• 2021-08-30 06:26:59
  • ចំណេះដឹង

៦ វិធី​អាច​យក​ទៅ​សាកល្បង​បាន បើបរិវេណ​ក្នុង​រថយន្ត​ងាយ​ឡើង​កម្តៅ

  • 2021-08-30 06:26:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

អ្នក​បើកបរ​រថយន្ត​ភាគ​ច្រើន​ឧស្សាហ៍​រអ៊ូ​តើ​ហេតុអ្វី​ផ្ទៃ​ខាង​ក្នុង​រថយន្ត​ខ្លួន​ឆាប់​ឡើង​កម្តៅ​ខ្លាំង​ម្ល៉េះ? ចម្លើយ​ក៏​មក​ពី​ចន្លោះ​ប្រហោង​មួយ​ចំនួន ដែល​អ្នក​ប្រើប្រាស់​មិន​សូវ​ចាប់​អារម្មណ៍ មាន​តាំង​ពី​ទម្លាប់​ចត​ឡាន​ខុស​ទីតាំង​រហូត​ដល់​​ការ​ពុំ​បាន​ប្រើប្រាស់​ឧបករណ៍​ជំនួយ។ គន្លឹះ​ទាំង ៦ ខាង​ក្រោម ម្ចាស់​យានយន្ត​គួរ​យក​ទៅ​អនុវត្ត​និង​ស្វែងយល់​ឲ្យ​បាន​ច្បាស់។

១.ត្រូវ​ចត​រថយន្ត​ជៀស​ឲ្យ​ឆ្ងាយ​ពី​ពន្លឺ​ព្រះអាទិត្យ:

​តាម​បណ្តា​ទី​សាធារណៈ​អ្នក​គួរ​ចត​រថយន្ត​នៅ​ទីតាំង​ម្លប់ អាច​ជា​ក្រោម​ដើម​ឈើ​ធំៗ​ឬ​ក្រោម​សំយាប​ណា​មួយ ដើម្បី​ការពារ​កុំ​ឲ្យ​ក្តៅ​រថយន្ត។ ប្រសិន​ជា​នៅ​គេហដ្ឋាន អ្នក​មាន​ទីតាំង​ដាក់​រថយន្ត​ផ្ទាល់​ខ្លួន​ក៏​គួរ​តែ​ទម្លាប់​ប្រើប្រាស់​ ដោយ​ក្រៅ​ពី​ជួយ​ឲ្យ​រថយន្ត​មាន​សភាព​ស្អាត​ក៏​ជា​ការ​ការពារ​សុវត្ថិភាព​មួយ​ផង​ដែរ។

២.ប្រើ​រនាំង​បាំង​ការពារ​កម្តៅ​ថ្ងៃ:

បញ្ចៀស​កម្តៅ​កុំ​ឲ្យ​បាញ់​ចូល​ទៅ​ខាង​ក្នុង​បរិវេណ​រថយន្ត ជា​ពិសេស​ត្រង់​ផ្នែក​ចង្កូត​និង​ចង្កឹះ​លេខ​ដែល​ជា​ផ្នែក​សំខាន់ អ្នក​អាច​រក​ទិញ​បាន​នូវ​ឧបករណ៍​ឬ​រនាំង​បាំង​ការពារ​កម្តៅ​មាន​វិមាត្រ​ធំ​ល្មម​បិទ​ជាប់​លើ​ផ្ទៃ​កញ្ចក់​មុខ។

៣.បើក​បង្អួច​ចោល:

ការ​បើក​ចំហ​បង្អួច​អាច​អនុញ្ញាត​ឲ្យ​មាន​ខ្យល់​ចេញចូល និង​សីតុណ្ហភាព​ខាង​ក្នុង​មិន​សូវ​ហប់​ខ្លាំង ប៉ុន្តែ​ប្រសិន​ចត​រថយន្ត​នៅ​ខាង​ក្រៅ​និង​ឆ្ងាយ​ពី​ទីតាំង​ដែល​អ្នក​ឈរ យើង​មិន​ណែនាំ​ឲ្យ​ធ្វើ​បែប​នេះ​ឡើយ ​ព្រោះ​ជា​ភាព​ងាយស្រួល​ដល់​ជន​ខិលខូច​ដែល​មាន​បំណង​ចង់​យក​របស់​តម្លៃ​មាន​តម្លៃ​ក្នុង​រថយន្ត។

៤.គ្រប​ដណ្តប់​ផ្នែក​កៅអី:

ផ្នែក​តាបឡូ​នៃ​រថយន្ត​ទំនើប​សព្វថ្ងៃ សុទ្ធ​សឹង​រចនា​ជា​ផ្ទៃ​ពណ៌​ខ្មៅ ដោយ​សូម្បី​តែ​កៅអី​ពូក​ស្បែក​ក៏​ដូច​គ្នា។ ដំណោះស្រាយ​ល្អ​បំផុត​អ្នក​អាច​រក​ជាវ​គម្រប​កៅអី​ខុស​ពី​ពណ៌​ខ្មៅ ដែល​មិន​ងាយ​ស្រូប​កម្តៅ​នៃ​ពន្លឺ​ព្រះ​អាទិត្យ។

៥.ជូត​សម្អាត​ផ្នែក​ងាយ​ឡើង​កម្តៅ:

ដូច​បាន​លើក​ឡើង​ពី​ខាង​លើ ផ្នែក​ចង្កឹះ​លេខនិង​ចង្កូត​ងាយ​ស្រួល​រង​កម្តៅ​ខ្លាំង​បំផុត បែប​នេះ​អ្នក​គួរ​ឧស្សាហ៍​យក​កូន​ក្រណាត់​សើម​តូចៗ​មក​ដុះ​ជូត​សម្អាត​ឲ្យ​បាន​ញឹកញាប់។

៦.ថែ​រក្សា​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់:

ម៉ាស៊ីន​ត្រជាក់​ក្នុង​រថយន្ត​ចាំ​បាច់​ត្រូវ​ថែ​រក្សា​ឲ្យ​បាន​ល្អ ព្រោះ​ជា​កត្តា​ចម្បង​ជួយ​បញ្ចុះ​កម្តៅ​ខាង​ក្នុង​បរិវេណ​យានយន្ត ពោល​គួរ​ត្រួត​ពិនិត្យ​ផ្នែក​ចាំ​បាច់​តាម​រយៈ​ការ​ពិគ្រោះ​ជាមួយ​អ្នក​ជំនាញ​ឬ​យក​ទៅ​ត្រួត​ពិនិត្យ​ជា​ប្រចាំ​តាម​កាលវិភាគ​បាន​កំណត់៕

ប្រភព៖ rac ប្រែសម្រួល៖ កៅ រក្សា

មតិយោបល់