ចំណេះដឹង

អ្នកជំនាញប្រាប់ឲ្យប្រយ័ត្ន កម្មវិធីដែលទាមទារឱ្យអ្នកបញ្ចូលលេខទូរសព្ទដើម្បីទទួលសារ SMS

  • 2021-10-28 10:28:16
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

វាមិនមានជារឿងចម្លែកទេ ដែលក្រុមជនខិលខូចបានបង្កើតកម្មវិធីក្លែងក្លាយដើម្បីលួចទាញយកទិន្នន័យរបស់អ្នកប្រើប្រាស់ ប៉ុន្តែកាលពីពេលថ្មីៗនេះក្រុមហ៊ុនអភិវឌ្ឍន៍កម្មវិធីការពារមេរោគ Avast បានរកឃើញថា ក្រុមជនខិលខូចបានបង្កើតកម្មវិធីក្លែងក្លាយជាច្រើន ដែលមានមុខងារផ្សេងៗគ្នាមានដូចជា custom keyboards, QR code scanners, spam call blockers, photo editor, camera filter និងកម្មវិធី games ដើម្បីបោកប្រាស់ជនរងគ្រោះឱ្យបញ្ចូលលេខទូរសព្ទដើម្បីទទួលសារពីបរទេសដែលមានកម្រៃសេវាកម្មខ្ពស់ រហូតដល់ទៅ ៤០ដុល្លារក្នុងមួយខែ។

នៅពេលដែលអ្នកប្រើប្រាស់ទាញយកកម្មវិធីទាំងនោះ វានឹងទាញយកទីតាំង និងលេខសម្គាល់របស់ទូរសព្ទ (International Mobile Equipment Identity-IMEI) ដើម្បីកំណត់លេខកូដតំបន់ និងភាសារបស់ប្រទេស ដើម្បីងាយស្រួលក្នុងការបោកបញ្ឆោត។ ក្នុងករណីដែលអ្នកប្រើប្រាស់មិនបានបញ្ចូលលេខទូរសព្ទ កម្មវិធីនេះនឹងមិនមានដំណើរការអ្វីទាំងអស់។

រហូតមកដល់ពេលបច្ចុប្បន្ន ក្រុមហ៊ុនបានរកឃើញកម្មវិធីចំនួន១៥១ ដែលបានបង្កើតឡើងសម្រាប់ធ្វើការបោកប្រាស់ប្រភេទនេះ ដែលពួកគេឱ្យឈ្មោះថា UltimaSMS ហើយត្រូវបានទាញយកចំនួនប្រមាណ ១០,៥លានដងពី Google Play Store ដែលភាគច្រើនកើតមានឡើងនៅក្នុងប្រទេសមជ្ឈិមបូព៌ា មានដូចជា អេហ្ស៊ីប អារ៉ាប៊ីសាអូឌីត និងប៉ាគីស្ថាន។ សម្រាប់សហរដ្ឋអាមេរិច និងប៉ូឡូញវិញក៏មានអ្នកទាញយកកម្មវិធីនេះច្រើនគួរសមផងដែរ។

ទោះបីជាកម្មវិធីប្រភេទនេះមិនមានការប៉ះពាល់ខ្លាំងនៅក្នុងប្រទេសកម្ពុជា ដោយសារតែក្រុមហ៊ុនផ្ដល់សេវាកម្មទូរសព្ទមិនទាមទារឱ្យបង់ថ្លៃសេវាកម្មក្នុងការទទួលសារពីក្រៅប្រទេសក្ដី ប៉ុន្តែលោកអ្នកគួរតែមានការប្រុងប្រយ័ត្នក្នុងករណីដែលលោកអ្នកអាច ច្រឡំផ្ញើសារ ឬតេត្រឡប់ទៅវិញដោយចៃដន្យដែលនាំឱ្យខាតបង់ប្រាក់កាស។ ដូច្នេះលោកអ្នកគួរតែចៀសវាងបញ្ចូលលេខទូរសព្ទទៅក្នុងកម្មវិធីណាដែលមិនមានប្រភពច្បាស់លាស់៕

មតិយោបល់