• 2021-06-29 09:26:47
  • ចំណេះដឹង

មក​ដឹងអាយុ ដែលបុគ្គល​ទាំងនេះចាប់ផ្ដើមមាន​លុយ ១ ​លាន​ដុល្លារ​

  • 2021-06-29 09:26:47
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មហា​សេដ្ឋី​ផ្នែក​បច្ចេកវិទ្យា​​មួយ​ចំនួន​ គឺ​​សាង​ខ្លួន​ពី​បាត​ដៃ​ទទេ​ រហូត​ក្លាយ​ជា​សេដ្ឋី និង ​មាន​ខ្លះ​បន្ត​ក្លាយ​ជា​មហាសេដ្ឋី​មាន​លុយ​ពាន់​លាន​ដុល្លារ។ ថ្ងៃ​នេះ​មក​តាម​ដាន​ទាំង​អស់​គ្នា​ ថា​សេដ្ឋី​បច្ចេកវិទ្យា​ល្បីៗ មាន​លុយ​​ ១ លាន​ដុល្លារ​នៅ​អាយុ​ប៉ុន្មាន​ខ្លះ។​​

១. លោក Mark Zuckerberg នៅ​វ័យ​ ២២ ឆ្នាំ​

ជា​ស្ថាបនិក​ និង​ជា​នាយក​ប្រតិបត្តិ​ Facebook ​លោក​ Mark Zuckerberg បាន​ក្លាយ​ជា​សេដ្ឋី​នៅ​វ័យ​ ២២ ឆ្នាំ ក្នុង​ឆ្នាំ​ ២០០៦។ មិន​យូរ​ប៉ុន្មាន​ Mark ក៏​អាច​បោះ​ជំហាន​យក្ស​ក្លាយ​ជា​មហាសេដ្ឋី​​នៅ​វ័យ​ ២៣ ឆ្នាំ ពេល​ដែល​ Facebook ចាប់​ផ្ដើម​លក់​ហ៊ុន​ជា​សាធារណៈ​ ដែល​ធ្វើ​ឲ្យ​ស្ថាបនិក​រូប​នេះ​ ក្លាយ​ជា​មហាសេដ្ឋី​នៅ​អាយុ​​ក្មេង​ជាង​គេ​ក្នុង​លោក។

២. លោក Evan Spiegel នៅ​វ័យ​ ២៣ ឆ្នាំ

អ្នក​បង្កើត​ និង​ជា​នាយក​ប្រតិបត្តិ​ Snapchat លោក​ Evan Spiegel បាន​ក្លាយ​ជា​សេដ្ឋី​នៅ​ឆ្នាំ ២០១៣ ក្នុង​វ័យ​ ២៣ ឆ្នាំ។ ២ ឆ្នាំ​ក្រោយ​មក​​តម្លៃ​ហ៊ុន​ក្នុង​ Snapchat របស់​ Evan បាន​ឡើង​ដល់​ ១ ពាន់​លាន​ដុល្លារ ធ្វើ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​នៅ​វ័យ​ ២៥ ឆ្នាំ។

៣. លោក Larry Page នៅ​វ័យ​ ២៥ ឆ្នាំ

សហ​ស្ថាបនិក​ Google អាច​​បង្កើត​ទ្រព្យ​សម្បត្តិ​បាន​ដល់​ ១ លាន​ដុល្លារ​នៅ​ក្នុង​ឆ្នាំ ១៩៩៩ ពេល​ដែល​លោក​មាន​វ័យ​ ២៥​ ឆ្នាំ។ ការ​ដាក់​លក់​ហ៊ុន​ជា​សាធារណៈ​នៅ​ឆ្នាំ ២០០៤ ជួយ​ឲ្យ​​ទ្រព្យ​សម្បត្តិ​លោក​ Larry Page កើន​ឡើង​​ដល់​ ១ ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង។

៤. លោក Bill Gates នៅ​វ័យ​ ២៦ ឆ្នាំ

លោក Bill Gates បាន​ក្លាយ​ជា​សេដ្ឋី​​នៅ​ឆ្នាំ ១៩៨១ ក្នុង​វ័យ​ ២៦ ឆ្នាំ ដោយ​សារ​តែ​ការ​ដាក់​លក់​ហ៊ុន​របស់​ក្រុមហ៊ុន​ Microsoft។ ហ៊ុន​ដែល​​ស្ថាបនិក​ Microsoft នេះ​កាន់​កាប់​ បាន​​កើន​​តម្លៃ​ដល់​ ១ ពាន់​លាន​ដុល្លារ ជួយ​ឲ្យ​លោក​ក្លាយ​ជា​មហាសេដ្ឋី​នៅ​អាយុ​ ៣១ ឆ្នាំ។

៥. លោក Elon Musk នៅ​វ័យ​ ២៧ ឆ្នាំ

អ្នក​បង្កើត​​ក្រុមហ៊ុន​ PayPal, Tesla Motors និង SpaceX រូប​នេះ​​បាន​ក្លាយ​ជា​សេដ្ឋី​នៅ​អាយុ​ ២៧ ឆ្នាំ ក្នុង​ឆ្នាំ ១៩៩៩ ពេល​ដែល​លោក​បាន​លក់​ក្រុមហ៊ុន​​ Software នៃ​វិបសាយ​មួយ​ក្នុង​តម្លៃ​ ៣០០ លាន​ដុល្លារ។ នៅ​អាយុ​ ៤១ ឆ្នាំ​ ទ្រព្យ​សម្បត្តិ​របស់​លោក​បាន​ឡើង​ដល់​ ១ ពាន់​លាន​ដុល្លារ។

៦. លោក Jeff Bezos នៅ​វ័យ​ ៣៣ ឆ្នាំ

អ្នក​បង្កើត​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Amazon រូប​នេះ​ បាន​ក្លាយ​ជា​សេដ្ឋី​លើក​ដំបូង​នៅ​អាយុ​ ៣៣ ឆ្នាំ នៅ​ក្នុង​ឆ្នាំ ១៩៩៧។​ មិន​យូរ ២ ឆ្នាំ​ក្រោយ​លោក​ក៏​បាន​ជាប់​ឈ្មោះ​ជា​មហាសេដ្ឋី​មាន​ទ្រព្យ​សម្បត្តិ​ពាន់​លាន​ដុល្លារ។

៧. លោក Larry Ellison នៅ​វ័យ​ ៤២ ឆ្នាំ

នៅ​អាយុ​ ៤២ ឆ្នាំ​ ក្នុង​ឆ្នាំ ១៩៨៦ លោក​ Larry Ellison ដែល​ជា​អ្នក​បង្កើត​ និង​ជា​នាយក​ប្រតិបត្តិ​ក្រុមហ៊ុន​ Oracle បាន​ក្លាយ​ជា​សេដ្ឋី​លើក​ដំបូង។ ក្រោយ​មក​នៅ​អាយុ​ ៤៩ ឆ្នាំ លោក​ក៏​បាន​ក្លាយ​ជា​មហាសេដ្ឋី៕​​

ប្រភព៖ Businessinsider ប្រែសម្រួល៖ សុខហេង

មតិយោបល់