• 2021-06-09 09:07:07
  • ចំណេះដឹង

បង្ហាញមុខ ​កំពូល​ Hacker ទាំង​ ១០ រូប​ធ្លាប់​ធ្វើឲ្យក្រុមហ៊ុន​ធំៗ​ជាច្រើន​ឈឺ​ក្បាល​

  • 2021-06-09 09:07:07
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

សុវត្ថិភាព​លើ​ទិន្នន័យ​ បាន​ក្លាយ​​រឿង​ឈឺក្បាល​ក្នុង​សម័យ​ឌីជីថល​នេះ​។ Hacker មាន​វិធីសាស្ត្រ​ច្រើន​ក្នុង​ការ​ព្យាយាម​​ ដើម្បី​ប៉ុនប៉ង​ចូល​លួច​យក​ទិន្នន័យ​លើ​​កុំព្យូទ័រ​ដែល​ភ្ជាប់​ទៅ​កាន់​អ៊ីនធឺណិត​។

Hacker ទាំង​ ១០ ដែល​មានកេរ្តិ៍ឈ្មោះ​សាហាវបំផុត​​។

១) Jonathan James

Jonathan James នៅ​វ័យ​អាយុ​ ១៦ ឆ្នាំ​ បាន Hack ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ក្នុង​ការិយាល័យ​សន្តិសុខ​​​នៃ​ក្រសួង​ការពារជាតិ​អាមេរិក និង​ Hack ចូល​ប្រព័ន្ធ​​ព័ត៌មាន​របស់​អង្គការ​​ NASA និង​លួច​យក​កម្មវិធី​ជាច្រើន​។

ក្រោយ​មក​​ James ត្រូវ​បាន​ចាប់​ខ្លួន​​។ ​ដោយសារស្ថិត​នៅ​ក្នុង​វ័យ​​​ជា​អនីតិជន​ ក៏​ត្រូវ​​ដាក់​ឃុំ​នៅ​​ក្នុង​ផ្ទះ រហូត​ដល់​អាយុ​ ១៨ ឆ្នាំ​ លោក​បាន​សម្តែង​ការ​សោកស្តាយ​សម្រាប់​សកម្មភាព​របស់​គេ។

ឆ្នាំ ២០០៧ ហាង​លក់​ទំនិញ TJX បាន​​​រាយការករណី​​មាន​ការ Hack ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ និង​លួច​រក​ទិន្នន័យ​របស់​អតិថិជន។ មន្រ្តី​សន្តិសុ​ខ​បាន​ដៅ​ឈ្មោះ James ថា​បាន​​ពាក់ព័ន្ធ​នឹង​សកម្មភាព​នោះ​ តែ​មិន​មាន​ភស្តុតាង​គ្រប់គ្រាន់​។ ​សំពាធ​ផ្លូវចិត្ត​ខ្លាំង​ រហូត​ដល់​លោក​បាន​ធ្វើ​អត្តឃាត​នៅ​ឆ្នាំ​ ២០០៨ ទាំង​វ័យ​ក្មេង​។

២) Kevin Poulsen ឬ Dark Dante

លោក​គឺ​ជា​ជនជាតិ​អាមេរិក​ដំបូង​គេ​ ទទួល​ការ​បណ្តុះបណ្តាល​ជំនាញ​ពិសេស​ ក្នុង​ការ​លួច​ចូល​ប្រព័ន្ធ​ខ្សែ​ទូរសព្ទ។ លោក​ទទួល​បាន​ការ​ចាប់​អារម្មណ៍​នៅពេល​ចូល​លុកលុយ​កម្មវិធី​ស្ថានីយ​វិទ្យុ​មួយ​ ដើម្បី​ក្លាយ​ជា​អ្នក​ហៅ​ទូរសព្ទ​ទី 102 បាន​ឈ្នះ​រថយន្ត Porsche។

លោក​បាន​បើក​ដំណើរការ​ឡើង​វិញ លេខ​ទូរសព្ទ​ចាស់ៗរបស់ Yellow Page ដើម្បី​ឱ្យ​មិត្តភ័ក្ដិ​អាច​ធ្វើ​ប្រតិបត្តិការ​សេវាបន្ទាន់។ នៅ​ពេល​ឈ្មោះ​លោក​បាន​លេច​ឡើង​នៅ​ក្នុង​កម្មវិធី​ទូរទស្សន៍​ដែល​មាន​ឈ្មោះ​ថា ដំណោះស្រាយ​អាថ៌កំបាំង Unsolved Mysterious ស្រាប់​តែ​ប្រព័ន្ធ​លេខ​ទូរសព្ទលេខ 1-800 លែង​ដំណើរការ ។

Kevin បាន​សម្រេចចិត្ត​បោះបង់​ចោល​​អតីតកាល​​ក្លាយ​​ជា​​អ្នកសារព័ត៌មាន។

៣) Nashon Even-Chaim ឬ Phoenix

ជា​អ្នក​ជំនាញ​ជាង​គេ​ ក្នុង​ក្រុម​ Hacker ហៅថា​ The Realm មាន​មូលដ្ឋាន​នៅ​ទី​ក្រុង​ Melbourne ប្រទេស​អូស្ត្រាលី​។ ការ​ចាប់​ខ្លួន​រូប​លោក​ ជា​លើក​ទី​មួយ​ របស់​ពិភពលោក​ ចំពោះ​ការ​លួច​ប្រើ​ទិន្នន័យ​ពី​ចម្ងាយ​ ដែល​បាន​ប្រើ​ជា​ភស្តុតាង​ សម្រាប់​ការ​កាត់ទោស​ឧក្រិដ្ឋជន​កុំព្យូទ័រ​។

គោលដៅ​ជា​បឋម​របស់​ Nashon កំឡុង​ពេល​មាន​សកម្មភាព​របស់​លោក​ច្រើន​ឆ្នាំ​ មាន​សកល​វិទ្យាល័យ​ អង្គការ​ ក្នុង​នោះ​ក៏​មាន​ NASA ផង​ដែរ​។

Nashon បាន​ប្តូរ​ជំនាញ​មក​ពាក់ព័ន្ធ​នឹង​តន្ត្រី​ជំនួស​វិញ​។

៤) Adrian Lamo

Hacker មាន​បំណង​រក​លុយ​ និង​កេរ្តិ៍ឈ្មោះ​ ហៅថា​ Black Hat ខណៈ​ Hacker មាន​បំណង​ជួយ​ពង្រឹង​ប្រព័ន្ធ​សុវត្ថិភាព​ ការពារ​ពី​ក្រុម​ Black Hat ហៅថា White Hat។

លោក Adrian Lamo ស្ថិត​ក្នុង​ប្រភេទ​ Grey Hat ដែល​មាន​បំណង​លើ​ចំណុច​ទាំង​ពីរ​ខាង​លើ​។

គាត់​ទទួល​ការ​ចាប់អារម្មណ៍​ដំបូង​ពេល​ Hack ចូល​ប្រព័ន្ធ​ក្រុមហ៊ុន​ធំ​ៗដូចជា​ Yahoo, Microsoft, The New York និង​មួយ​ចំនួន​ទៀត​។ ពេល​ Lamo បាន​ចាប់​ខ្លួន​ ដោយ​ការ​ចូល​ប្រព័ន្ធ​មិន​មាន​ការ​អនុញ្ញាត​ ត្បិត​រូប​លោក​បញ្ជាក់​ថា​ ខ្លួន​បាន​ធ្វើ​នេះ​ ជួយ​កំណត់​ចន្លោះ​ប្រហោង​ប្រព័ន្ធ​ និង​អាច​ជួយ​សន្សំ​លុយ​ពួកគេ​បាន​ច្រើន​។ Lamo ត្រូវ​បាន​ឃុំ​ខ្លួន​ ៦ ខែ​ និង​បង់ប្រាក់​ពិន័យ​ ៦៥ ០០០ដុល្លារ​។

Lamo បាន​រស់នៅ​លាក់​ខ្លួន​ បារម្ភ​ពី​ជីវិត​រូប​លោក​ ចំពោះ​ទង្វើ​កន្លង​មក​។

៥) Kevin Mitnick

នៅ​អាយុ​ ១៦ឆ្នាំ លោក​បាន​ Hack ចូល​ប្រព័ន្ធ​កុំព្យូទ័រ​នានា​ និង​ចម្លង​កម្មវិធី​ជា​ច្រើន​។ ក្រោយ​ឃុំ​ខ្លួន​បាន​មួយ​រយៈ​ លោក​ Mitnick បន្ត​ Hack ចូល​ប្រព័ន្ធ​ និង​បាន​រត់គេច​ខ្លួន​ ២ឆ្នាំ​ កន្លះ​ ដោយ​ប្រើ​ទូរសព្ទ​ Clone លាក់បាំង​ទីតាំង​លោក​។ តែ​ចុងក្រោយ​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​ ១៩៩៥ និង​ត្រូវ​ឃុំ​ខ្លួន​ ៤ ឆ្នាំ​។

Mitnick បាន​បើក​ដំណើរការ​ក្រុមហ៊ុន​ IT Security ហៅថា​ Mitnick Security Consulting LLC ជួយ​ក្រុមហ៊ុន​ការពារ​ Hacker ពី​ការ​ជ្រៀត​ចូល​ប្រព័ន្ធ​។ រូប​លោក​ក៏​ជា​សមាជិក​ អ្នក​ផ្តល់​ប្រឹក្សា​ សម្រាប់​ក្រុមហ៊ុន​ជាច្រើន​ផង​ដែរ​។

៦) Albert Gonzales

ចាប់​ពី​ពាក់​កណ្តាល​ឆ្នាំ​ ២០០៥ ដល់​ចុង​ឆ្នាំ​ ២០០៧ លោក Gonzales បាន​ Hack ចូល​ប្រព័ន្ធ​កុំព្យូទ័រ​ របស់​ TJX group និង​លួច​យក​ទិន្នន័យ​កាត​ច្រើន​ជាង​ ៤៥ លាន​។ រូប​លោក​បាន​ចាប់​ខ្លួន​ក្នុង​ឆ្នាំ​ ២០០៨ និង​បន្ត​រហូត​ដល់​ ឆ្នាំ​ ២០២៥។

៧) Gary McKinnon

Gary McKinnon បាន​ចូល​វាយ​ប្រហារ​ប្រព័ន្ធ​កុំព្យូទ័រ​ Server របស់​យោធា​អាមេរិក​ ហើយ​បាន​លុប​ព័ត៌មាន​សំខាន់ៗ​, កម្មវិធី​ និង​ទិន្នន័យ​ជាច្រើន​ទៀត​។ ទំហំ​ខូចខាត​នេះ​ រដ្ឋាភិបាល​អាមេរិក​ត្រូវ​ចំណាយ​ច្រើន​ជាង​ ៧០ ០០០ ដុល្លារ​ សម្រាប់​ស្តា​ឡើង​វិញ​ នូវ​អ្វី​លោក​ McKinnon បាន​ធ្វើ​។

បច្ចុប្បន្ន​ Gary McKinnon ជា​ System Administrator មួយ​រូប​។

៨) Michael Demon Calce

ត្រលប់​ទៅ​កាល​ឆ្នាំ​ ២០០០ កាល​នោះ​ Yahoo! ជា​វេបសាយ​ល្បី​បំផុត​លើ​អ៊ីនធឺណិត​ និង​ជា​ Search Engine មាន​ការ​ប្រើប្រាស់​ច្រើន​បំផុត​។ លោក​ Calce បាន​កំណត់​គោលដៅ​ប្រព័ន្ធ​ Yahoo! និង​បិទ​មិន​ឲ្យ​ដំណើរការ​ច្រើន​ជាង​ ១ ម៉ោង​។ រូបលោក​ ក៏​បាន​បិទ​ដំណើរការ​របស់​ Ebay, Amazon, Dell, CNN និង​វេបសាយ​ល្បីៗ​មួយ​ចំនួន​ទៀត​ផង​ដែរ​។ ក្រោយ​មក​ទៀត​ រូប​លោក​ ត្រូវ​បាន​ចាប់​ខ្លួន​។​

បច្ចុប្បន្ន​ គាត់​ជា​អ្នក​កាសែត​ អ្នក​និពន្ធ​ អ្នក​ផ្តល់​ប្រឹក្សា​ និង​ជា​វាគ្មិន​មួយ​រូប​ជជែក​ពី​ប្រធានបទ​សុវត្ថិភាព​លើ​អ៊ីនធឺណិត​។

៩) Jeanson James Ancheta

លោក​បាន​គ្រប់គ្រង​កុំព្យូទ័រ​ រាប់​លាន​គ្រឿង​ ដោយ​ប្រើ​ Botnet។ Ancheta ត្រូវ​បាន​ចាប់​ខ្លួន​ ឆ្នាំ​ ២០០៥ ជាប់​ពន្ធ​ធនាគារ​ ៥ ឆ្នាំ​។ ហើយ​ប្រាក់​កំរៃ​ រក​បាន​ត្រូវ​បង់​សង​ចំណាយ​លើ​ការ​ខូចខាត​ ដោយ​ទង្វើ​របស់​គាត់​។

១០) Chad Davis

Chad Davis ជា​ផ្នែក​មួយ​នៃ​ក្រុម​ Hacker GlobalHell។ លោក​ Davis បាន​បិទ​ដំណើរការ​វេបសាយ​របស់​យោធា​អាមេរិក​ ជាមួយ​នឹង​សារ​បង្ហាញ​ GlobalHell will not die រយៈពេល​ដល់​ទៅ​ ៤ ម៉ោង​។ រូប​លោក​ត្រូវ​បាន​ជាប់​ពន្ធ​ធនាគារ​ ៦ ខែ និង​ផ្អាក​មិន​ឲ្យ​ប្រើ​កុំព្យូទ័រ​រយៈពេល​ ៣ ឆ្នាំ​។

ក្រោយ​ចេញ​មក​វិញ​ លោក Davis ជា​វាគ្មិន​ ជជែក​ពី​សារៈសំខាន់​សុវត្ថិភាព​លើ​អ៊ីនធឺណិត​។ បច្ចុប្បន្ន​ រូប​លោក​ជា​អ្នក​ផ្តល់​ប្រឹក្សា​ ទាក់ទង​នឹង​សុវត្ថិភាព​ដល់​ក្រុមហ៊ុន​នានា​៕

ប្រភព៖ moviesonhacking ប្រែសម្រួល៖ ប៊ុនធឿន

មតិយោបល់