• 2021-06-30 06:25:22
  • ចំណេះដឹង

រថយន្ត Angkor ប្រភេទ Mini bus ផលិតអំឡុងទសវត្សរ៍ឆ្នាំ១៩៦០ នៅមានតែក្នុងខេត្តនេះប៉ុណ្ណោះ

  • 2021-06-30 06:25:22
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអង្គរ (Angkor) សល់ពីសម័យសង្គមរាស្ត្រនិយម មាននៅតែស្រុកមោងឫស្សី ខេត្តបាត់ដំបងប៉ុណ្ណោះ។

រថយន្ត Angkor ប្រភេទ Mini bus ផលិតនៅក្នុងសម័យសង្គមរាស្ត្រនិយមអំឡុងទសវត្សរ៍ ឆ្នាំ១៩៦០ (១៩៥៥-១៩៥៦) ត្រូវបានតម្លើងសារជាថ្មីនៅក្នុងអំឡុងទសវត្សរ៍ឆ្នាំ១៩៩០ ដោយទុករចនាបទនៅដដែល។ នេះបើតាមលោកពូដែលជាម្ចាស់រថយន្តមួយគ្រឿងក្នុងចំណោមរថយន្តដែលមានសល់ប្រហែល ៤ គ្រឿងប៉ណ្ណោះ (ពណ៌ស ៣ គ្រឿង និងទឹកក្រូច ១គ្រឿង)។

លោកបានរៀបរាប់ឲ្យដឹងថា រថយន្តនេះសល់តាំងពីសម័យសង្គមរាស្ត្រនិយមមកម្ល៉េះ ប៉ុន្តែកៅអីអង្គុយ តួ ទ្វារ និងដំបូលរថយន្តពុកផុយអស់ទៅហើយ និងត្រូវបានជួសជុល រៀបចំតម្លើងសារជាថ្មី នៅទសវត្សរ៍ឆ្នាំ១៩៩០ ដោយយកតាមគំរូចាស់ប៉ុណ្ណោះ។ លោកថា គ្រឿងម៉ាស៊ីន និងគ្រឿងក្រោមភាគច្រើនគឺជារបស់ដើមស្ទើរតែទាំងអស់។

បើតាមព័ត៌មានឲ្យដឹងថា ម៉ាស៊ីនដើមគឺផលិតដោយក្រុមហ៊ុន Citröen របស់ប្រទេសបារាំង ឯគ្រឿងបន្សំផ្សេងៗ ត្រូវបានផលិតនៅកម្ពុជា។ រថយន្តកេរ្តិ៍តំណែលសល់ជាង ៦០ ឆ្នាំនេះ បច្ចុប្បន្នត្រូវបានប្រើសម្រាប់ដឹកទំនិញ និងអ្នកដំណើរទៅមកជាប្រចាំពីទីរួមខេត្តបាត់ដំបង ទៅផ្សារមោងក្នុងស្រុកមោងឫស្សីតែប៉ុណ្ណោះ៕

រូបភាព៖ មន្ទីរទេសចរណ៍ខេត្តបាត់ដំបង

អត្ថបទ៖ ម៉េងងី

មតិយោបល់