• 2021-09-13 07:42:38
  • គន្លឹះ

១០ ចំណុច​សំខាន់ណាស់ ជួយ​កាត់បន្ថយ​ហានិភ័យ​​គ្រោះថ្នាក់​ចរាចរណ៍​បាន​!

  • 2021-09-13 07:42:38
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

លើ​ដង​ផ្លូវ មាន​អ្នក​បើកបរ​គ្រប់​ប្រភេទ ដែល​មាន​ឥរិយាបថ​ក្នុង​ការ​បើកបរ​ផ្សេងៗ​គ្នា​។ គ្រោះថ្នាក់​ចរាចរណ៍ បាន​ឆក់​យក​អាយុជីវិត​ ពិការ​ ខូចខាត​ទ្រព្យសម្បត្តិ និង​ខាតបង់​ពេលវេលា ដែល​មាន​ទាក់ទង​តាំង​ពី​លក្ខណៈ​យានយន្ត រហូត​ដល់​ឥរិយាបថ​អ្នក​បើកបរ​។ 

ក្នុង​ការ​កាត់បន្ថយ​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍ អ្នក​អាច​ពិនិត្យ​មើល សម្រាប់​ឲ្យ​ការ​បើកបរ​លើ​ដង​ផ្លូវ​កាន់​តែ​មាន​សុវត្ថិភាព ហើយ​កត្តា​ដែល​សំខាន់​បំផុត​គឺ​ប្រយ័ត្ន​ និង​អនុវត្ត​នូវ​គន្លឹះ​ខាងក្រោម៖

១ ប្រាកដ​ថា​រថយន្ត​ដំណើរការ​ប្រក្រតី​

ការ​ថែទាំ​រថយន្ត​មិន​ត្រឹម​តែ​ធ្វើ​ឲ្យ​ការ​ប្រើប្រាស់​រថយន្ត​បាន​យូរ​អង្វែង​ប៉ុណ្ណោះ​ទេ​ ថែម​ទាំង​ផ្តល់​នូវ​សុវត្ថិភាព​កំឡុង​ពេល​បើកបរ​ទៀត​ផង​។ ដូច្នេះ​ម្ចាស់​រថយន្ត​ពុំ​គួរ​មើល​រំលង​បញ្ហា​តិចៗ​លើ​រថយន្ត​នោះ​ទេ​ បើ​អាច​គួរ​ជួសជុល​តែ​ម្តង​។

បញ្ហា​ប្រឈម​ខ្លាំង​គឺ​ ខ្យល់​កង់​រថយន្ត​ កាល​ណា​សំពាធ​ខ្យល់​ខ្ពស់​ពេក​ ឬ​ទាប​ពេក​ អាច​មាន​ផល​ប៉ះពាល់​ដល់​ដំណើរ​រថយន្ត​លើ​ដង​ផ្លូវ​ជា​ពិសេស​រថយន្ត​ល្បឿន​លឿន​ ឬ​ទម្ងន់​ធ្ងន់​ដូចជា​ SUVs។ អ្នក​គួរ​ស្ទង់​សំពាធ​ខ្យល់​ដោយ​ខ្លួនឯង​ដោយ​ប្រើ​ឧបករណ៍​ Pressure gauge ឬ​ទៅ​យានដ្ឋាន​សម្រាប់​ពិនិត្យ​មើល​នូវ​តុល្យភាព​ខ្យល់​ឲ្យ​បាន​ត្រឹមត្រូវ​។ បញ្ហា​មួយ​ផ្សេង​ទៀត​គឺ​ប្រព័ន្ធ​ហ្វ្រាំង​ អ្នក​គួរ​ប្រាកដ​ថា​ហ្វ្រាំង​មាន​ដំណើរការ​ប្រក្រតី​ ស៊ី​ និង​ងាយស្រួល​ជាន់​ ឬ​អាច​ពិនិត្យ​នៅ​យានដ្ឋាន​មុន​ពេល​ធ្វើ​ដំណើរ​ផ្លូវ​ឆ្ងាយ​ ព្រោះ​ក្នុង​ករណី​ប្រព័ន្ធ​ហ្វ្រាំង​សឹក​ នឹង​អាច​មាន​បញ្ហា​ជាមួយ​នឹង​ប្រព័ន្ធ​ Hydraulic (ប្រើ​ក្នុង​ប្រព័ន្ធ​ហ្វ្រាំង​ បន្ថយ​ល្បឿន​រថយន្ត​ដោយ​សំពាធ​) របស់​រថយន្ត​។

២ អនុវត្ត​ការ​បើកបរ​ដោយ​មាន​ភាព​ការពារ​ខ្លួន​

ការ​បើកបរ​លើ​ដង​ផ្លូវ​កុំ​ព្យាយាម បើក​លឿន វ៉ា ហើយ​រេ​ចុះ​ឡើង​នៅ​ពី​មុខ​រថយន្ត​អ្នក​ដទៃ ការ​បើកបរ​បែប​នេះ មិន​សង្ហារ​ទេ តែ​គ្រោះថ្នាក់​។ យ៉ាងណាមិញ បើ​ទោះ​ជា​អ្នក​មិនមែន​ជា​មនុស្ស​បើកបរ​បែប​នោះ ក៏​អាច​ជួប​នឹង​អ្នក​បើកបរ​បែប​នោះ​ដែរ លើ​ដង​ផ្លូវ​។ ជា​រួម អ្នក​គួរ​បើកបរ​នៅ​លើ​ជួរ​ផ្លូវ​រថយន្ត រក្សា​គម្លាត​បើកបរ​ឲ្យ​បាន​ត្រឹមត្រូវ ហើយ​ព្យាយាម​អត់ធ្មត់​ពេល​ស្ទះ​ចរាចរណ៍​។ 

៣ ប្រយ័ត្ន​អ្នក​បើកបរ​ផ្សេង​ទៀត​

ពេល​ខ្លះ​អ្នក​បាន​បើកបរ​ក្នុង​ល្បឿន​កំណត់ គោរព​ច្បាប់​ចរាចរណ៍​បាន​ល្អ តែ​នៅ​តែ​មាន​អ្នក​បុក​អ្នក។ សូម​ចាំ​ថា នៅ​លើ​ផ្លូវ​មាន​មនុស្ស​គ្រប់​ប្រភេទ មាន​ឥរិយាបថ​បើកបរ​ផ្សេង​គ្នា ដូច្នេះ​អ្នក​គួរ​មាន​ការ​ប្រុងប្រយ័ត្ន​ចំពោះ​ហេតុការណ៍​ដែល​នឹកស្មាន​មិន​ដល់ ដូចជា វៃ​ស៊ី​ញរ​ឆ្វេង​បត់​ស្តាំ ជិះ​បញ្ច្រាស​ទិស ជិះ​វ៉ា​គារ​ខាងមុខ​រថយន្ត ជាន់​ហ្វ្រាំង​ភ្លាមៗ បត់​មិន​វៃ​ស៊ី​ញរ និង​ករណី​ផ្សេងៗ​ទៀត​។ ជា​រួម អ្នក​គួរ​ពិនិត្យ​មើល​ស្ថានភាព​តាម​កញ្ចក់ និង​សម្លឹង​មើល​នៅ​សងខាង នូវ​កាល​បើកបរ​របស់​អ្នក​ដទៃ កុំ​គ្រាន់​តែ​ផ្ដោត​អារម្មណ៍​លើ​ផ្លូវ​ខាងមុខ​រថយន្ត អ្នក​គួរ​សម្លឹង​មើល​ទៅ​ឆ្ងាយ​បន្តិច​ប្រហែល​ជា ៤០ ម៉ែត្រ​ឡើង​ទៅ​។

៤ កុំ​បើក​ពី​ក្រោយ​ជិត​ពេក​

ពេល​អ្នក​បើកបរ​លើ​ដង​ផ្លូវ គួរ​ប្រាកដ​ពី​គម្លាត​រវាង​រថយន្ត​ខាងមុខ ដើម្បី​ផ្តល់​នូវ​ពេលវេលា​គ្រប់គ្រាន់​ដល់​រថយន្ត​ក្នុង​ការ​បន្ថយ​ល្បឿន ឬ​ឈប់​ពេល​រថយន្ត​ខាងមុខ​បន្ថយ ឬ​ឈប់​រថយន្ត​ភ្លាមៗ​ដោយ​ចៃដន្យ​។ អ្នក​អាច​អនុវត្ត​នូវ​ក្បួន បី​វិនាទី ដែល​ណែនាំ​ដោយ​អ្នក​ជំនាញ ដោយ ពេល​រថយន្ត​ខាងមុខ​ឆ្លង​កាត់​នូវ​ដើមឈើ ឬ​វត្ថុ​ផ្សេង​នៅ​ក្បែរ​ផ្លូវ អ្នក​អាច​រាប់​ចំនួន​បី​វិនាទី ប្រសិនបើ​មិន​ទាន់​ដល់​បី​វិនាទី​ផង អ្នក​ដល់​ដើមឈើ​នោះ មាន​ន័យ​ថា អ្នក​ស្ថិត​នៅ​គម្លាត​គួរ​ឲ្យ​បារម្ភ​ណាស់ ដូច្នេះ​អ្នក​អាច​បន្ថយ​ល្បឿន​រួច​សាកល្បង​រាប់​ម្តង​ទៀត ដើម្បី​ឲ្យ​ប្រាកដ​ថា​អ្នក​ដល់​ដើមឈើ​នោះ​ដែរ ក្រោយ​បី​វិនាទី​។ ប្រសិនបើ​អ្នក​បើក​ពេល​យប់ ឬ​អាកាសធាតុ​មិន​ល្អ គួរ​រាប់ ៦វិនាទី។ យ៉ាង​ណា​មិញ អ្នក​គួរ​ប្រើប្រាស់​ល្បឿន ដែល​អាច​គ្រប់គ្រង​បាន​។

៥ បន្ថែម​ការ​ប្រុងប្រយ័ត្ន​ពេល​អាកាសធាតុ​មិន​ល្អ​

ប្រសិនបើ​អ្នក​បើកបរ​ក្នុង​ស្ថានភាព​ភ្លៀង​តិច ឬ​ខ្លាំង ឬ​ខ្យល់​ខ្លាំង អ្នក​ត្រូវ​បន្ថែម​ការ​ប្រុងប្រយ័ត្ន​ទ្វេដង ដោយ​ប្រើប្រាស់​ល្បឿន​សម​ល្មម កុំ​ជិះ​កៀក​នឹង​យានយន្ត​ខាងមុខ និង​ជា​ពិសេស​ប្រយ័ត្ន​ផ្លូវ​បត់​។ ម្យ៉ាងទៀត ក្នុងករណី ផ្លូវ​មាន​លក្ខណៈ​រអិល ឬ​ឧបសគ្គ​ច្រើន បើសិនជា​អ្នក​មិន​ប្រាកដ​នឹង​ការ​បើកបរ​លើ​ឧបសគ្គ​ទាំង​នេះ អ្នក​អាច​ឲ្យ​អ្នក​ផ្សេង (ធ្លាប់​បើក​ផ្លូវ​បែប​នេះ​) បើក​ជំនួស​បាន​។

ចុច​អាន​៖ របស់​សាមញ្ញ​ៗ ៣ យ៉ាង​មិន​គួរ​ទុក​ចោល​នៅ​ក្នុង​រថយន្ត

៦ ពាក់​ខ្សែ​ក្រវាត់​សុវត្ថិភាព​

ការ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​រាល់​ពេល​ធ្វើ​ដំណើរ​នឹង​អាច​ជួយ​កាត់បន្ថយ​អត្រា​គ្រោះថ្នាក់​បាន​មួយ​ចំនួន​ផង​ដែរ​ ពី​ការ​ប៉ះ​ទង្គិច​ ឬ​អក​សឺ​នឹង​អ្វី​មួយ​។ ទោះ​ជា​ក្មេង​ក៏​ដោយ​ ចាស់​ក៏​ដោយ​គួរ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​។ ក្នុង​ករណី​អ្នក​មិន​ពាក់​ខ្សែក្រវាត់​ នៅ​កម្រិត​ល្បឿន​យឺត​ពេល​ប៉ះ​ទង្គិច​ អាច​នឹង​ធ្វើ​ឲ្យ​អ្នក​ប៉ះ​នឹង​ផ្ទៃ​ខាងមុខ​រថយន្ត​ បែក​ក្បាល​ ឬ​បាក់​ឆ្អឹង​ជា​ដើម​ ហើយ​បើ​នៅ​កម្រិត​ល្បឿន​លឿន​វិញ​ កាន់​តែ​គ្រោះថ្នាក់​ដោយ​អាច​ប្លោង​ចេញ​ក្រៅ​តាម​កញ្ចក់​ខាងមុខ​ ទៅ​ប៉ះ​នឹង​អ្វី​មួយ​ថែម​ទៀត​ ជា​រួម​រាល់​ពេល​ធ្វើ​ដំណើរ​គួរ​ពាក់​ខ្សែក្រវាត់​សុវត្ថិភាព​។

៧ កុំ​បើកបរ​ក្នុង​សភាព​ងោក​

ក្នុង​ករណី​អ្នក​បើកបរ​មាន​ភាព​នឿយហត់​ ឬ​ល្វើយ​ ដល់​ថ្នាក់​ដេក​លក់​ ឬ​ងោក​តែ​បន្តិច​ អាច​នឹង​មាន​ផល​អាក្រក់​ដោយ​អាច​ប៉ះ​ទង្គិច​នឹង​ដើមឈើ​ មនុស្ស​ របាំង​ទ្រូង​ផ្លូវ​ ឬ​ស្ពាន​ ដែល​បង្ក​ជា​គ្រោះថ្នាក់​ដ៏​អាក្រក់​។ អ្នក​គួរ​សម្រាក​ឲ្យ​បាន​គ្រប់គ្រាន់​ដោយ​ ៨ ម៉ោង​ជា​រៀង​រាល់​យប់​។ ការ​គេង​មិន​គ្រប់គ្រាន់​អាច​ធ្វើ​ឲ្យ​អ្នក​ឆាប់​ល្វើយ​ និង​បាត់បង់​នូវ​ការ​ផ្ដោត​អារម្មណ៍​។ អ្នក​គួរ​ដឹង​ខ្លួន​ឯង​ សូម​កុំ​ប្រថុយ​ប្រថាន​ ប្រសិនបើ​អ្នក​ងងុយ​ ឬ​ល្វើយ​ អ្នក​អាច​ឈប់​សម្រាក​ ប៉ុន្មាន​ម៉ោង​ ឬ​ឲ្យ​មិត្តភក្ដិ​ជួយ​បើកបរ​ជំនួស​ប្រសិនបើ​មាន​ ជា​រួម​ប្រាកដ​ថា​ខ្លួន​ស្វាង​ល្អ​ ពេល​បើកបរ​។

៨ ជៀសវាង​ការ​រំខាន​កំឡុង​ពេល​បើកបរ​

ការ​ប្រើប្រាស់​ទូរស័ព្ទ បរិភោគ​អាហារ​ ផាត់មុខ​ ឬ​ការ​ជជែក​កំសាន្ត​ជាមួយ​នឹង​អ្នក​ក្នុង​រថយន្ត​ ក៏​អាច​មាន​ហានិភ័យ​ចំពោះ​សុវត្ថិភាព​ក្នុង​ការ​បើកបរ​ផង​ដែរ​ ព្រោះ​សកម្មភាព​ទាំង​នេះ​ធ្វើ​ឲ្យ​អ្នក​បាត់បង់​នូវ​កម្រិត​យក​ចិត្ត​ទុក​ដាក់​លើ​យានយន្ត និង​ដង​ផ្លូវ​។ បើ​តាម​ដំបូន្មាន​របស់​លោក​ Jim Morrison ដែល​ជា​តន្ត្រីករ​ផ្នែក​ Rock គឺ​រក្សា​ភ្នែក​អ្នក​នៅ​នឹង​ផ្លូវ​ ហើយ​ដៃ​ទាំងពីរ​លើ​ចង្កូត​។

៩ ប្រើ​ល្បឿន​ដែល​អាច​គ្រប់គ្រង​បាន​

ល្បឿន​ជា​កត្តា​ចំបង​ក្នុង​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ ដូច្នេះ​អ្នក​គួរ​ប្រើ​ល្បឿន​ក្នុង​កម្រិត​ដែល​អាច​គ្រប់គ្រង​បាន​ ដោយ​កំណត់​ល្បឿន​ក្នុង​ទី​ប្រជុំជន​ ៤០ គីឡូម៉ែត្រ​ ក្នុង​ ១ម៉ោង និង​ក្រៅ​ទីប្រជុំជន​ ៨០ គីឡូម៉ែត្រ​ ក្នុង ១ម៉ោង សម្រាប់​រថយន្ត​គ្រប់​ប្រភេទ​។ យ៉ាង​ណា​មិញ​ វា​អាច​ពិបាក​ក្នុង​ការ​កំណត់​ល្បឿន​បែប​នេះ​ ពេល​អ្នក​មាន​កាល​ប្រញាប់​ ប៉ុន្តែ​បើ​ប្រញាប់​អ្នក​អាច​ចេញ​ដំណើរ​មុន​ម៉ោង​បន្តិច​នោះ​ពិត​ជា​ល្អ​។

ចុច​អាន​៖ ភ្លើង​ហ្វា ភ្លើង​កូដ​​ក្នុង​ស្ថានភាព​និង​ពេល​វេលា​បែប​ណា​ត្រូវ​ប្រើប្រាស់?

១០​ កុំ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​

ការ​បើកបរ​ក្នុង​ស្ថានភាព​ស្រវឹង​ធ្វើ​ឲ្យ​អ្នក​បើកបរ​បាត់បង់​នូវ​ស្មារតី​ក្នុង​ការ​គ្រប់គ្រង​រថយន្ត​ ជា​ពិសេស​ទាក់​ទង​នឹង​ល្បឿន​ ការ​បត់​ និង​ការ​ឆ្លើយ​តប​ទៅ​នឹង​ឧបសគ្គ​នៅ​ផ្លូវ​ខាងមុខ​។ ម្យ៉ាង​ទៀត​ការ​ប្រើ​ជាតិ​ស្រវឹង​លើស​ប្រមាណ​អាច​ធ្វើ​ឲ្យ​ភ្នែក​មាន​លក្ខណៈ​ស្រវាំង​ មើល​មិន​សូវ​ច្បាស់​ ជា​ពិសេស​ពេល​យប់​។ កន្លង​មក​ មាន​បញ្ហា​គ្រោះថ្នាក់​ចរាចរណ៍​ជាច្រើន​ ដែល​ភាគច្រើន​បណ្តាល​មក​ពី​សារធាតុ​ស្រវឹង​។ ជា​រួម​ ​បើ​អ្នក​មាន​ជាតិ​ស្រវឹង​ក្នុង​ខ្លួន​ តិច​ ឬ​ច្រើន​ ពុំ​គួរ​បើកបរ​នោះ​ទេ​ ដោយ​អាច​ពឹង​មិត្តភក្ដិ​ ឬ​ចាំ​ស្វាង​សិន​សឹម​ធ្វើ​ដំណើរ​បន្ត​៕

ប្រភព៖ howstuffworks ប្រែសម្រួល៖ ប៊ុន ធឿន

មតិយោបល់