• 2021-08-04 08:37:18
  • ចំណេះដឹង

ការវិឌ្ឍន៍យុគ្គសម័យឧស្សាហកម្ម ៤.០ កាន់តែទំនើបហានិភ័យក៏កាន់តែមានច្រើន

  • 2021-08-04 08:37:18
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ឧស្សាហកម្ម ៤.០ គឺជាការសំដៅលើរោងចក្រវ័យឆ្លាត (Smart Factories) ដែលសង្វាក់ផលិតកម្មត្រូវបានតភ្ជាប់ និងអាចបញ្ជាតាមប្រព័ន្ធបច្ចេកវិទ្យាពីចម្ងាយ ឬតាមកម្មវិធីលើគេហទំព័រ។

ឧស្សាហកម្ម ៤.០ នឹងនាំឆ្ពោះទៅកាន់ប្រព័ន្ធស្វ័យប្រវត្តិ និងការផ្លាស់ប្តូរទិន្នន័យក្នុងបច្ចេកវិទ្យាផលិតកម្ម (Manufacturing Technologies) ដូចជា៖

  • ប្រព័ន្ធគ្រប់គ្រងឧស្សាហកម្ម (Industrial Control System - ICS)

  • ប្រព័ន្ធការគ្រប់គ្រងត្រួតពិនិត្យ និងបញ្ជាទិន្នន័យ (Supervisory Control and Data Acquisition - SCADA)

  • ប្រព័ន្ធហេដ្ឋារចនាសម្ព័ន្ធអ៊ីនធឺណេត (Cyber-physical Systems - CPS)

  • ឧបករណ៍តភ្ជាប់អ៊ីនធឺណេត (Internet of Things - IoT)

  • ឧបករណ៍ឧស្សាហកម្មតភ្ជាប់អ៊ីនធឺណេត (Industrial Internet of Things - IIOT)

  • បច្ចេកវិទ្យា Cloud Computing

ឧស្សាហកម្ម ៤.០ ខាងលើ ត្រូវបានយកមកប្រើប្រាស់ក្នុងហេដ្ឋារចនាសម្ព័ន្ធជាតិសំខាន់ៗ ក្នុងវិស័យមួយចំនួន ដូចជា៖ វិស័យការពារជាតិ វិស័យបច្ចេកវិទ្យា និងទូរគមនាគមន៍ វិស័យគីមីសាស្ត្រ វិស័យពាណិជ្ជកម្ម វិស័យសេវាកម្មហិរញ្ញវត្ថុ វិស័យគ្រប់គ្រងសេវាដឹកជញ្ជូន វិស័យកសិកម្ម និងស្បៀងអាហារ វិស័យរោងចក្រផលិតកម្ម វិស័យអគ្គីសនី និងផ្គត់ផ្គង់ថាមពល វិស័យសុខាភិបាលសាធារណៈ វិស័យសេវាសង្គ្រោះបន្ទាន់ វិស័យរោងចក្រនុយក្លេអែរ និងកាកសំណល់ វិស័យផ្គត់ផ្គង់ទឹកស្អាត និងគ្រប់គ្រងទឹកស្អុយ ។

ទន្ទឹមគ្នានឹងការវិឌ្ឍន៍នៃយុគ្គសម័យឧស្សាហកម្ម ៤.០ យើងក៏សង្កេតឃើញនូវហានិភ័យមួយចំនួន ដែលនឹងអាចផ្តល់ផលប៉ះពាល់ដល់សង្គម និងប្រជាជន ក្នុងករណីមានការវាយប្រហារលើហេដ្ឋារចនាសម្ព័ន្ធទាំងនេះ។ ស្ថាប័នដែលកំពុងប្រើប្រាស់ ឬកំពុងរៀបចំដំឡើងប្រព័ន្ធនេះ ត្រូវគិតគូរដល់ហានិភ័យ បច្ចេកទេសការពារ និងយន្តការឆ្លើយតបនឹងការវាយប្រហារមួយចំនួន ជាឧទាហរណ៍ដូចខាងក្រោម៖

១. ការវាយប្រហារលើប្រព័ន្ធគ្រប់គ្រងថាមពលអគ្គីសនី បញ្ជាកាត់ផ្តាច់ការផ្គត់ផ្គង់ចរន្តអគ្គីសនី

២. ការវាយប្រហារប្រព័ន្ធគ្រប់គ្រងទឹកស្អាត បញ្ជាម៉ាស៊ីនលាយថ្នាំសំលាប់មេរោគលើសកំរិត

៣. ជ្រៀតចូលប្រព័ន្ធគ្រប់គ្រងសេវាដឹកជញ្ជូន និងប្រព័ន្ធគ្រប់គ្រងចរាចរណ៍ បញ្ជាកាត់ផ្តាច់ ឬចរាចរណ៍ស្ទួនលើផ្លូវតែមួយ

៤. បញ្ចូលមេរោគក្នុងប្រព័ន្ធគ្រប់គ្រងរោងចក្រនុយក្លេអែរ ឧទាហរណ៍មេរោគ Stuxnet ដែលបានវាយប្រហាររោងចក្រនុយក្លេអែរប្រទេសអ៊ឺរ៉ង់ អំឡុងឆ្នាំ២០១០ ៥. ជ្រៀតចូលប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ លួចផ្ទេរប្រាក់ (Money Fraud)

៦. ជ្រៀតចូលប្រព័ន្ធគ្រប់គ្រងបច្ចេកវិទ្យា និងទូរគមនាគមន៍ កែប្រែទិន្នន័យ លួចស្កាត់ និងស្តាប់ការសន្ទនា

៧. ជ្រៀតចូលប្រព័ន្ធគ្រប់គ្រងរោងចក្រគីមី ធ្វើឲ្យមានការលេចធ្លាយសារជាតិពុល។ល។

ទំហំនៃការខូចខាត និងផលប៉ះពាល់ដ៏ធំសម្បើមខាងលើ តម្រូវឲ្យស្ថាប័នដែលកំពុងដំណើរការ ឬរៀបចំដំឡើងបច្ចេកវិទ្យាផលិតកម្មទាំងនេះ ត្រូវយកចិត្តទុកដាក់ការពារ និងបង្កើតយន្តការឆ្លើយតបហានិភ័យដែលអាចកើតមានឡើង ក្នុងគោលបំណងបង្រួចផលប៉ះពាល់ឲ្យនៅសល់តិចតួចបំផុត។

កំណត់ចំនាំ៖ ប្រភពនៃការវាយប្រហារធំៗ មានចំនួន ៤ គឺ៖

១. ការវាយប្រហារពីសំណាក់ឧក្រិដ្ឋជនអង្គការចាត់តាំង (Organized criminal)

២. ការវាយប្រហារពីសំណាក់គូប្រជែងពាណិជ្ជកម្ម (Business competitor)

៣. ការវាយប្រហារពីសំណាក់បច្ចាមិត្រ (State sponsor attack)

៤. ការវាយប្រហារពីសំណាក់ភេរវករ (Cyber terrorism)

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា

មតិយោបល់