• 2021-02-27 00:36:00
  • គន្លឹះ

ចង់ដឹងកម្មវិធីអ្វីខ្លះតាមដានទិន្នន័យឯកជនអ្នករាល់ថ្ងៃ អាចសាកមួយក្បាច់នេះបាន

  • 2021-02-27 00:36:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS 14 បានបញ្ចេញមុខងារថ្មីមួយ App Privacy នៅក្នុង App Sotre កាលពីខែធ្នូ ឆ្នាំ២០២០ កន្លងមក ដោយអនុញ្ញាតឱ្យអ្នកប្រើប្រាស់ដឹងថា ម្ចាស់កម្មវិធីបានតាមដាន និងស្រង់យកទិន្នន័យអ្វីខ្លះក្នុងការប្រើប្រាស់ប្រចាំថ្ងៃ។

ដើម្បីដឹងពីមុខងារថ្មីនេះ សូមចូលទៅកាន់ App Store រួចជ្រើសរើស ឬស្វែងរកកម្មវិធីណាមួយដែលអ្នកចង់ដឹង ថាវាបានតាមដាន និងយកទិន្នន័យអ្វីខ្លះពីអ្នក។ ឧទាហរណ៍អ្នកជ្រើសយកកម្មវិធី Facebook បន្ទាប់មកទាញចុះទៅក្រោម ត្រង់ចំណុច App Pirvacy។ ចុចយក See Detail ដើម្បីមើលទិន្នន័យលម្អិតបន្ថែម។

App Store បែងចែកទិន្នន័យដែលក្រុមហ៊ុនទាំងនោះតាមដានអ្នកជា៣ប្រភេទ៖

១. Data Used to Track You ព័ត៌មានដែលកម្មវិធីបានទាញយកពីអ្នក គឺមានវិសាលភាពខ្ពស់ ដោយវាអាចដឹងថាអ្នកចូលទៅគេហទំព័រណាមួយ ឬបើកកម្មវិធីដទៃបាន ដោយអ្នកមិនដឹងខ្លួននោះទេ។ ទិន្នន័យទាំងនេះអាចមាន លេខទូរសព្ទ អ៊ីមែល ឈ្មោះ កម្មវិធីដែលអ្នកឧស្សាហ៍ប្រើ ឬអត្តសញ្ញាណស្មាតហ្វូនរបស់អ្នកជាដើម។

២. Data Linked to You ព័ត៌មានដែលកម្មវិធីតាមដាន ឬស្រង់យកទៅ គឺមានពាក់ព័ន្ធនឹងអត្តសញ្ញាណរបស់អ្នកផ្ទាល់តែម្ដង។ ឧទាហរណ៍ដូចជាទីតាំង អ្វីដែលអ្នកបានទិញ អ្វីដែលបានស្វែងរកលើគេហទំព័រ មាតិការផ្សេងៗដែលអ្នកចូលចិត្តជាដើម។ ទិន្នន័យទាំងនេះផ្ដល់ផលប្រយោជន៍ជាច្រើន ចំពោះការផ្សារពាណិជ្ជកម្ម ដើម្បីឱ្យត្រូវចិត្តអ្នកប្រើ ព្រោះកម្មវិធីបានដឹងពីចិត្ត និងទម្លាប់របស់អ្នកប្រើប្រាស់រួចបាត់ទៅហើយ។

៣. Data Not Linked to You ព័ត៌មានទាំងនេះត្រូវបានកម្មវិធីស្រង់យកទៅដូចគ្នា ប៉ុន្ដែត្រូវបានរក្សាទុកដោយមិនមានទំនាក់ទំនងអ្វីនឹងអត្តសញ្ញាណរបស់អ្នកប្រើប្រាស់នោះទេ។

ទាំងនេះជាអ្វីដែលអ្នកអភិវឌ្ឍកម្មវិធី បានតាមដានលើការប្រើប្រាស់របស់អ្នកប្រចាំថ្ងៃ ដោយបង្ហាញវានៅលើ App Store ប៉ុន្ដែការតាមដានទាំងនេះអាចនឹងត្រូវបញ្ចប់ ខណៈ iOS ត្រៀមនឹងបញ្ចេញមុខងារថ្មី App Tracking Transparency ដោយបើកសិទ្ធដល់អ្នកប្រើប្រាស់ ថាអនុញ្ញាតឱ្យកម្មវិធីណាមួយតាមដានពួកគេ ឬក៏អត់៕

ប្រភព៖ HowToGeek ប្រែ​សម្រួល៖ កុសល

មតិយោបល់