• 2021-07-26 08:19:34
  • គន្លឹះ

ភ្លើង​សញ្ញា​ ៥ នេះ សុខៗ​លោត​លើ​កុងទ័រ​រថយន្ត​ អាច​មាន​រឿង​មិនស្រួលហើយ

  • 2021-07-26 08:19:34
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ជាធម្មតា នៅលើកុងទ័ររថយន្តក្រៅ​ពីមាន​ភ្លើង​សញ្ញា​បង្ហាញពីល្បឿនបើកបរ កម្រិតរង្វិលជុំ (RPM) និងចំណុះសាំងដែលនៅសល់ វាក៏មានជាភ្លើងសញ្ញាផ្សេងទៀត ដើម្បីបង្ហាញពីព័ត៌មាននានា និងបញ្ហាដែលរថយន្តកំពុងតែជួបប្រទះដូច្នោះដែរ។ កាលពីអត្ថបទមុន Sabay បានលើក​ពី​សញ្ញាព្រមានទាំង ៥ ដែលអាចលោតភ្លឺលើកុងទ័ររថយន្តរបស់អ្នក ហើយថ្ងៃនេះ មានសញ្ញា ៥ ទៀត ដែលបង្ហាញពីបញ្ហាម៉ាស៊ីនវិញម្ដង៖

១. សញ្ញាព្រមានពីបញ្ហាម៉ាស៊ីន

សញ្ញានេះមានន័យថា ម៉ាស៊ីនរបស់អ្នកកំពុងមានបញ្ហា។

ប្រការគួរធ្វើ៖ សញ្ញានេះអាចលោតឡើង នៅពេលដែលមានបញ្ហាឆ្លងចរន្តអគ្គិសនីតូចតាច តែវាក៏អាចណ្ដាលមកពីបញ្ហាធំដុំដែរ ពេលយើងមិនមើលថែទាំ មិនយកទៅជាងយូរទៅ ម៉ាស៊ីននឹងលែងដំណើរការតែម្ដង ហើយថ្លៃជួសជុលទៀតសោត អាចប្រហាក់ប្រហែលនឹងប្ដូរម៉ាស៊ីនរថយន្តថ្មីបាត់ទៅហើយ។ ប្រការល្អ នៅពេលដែលសញ្ញានេះលោតឡើងមក គួរប្រញ៉ាប់យកទៅជាងភ្លាមៗ។

២. សញ្ញាព្រមានប្រព័ន្ធទប់លំនឹង

សញ្ញានេះមានន័យថា រថយន្តរបស់អ្នកលែងមានលំនឹង ហើយអាចគ្រលែងបានគ្រប់ពេល។

ប្រការគួរធ្វើ៖ បើសិនជាវាលោតនៅពេលដែលអ្នកកំពុងបើកបរ រឿងល្អបំផុតដែលអ្នកគួរធ្វើគឺបន្ថយល្បឿន ដើម្បីតេស្តមើលថាភ្លើងសញ្ញានោះវានឹងរលត់ ហើយប្រព័ន្ធទប់លំនឹងនឹងដំណើរការវិញឬអត់។ បើសិនជាភ្លើងសញ្ញាព្រមានពប្រព័ន្ធទប់លំនឹងនេះនៅមិនបាត់ វាអាចបណ្ដាលមកពីបញ្ហារបស់ប្រព័ន្ធទប់លំនឹងផ្ទាល់តែម្ដង ដែលចាំបាច់ត្រូវជួសជុលជាប្រញ៉ាប់។

៣. សញ្ញាព្រមានពីប្រព័ន្ធ ABS

សញ្ញានេះមានន័យថា ប្រព័ន្ធហ្វ្រាំង ABS (Anti-lock Braking System) របស់អ្នកមានបញ្ហាហើយ។

ប្រការគួរធ្វើ៖ បើសិនជាវាលោតនៅពេលដែលអ្នកកំពុងបើកបរ មានន័យថាប្រព័ន្ធហ្វ្រាំង ABS របស់អ្នកមានបញ្ហាហើយវានឹងមិនដំណើរការឡើយ។ អ្នកនៅតែអាចជាន់ហ្វ្រាំងបានស៊ីដូចធម្មតា ប៉ុន្តែនៅពេលដែលអ្នកជាន់ពេលប្រថុចញ៉ុច ហ្វ្រាំងរបស់អ្នកនឹងគាំងមិនអាចឲ្យចង្កូតរ៉េបាន ហើយអាចនឹងបណ្ដាលឲ្យរថយន្តអូសថែមទៀត ព្រោះ ABS មិនដំណើរការ។ ដំណោះស្រាយគឺយកទៅយានដ្ឋានជាបន្ទាន់។

៤. សញ្ញាព្រមានសម្ពាធខ្យល់កង់

សញ្ញានេះមានន័យថា កង់ណាមួយរបស់អ្នកមានខ្យល់តិច មិនគ្រប់គ្រាន់តាមស្ដង់ដារ (ធូរកង់)។

ប្រការគួរធ្វើ៖ អ្នកគួររកកន្លែងសប់កង់ឲ្យបានឆាប់ មិនគួរទុកចោលជិះដូចធម្មតាឡើយ ព្រោះវាអាចបណ្ដាលឲ្យខូចសម្បកកង់ ហើយការបើកបរមានភាពឃ្លេងឃ្លោង មិនដូចធម្មតា ថែមទាំងស៊ីសាំងជាងមុនទៀតផង។

៥. សញ្ញាព្រមានពីបញ្ហាដែកបញ្ឆេះ (សម្រាប់រថយន្តប្រើម៉ាស៊ូត)

សញ្ញានេះមានន័យថា ដែកបញ្ឆេះនៅក្នុងម៉ាស៊ីនម៉ាស៊ូតរបស់អ្នកកំពុងមានបញ្ហា។ ជាទូទៅ រថយន្តប្រើម៉ាស៊ូត ជាពិសេសនៅស្រុកត្រជាក់ វាពិបាកនឹងបញ្ឆេះ ដោយវាចាំបាច់ត្រូវមានដែកបញ្ឆេះ (Glow Plug) ជាជំនួយ។

ប្រការគួរធ្វើ៖ ជាធម្មតា ពេលម៉ាស៊ីនរថយន្តម៉ាស៊ូតចុះត្រជាក់ខ្លាំង សញ្ញានេះនឹងលោតឡើងមក ប៉ុន្តែវានឹងបាត់ទៅវិញនៅពេលបញ្ឆេះចោលមួយសន្ទុះ។ រឿងដែលធ្វើឲ្យសញ្ញានេះលោតភ្លឺមិនបាត់គឺប្រហែលមកពី Glow Plug ចាស់រេចរឹល ដល់អាយុកាលដែលត្រូវប្ដូរ។

ប្រភព៖ Says អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់