/inter20/60b5c1bdc8da2_1622524320_medium.jpg)
- 2021-06-01 05:16:28
- ចំណេះដឹង
ស្វែងយល់អំពីសិទ្ធិឯកជនភាពនៅ កម្ពុជា!
- 2021-06-01 05:16:28
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
ស្វែងយល់អំពីសិទ្ធិឯកជនភាពនៅ កម្ពុជា!
ចន្លោះមិនឃើញ
នៅតាមបណ្ដាប្រទេសរីកចម្រើនមួយចំនួន សិទ្ធិឯកជនភាព និងកិច្ចគាំពារព័ត៌មាន ឬទិន្នន័យឯកជន មានសភាពរិតត្បិត តឹងរ៉ឹងខ្លាំង ព្រមទាំងមានការដាក់ទោសទណ្ឌយ៉ាងធ្ងន់ធ្ងរ ក្នុងករណីមានការរំលោភបំពាន (ឧទាហរណ៍៖ ច្បាប់ការពារទិន្នន័យសហភាពអ៊ឺរ៉ុប General Data Protection Regula-tion - GDPR)។
ក្រឡេកមកមើលប្រទេសកម្ពុជា បច្ចុប្បន្ន ពុំទាន់អនុម័តច្បាប់ដាច់ដោយឡែកលើកិច្ចគាំពារទិន្នន័យ (Data Privacy/Protection) ប៉ុន្តែមានមាត្រាមួយចំនួនដែលមានស្រាប់ក្នុងរដ្ឋធម្មនុញ្ញ ក្រមរដ្ឋប្បវេណី និងក្រមព្រហ្មទណ្ឌ បានចែងគាំពារ ដូចសង្ខេបជូនខាងក្រោម៖
១- រដ្ឋធម្មនុញ្ញ
២- ក្រមរដ្ឋប្បវេណី (ឆ្នាំ២០០៧)
មាត្រា១០៖ អត្ថន័យនៃសិទ្ធិបុគ្គល សិទ្ធិបុគ្គល សំដៅទៅលើសិទ្ធិដែលមានអត្ថន័យពាក់ព័ន្ធនឹងជីវិត រូបកាយ សុខភាព សេរីភាព នាម កិត្តិយស ភាពឯកជន ឬសិទ្ធិផ្សេងទៀត ដែលជាផលប្រយោជន៍ទាក់ទងនឹងលក្ខណបុគ្គល។
មាត្រា១១៖ សិទ្ធិទាមទារឲ្យបញ្ឈប់ ប្រសិនបើមានការបារម្ភថា នឹងអាចមានការរំលោភសិទ្ធិបុគ្គលដោយខុសច្បាប់ ឬមានការបារម្ភថា ការរំលោភសិទ្ធិបុគ្គលដែលបានកើតឡើងហើយនោះ នឹងអាចបន្ត ឬនឹងអាចកើតឡើងទៀតដោយខុសច្បាប់ អ្នកដែលមានសិទ្ធិបុគ្គលអាចទាមទារឲ្យបញ្ឈប់នូវការរំលោភនោះបាន។
៣- ក្រមព្រហ្មទណ្ឌ (ឆ្នាំ២០១០)
មាត្រា៣០១៖ បទស្តាប់ ឬថតពាក្យសំដីឯកជន អំពើស្តាប់ ឬថតសំដីដែលនិយាយជាឯកជន ឬជាការសម្ងាត់ ដោយគ្មានការយល់ព្រមពីបុគ្គលដែលមានការពាក់ព័ន្ធ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវបានសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះ បានទទួលដំណឹងអំពីការស្តាប់ ឬថត ហើយបុគ្គលនោះមិនបានជំទាស់ទេនោះ។
មាត្រា៣០២៖ បទប៉ះពាល់ដល់សិទ្ធិខាងរូបភាពនៃបុគ្គល អំពើថតរូបភាពនៃបុគ្គលនៅក្នុងទីកន្លែងឯកជន ដោយគ្មានការព្រមព្រៀងពីបុគ្គលនេះទេ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល លើកលែងតែករណីដែលច្បាប់អនុញ្ញាត។ ត្រូវសន្មត់ជាការព្រមព្រៀង ប្រសិនបើបុគ្គលដែលពាក់ព័ន្ធនេះបានទទួលដំណឹងអំពីការថតហើយបុគ្គលនេះមិនបានជំទាស់ទេនោះ។
មាត្រា៣១៤៖ បទប៉ះពាល់ដល់អាថ៌កំបាំងខាងវិជ្ជាជីវ: បុគ្គលដែលកាន់កាប់ព័ត៌មានដែលមានលក្ខណ:អាថ៌កំបាំង ដោយមូលហេតុនៃស្ថានភាព មុខរបរ មុខងារ ឬបេសកកម្មរបស់ខ្លួន ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល ប្រសិនបើបុគ្គលនោះបង្ហាញព័ត៌មាននេះ ដល់បុគ្គលគ្មានសមត្ថកិច្ចដើម្បីដឹងព័ត៌មាននេះ។ មិនមែនជាបទល្មើសទេ ក្នុងករណីដែលច្បាប់អនុញ្ញាត ឬតម្រូវឲ្យបង្ហាញអាថ៌កំបាំង។
មាត្រា៣១៨៖ បទប៉ះពាល់ដល់ការសម្ងាត់នៃការសន្ទនាតាមទូរស័ព្ទ អំពើប្រព្រឹត្តដោយគំនិតទុច្ចរិត ស្តាប់ ឬធ្វើឲ្យច្របូកច្របល់ការសន្ទនាតាមទូរស័ព្ទ ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (មួយ) ឆ្នាំ និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល។ ត្រូវផ្តន្ទាទោសដូចគ្នាចំពោះអំពើប្រព្រឹត្តដោយទុច្ចរិត ចាប់ ធ្វើឲ្យច្របូកច្របល់ ឬស្តាប់សារដែលផ្សាយចេញតាមផ្លូវទូរគមនាគមន៍។
មាត្រា៤២៧៖ បទចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យអំពើចូលទៅដល់ ឬស្ថិតនៅនឹងប្រព័ន្ធប្រព្រឹត្តិកម្មស្វ័យប្រវត្តនៃទិន្នន័យ ដោយទុច្ចរិត ត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី ១ (មួយ) ខែ ទៅ ១ (ឆ្នាំ) និងពិន័យជាប្រាក់ពី ១០០.០០០ (មួយសែន) រៀល ទៅ ២.០០០.០០០ (ពីរលាន) រៀល។
លើសពីនេះ នៅមានមាត្រា នៃអនុក្រឹត្យ ប្រកាស ឬសេចក្តីណែនាំ មួយចំនួនផ្សេងទៀត របស់អង្គភាព និងស្ថាប័នជំនាញ ដែលបានចែងគាំពារឯកជនភាព និងទិន្នន័យផងដែរ (ឧទាហរណ៍៖ សេចក្តីព្រាងអនុក្រឹត្យ ស្តីពីការគ្រប់គ្រង ការប្រើប្រាស់ និងការការពារសុវត្ថិភាពទិន្នន័យអត្តសញ្ញាណបុគ្គល ដឹកនាំដោយក្រសួងមហាផ្ទៃ)។
ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ