• 2021-04-22 00:00:00
  • ចំណេះដឹង

ហេតុផលស្នូលដែល Apple មិនធ្វើឱ្យ Macbook អាច Touchscreen បាន

  • 2021-04-22 00:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ខណៈពិភពលោកបញ្ចេញឡេបថបអាចប៉ះបញ្ជារ (touchscreen) លើអេក្រង់បាន ងាកទៅ Apple វិញ ពួកគេនៅតែបញ្ចេញឡេបថប Macbook ដែលបញ្ជារដោយប្រើ Trackpad និង Keyboard ដដែល។ អ៊ីចឹងសួរថា ហេតុអីទើប Apple មិនបញ្ចេញ Macbook អាច Touchscreen បាន ដើម្បីប្រកួតប្រជែងលើទីផ្សារ?

ហេតុផលគឺថា Apple មិនចាំបាច់ប្រកួតនោះទេ ដោយពួកគេមានផលិតផលពិសេសប្រចាំក្រុមហ៊ុនបែប​នេះ​រួច​ហើយ​គឺ iPad Pro។ វាជាផលិតផលសំខាន់មួយដែល Apple កំពុងវិវឌ្ឍឥតឈប់ឈរនិងទើបប្រកាសចេញនៅដើមឆ្នាំ២០២១ ក្នុងព្រឹត្តិការណ៍ “Spring Loaded” កាលពីថ្មីៗនេះ។

ម្យ៉ាងទៀត Apple មិនចាំបាច់មាន Macbook អាច Touchscreen នោះទេព្រោះ iPad Pro របស់ខ្លួនអាចជំនួសឡេបថបទាំងនោះបាន ហើយមានសមត្ថភាពសឹងខ្លាំងជាង ឡេបថបល្មមៗមួយចំនួនទៀតផង។ ជាក់ស្ដែង iPad ត្រូវបានអភិវឌ្ឍដល់ដំណាក់កាលអាចបញ្ជារដោយ Trackpad និង Keyboard មានអេក្រង់ធំច្បាស់ និងងាយស្រួលយកតាមថែមទៀតផង។

ក្រៅពីនេះ iPad Pro ទំហំ ១២,៩ អ៊ិញចេញក្នុងឆ្នាំ២០២១ បានបំពាក់ប្រព័ន្ធបន្ទះឈីបពិសេស Apple Silicon M1 ដែលបន្ទះឈីបនេះមានលំនាំដំណើរការដូចទៅនឹង Macbook ជំនាន់ឆ្នាំ២០២០។ ដែលនេះជាផ្លូវអាចឱ្យ Apple ងាយស្រួលគ្រប់គ្រងប្រព័ន្ធដំណើរការរបស់ iPad Pro ថ្មី និងឈានដល់ប្រើកម្មវិធីរបស់ឡេបថប Macbook បានថែមទៀតផង។

លើសពីនេះ Apple Silicon M1 ក៏ធ្វើឱ្យ CPU មានថាមពលខ្លាំងជាមុនដល់ទៅ ៥០% និង GPU លឿនជាងមុនដល់ទៅ ៤០% បើប្រៀបទៅនឹងបន្ទះឈីប A12Z ដែលបំពាក់លើ iPad ជំនាន់មុនៗ។

បន្ថែមទៀត Apple ក៏ធ្វើព្យាយាមធ្វើឱ្យ iPad Pro កាន់តែដូចឡេបថប ដោយវាមានទំហំផ្ទុកធំឡើងដល់ទៅ 2TB និងមានទំហំ RAM 16GB ដែលទំហំ និងខួរក្បាលរបស់វាប៉ុននេះ នឹងអាចឱ្យវាដំណើរការ និងអូសការងារជាច្រើនបានផងដែរ។

iPad Pro 2021 ក៏ចាប់ផ្ដើមប្រើរន្ធ Thunderbolt ដែលធ្វើឱ្យល្បឿនផ្ទេរទិន្នន័យឡើងដល់ 40 Gbps និងអាចភ្ជាប់ទៅនឹងម៉ូនីទ័រខាងក្រៅមានកម្រិតបង្ហាញ 6K បាន។ លើសពីនេះទៀត iPad Pro មានលទ្ធភាពទ្រទ្រង់ល្បឿនអ៊ីនធឺណិតតាម Ethernet ដល់ទៅ 10 gigabit ផងដែរ។

Apple ក៏បានប្រើបច្ចេកវិទ្យាអេក្រង់ជំនាន់ថ្មី mini-LED ដែល Apple ឱ្យឈ្មោះថា Liquid XDR display ដោយវាជាអេក្រង់បង្ហាញពណ៌ដិតបានល្អ មានពន្លឺខ្ពស់ដល់ កាត់បន្ថយចំណាំងផ្លាតបានប្រសើរ និងទ្រទ្រង់មុខងារ HDR10 និង Dolby Vision ថែមទៀតផង។ លើសពីនេះវាក៏ទ្រទ្រង់មុខងារ Promotion ដែលមានកម្រិត adaptive refresh rate ដល់ទៅ 120Hz ឯណោះ។ ចំពោះផ្នែកសេវាវិញ iPad Pro ទ្រទ្រង់សេវា 5G និងមាន eSim ភ្ជាប់មកជាមួយផងដែរ។

ចំពោះផ្នែកកាមេរ៉ាវិញ កាន់តែមិនបាច់និយាយ គឺ iPad Pro ធ្វើបានប្រសើរជាង Macbook ស្រាប់ទៅហើយ ដោយកាមេរ៉ាខាងមុខវាប្រើស៊ែនស័រ TrueDepth ទំហំ 12MP ជាប្រភេទលែន ultrawide-angle។ ចំពោះកាមេរ៉ាក្រោយពីរគ្រាប់មានទំហំ 12 MP ជាលែនដើម និង 10 MP ជាលែន ultra wide និងមានស៊ែនស័រ LiDAR សម្រាប់ជំនួយដល់ការចាប់យករូបភាព និងស្គាល់ពីជម្រៅរូបថតបានល្អផងដែរ។

សរុបទៅ Apple មិនបាច់ឱ្យ Macbook Touchscreen នោះទេ ដោយ iPad Pro នឹងជំនួសវានៅអនាគត ចំពោះជម្រើសប្រើប្រាស់ទាន់សម័យ ត្បិតអីវាមានមុខងារពិសេសៗច្រើន ដោយរាប់ទាំងភាពរលូននៃការប៉ះបញ្ជារ (Touchscreen), កាមេរ៉ាមុខក្រោយផលិតរូបថតបានល្អ, អេក្រង់ជំនាន់ថ្មី mini LED មាន HDR10, refresh rate 120Hz, ប្រើរន្ធ Thunderbolt ផ្ទេរទិន្នន័យល្បឿនលឿន, មានទំហំផ្ទុកធំ ក៏ដូចជា RAM ធំ និងបញ្ជារតាម Trackpad ឬ Keyboard បានផងដែរ។

iPad Pro ទោះ​ជា​មិនសូវសម្បូរកម្មវិធីធំៗដូច Macbook ប៉ុន្ដែយ៉ាងណាក៏ដោយ បន្ទាប់ពី iPad Pro ប្រើប្រព័ន្ធបន្ទះឈីប M1 មិនយូរមិនឆាប់វាអាចនឹងប្រើកម្មវិធីបានទូលំទូលាយ ឬប្រើកម្មវិធីដូចទៅនឹង Macbook តែម្ដង៕

អានបន្ថែម៖ ឈីបថ្មី M1 របស់ Apple ផ្លាស់ប្ដូររបត់បច្ចេកវិទ្យា ១៨០ដឺក្រេ

ប្រភព៖ Businessinsider ប្រែ​សម្រួល៖ កុសល

មតិយោបល់