• 2021-01-18 07:36:17
  • ចំណេះដឹង

ឡានអគ្គិសនីសុទ្ធ ខុសគ្នាពីឡាន Hybrid និង Plug-in Hybrid បែបណាខ្លះ?

  • 2021-01-18 07:36:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

បច្ចុប្បន្ននេះ ក្រុមហ៊ុនផលិតរថយន្តបានផ្តល់ជម្រើសម៉ាស៊ីនជាច្រើន ក្រៅពីម៉ាស៊ីនប្រើប្រេងសាំង និងម៉ាស៊ូត ដោយក្នុងនោះមានដូចជា ម៉ាស៊ីន Hybrid, ម៉ាស៊ីន Plug-in Hybrid ក៏ដូចជា រថយន្តប្រើថាមពលអគ្គិសនីសុទ្ធ ផងដែរ។ ទោះជាយ៉ាងណាក៏ដោយ មនុស្សមួយចំនួនប្រហែលជាមិនបានទាន់ដឹងច្បាស់ឡើយអំពីដំណើរការនៃម៉ាស៊ីនទាំងនោះ។

តើរថយន្តអគ្គិសនីសុទ្ធ ខុសគ្នាពីរថយន្តប្រើ Hybrid និង Plug-in Hybrid បែបណាខ្លះ?

រថយន្ត Hybrid

រថយន្តប្រភេទនេះដំណើរការដោយម៉ាស៊ីនសាំង និងអាគុយ។ វាមិនពឹងផ្អែកលើម៉ាស៊ីនសាំងទាំងស្រុងនោះទេ ព្រោះពួកវាមានបំពាក់ម៉ូទ័រអគ្គិសនី ដែលពេលខ្លះវាដំណើរការដើម្បីអាចឲ្យម៉ាស៊ីនសាំងបានសម្រាក ក្នុងគោលបំណងសន្សំសំចៃសាំង។ ក្នុងនោះដែរ មានពេលខ្លះប្រព័ន្ធទាំងពីរនេះដំណើរការជាមួយគ្នាដើម្បីបង្កើនថាមពល។

ម៉ូទ័រអគ្គិសនីរបស់វាមានមុខងារសាកអាគុយ Hybrid នៅពេលដែលអ្នកជាន់ហ្វ្រាំង ហើយរក្សាទុកនៅក្នុងអាគុយតូចមួយ សម្រាប់ប្រើប្រាស់ភ្លាមៗនៅពេលអ្នកជាន់ហ្គ៊ែរបង្កើនល្បឿន។ រថយន្ត Hybrid ដែលគេស្គាល់ច្បាស់ជាងគេ គឺ Toyota Prius នេះតែម្តង។

រថយន្ត Plug-in Hybrid

រថយន្តប្រភេទនេះដំណើរការដោយម៉ាស៊ីនសាំង និងប្រព័ន្ធអាគុយ Hybrid ដែរ ប៉ុន្តែមានអាគុយអគ្គិសនីទំហំធំជាង ហើយអាចសាកភ្លើងបាន។ វាហាក់បីដូចជារថយន្តអគ្គិសនីសុទ្ធអីចឹង គ្រាន់តែមានបំពាក់ម៉ាស៊ីនសាំងដើម្បីប្រើ នៅពេលដែលអស់អាគុយ ដែលអនុញ្ញាតឲ្យវាបើកបរបានបន្តដោយគ្មានការរំខាន ហាក់បីដូចជារថយន្ត Hybrid អីចឹង។ វាក៏ប្រើប្រព័ន្ធសាកអាគុយនៅពេលជាន់ហ្វ្រាំងដើម្បីសន្សំសំចៃសាំងដែរ។

សូមបញ្ជាក់ថា អ្នកខ្លះយល់ច្រលំរវាងរថយន្ត Plug-in Hybrid និង Hybrid។ ប្រសិនបើអ្នកអាចសាកភ្លើងវាបាន នោះគឺជារថយន្ត Plug-in Hybrid ហើយ។ រថយន្ត Plug-in Hybrid ដែលគេស្គាល់ច្បាស់ និងពេញនិយមបំផុត គឺ Toyota Prius Prime។

រថយន្តអគ្គិសនីសុទ្ធ

រថយន្តប្រភេទនេះបំពាក់អាគុយកាន់តែធំ ហើយមានម៉ូទ័រអគ្គិសនីខ្លាំង ដែលអាចឲ្យរថយន្តដំណើរការបានឆ្ងាយ ដោយថាមពលអគ្គិសនីសុទ្ធ គ្មានម៉ាស៊ីនសាំងមកជំនួយអ្វីឡើយ។

រថយន្តអគ្គិសនីសុទ្ធដែលគេស្គាល់ច្រើន និងពេញនិយមបំផុតគឺ Nissan Leaf និង Tesla Model 3៕

អត្ថបទ៖ សេង ឡុង

មតិយោបល់