• 2021-01-12 03:15:00
  • ចំណេះដឹង

ល្បី Tesla យូរហើយ ដឹងឡានអគ្គិសនីមានន័យ និងល្អយ៉ាងណាខ្លះទេ?

  • 2021-01-12 03:15:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តអគ្គិសនី ឬគេហៅថា Electric Vehicle (EV) គឺជារថយន្តដែលដំណើរការដោយថាមពលអគ្គិសនី មិនថាប្រើអគ្គិសនីសុទ្ធ ឬជាផ្នែកនោះទេ។

រថយន្តអគ្គិសនីមានតម្លៃប្រើប្រាស់ថោក ដោយសារតែពួកវាមានគ្រឿងតិចសម្រាប់ថែទាំ ហើយក៏ល្អសម្រាប់បរិស្ថានផងដែរ ព្រោះពួកវាបញ្ចេញផ្សែងពុលតិច ឬមិនបញ្ចេញសោះ បើប្រៀបធៀបនឹងរថយន្តប្រើប្រេងសាំង ឬម៉ាស៊ូត។

ខណៈពេលដែលរថយន្តអគ្គិសនីមួយចំនួនបានប្រើអាគុយ lead acid batteries ឬ nickel metal hydride batteries អាគុយស្តង់ដារដែលមានប្រើលើរថយន្តអគ្គិសនីបច្ចុប្បន្ននេះ គឺ អាគុយលីចូម (lithium ion batteries) ព្រោះពួកវាមានអាយុកាលយូរអង្វែង ហើយល្អបំផុតសម្រាប់រក្សាថាមពល។

ថ្វីបើវាមានភាពល្អប្រសើរខ្លាំងមែន ប៉ុន្តែក៏នៅតែមានចំណុចអវិជ្ជមានខ្លះ ដោយពួកវាអាចឡើងកម្តៅខ្លាំង ដែលបណ្តាលឲ្យឆេះ ឬផ្ទុះ ដូចក្នុងករណីរថយន្ត Tesla មួយចំនួន។ ទោះជាយ៉ាងណា បច្ចុប្បន្ននេះគេបានខិតខំយ៉ាងខ្លាំងក្នុងការពង្រឹងសុវត្ថិភាពសម្រាប់អាគុយទាំងនោះ។

រថយន្តអគ្គិសនីជាទូទៅចំណាយតិចណាស់ក្នុងការសាកភ្លើង ពោលតម្លៃជាមធ្យមត្រឹមតែ ១០ដុល្លារ សម្រាប់ការសាកភ្លើងនៅផ្ទះ ហើយអាចសាកនៅស្ថានីយសាកភ្លើងសាធារណៈឥតគិតថ្លៃផងដែរ។ រថយន្តអគ្គិសនីមួយចំនួនមានសមត្ថភាពអាចបើកបរបានចម្ងាយ ១៣០ ទៅ ១៦០ គីឡូម៉ែត្ររាល់ពេលសាកភ្លើងពេញម្តង ខណៈរថយន្តអគ្គិសនីប្រភេទប្រណីតៗ មានសមត្ថភាពអាចបើកបានជាមធ្យម ៤០០គីឡូម៉ែត្រឯណោះ។

សូមបញ្ជាក់ថា រថយន្តអគ្គិសនីចែកចេញជា ២ ប្រភេទដូចបានរៀបរាប់មកពីខាងលើអីចឹង ដោយពាក្យបច្ចេកទេសគេហៅថា Full Electric Vehicle (ប្រើអគ្គិសនីសុទ្ធ) និង Plug-in Hybrid (ជាផ្នែក)៕

សូមរង់ចាំអានភាគបន្ត ដោយ Sabay នឹងលើកយកភាពខុសគ្នារវាង រថយន្តប្រើអគ្គិសនីសុទ្ធ និងរថយន្ត Plug-in Hybrid

អត្ថបទ៖ សេង ឡុង

មតិយោបល់