• 2021-01-12 02:32:15
  • ចំណេះដឹង

ប្រើរាល់ថ្ងៃ ដឹងអត់ថារូបមន្តលើ YouTube ដំណើរការបែបណាខ្លះ?

  • 2021-01-12 02:32:15
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

YouTube អាច​វិវត្តន៍​ខ្លួន​ក្លាយ​ជា​បណ្ដាញ​វីដេអូ​ដ៏​ជោគជ័យ​មួយ​បាន ដោយ​សារ​កត្តា​ជា​ច្រើន ហើយ​កត្តា​ដ៏​សំខាន់​មួយ​នោះ​គឺ​​ការ​ចង​រូប​មន្ត​ពិសេស​របស់ YouTube ដែល​ធ្វើ​ឲ្យ​​អ្នក​ប្រើ​ប្រាស់​នៅ​បន្ត​ទស្សនា​វីដេអូ​លើ YouTube ជាប់​រយៈពេល​យូរ​អង្វែង មិន​ងាយ​ប្ដូរ​ទៅ​កាន់​កម្មវិធី ឬ​បណ្ដាញ​ផ្សេង។

​នា​ពេល​នេះ​យើង​មក​ស្វែង​រក​អាថ៌កំបាំង​ពី​ក្រោយ​រូបមន្ត​របស់ YouTube ថា​តើ​វា​មាន​ដំណើរ​ការ​ដូច​ម្ដេច​ខ្លះ?

រូបមន្ត (Algorithm) របស់ក្រុមហ៊ុនYouTube គឺជាបច្ចេកទេស​មួយ​ដែល​បង្កើត​ឡើង​ដើម្បី​ផ្ដល់​ជូន​វីដេអូ​ទៅ​តាម​ចំណង់​ចំណូល​ចិត្ត​ខុសៗ​គ្នា​របស់​អ្នក​ប្រើ​ប្រាស់។ វា​​ជា​អ្នក​ធ្វើ​ការ​សម្រេច​ចិត្ត​ថា​វីដេអូ​​ប្រភេទ​នឹង​ត្រូវ​បាន​ Suggest​ ឬ Recommendation ទៅ​ដល់​អ្នក​ប្រើ​ប្រាស់។

គោលដៅ​សំខាន់​របស់​រូបមន្ត​គឺ​មាន​ពីរ​ចំណុច​ ដែល​ទី​មួយ​គឺ​ការ​ស្វែង​រក​វីដេអូ​ដែល​សក្ដិសម​នឹង​អ្នក​ប្រើ​ប្រាស់​ម្នាក់ៗ និង​​ធ្វើ​យ៉ាងណា​ឲ្យ​អ្នក​ប្រើ​ប្រាស់​បន្ត​ទស្សនា​វីដេអូ​លើ YouTube ជា​បន្ត​បន្ទាប់។ ដូច​នេះ​មាន​ន័យ​ថា​ រូបមន្ត​គឺ​តាម​ដាន​លើ​ឥរិយាបថ​នៃ​ការ​ទស្សនា​របស់​អ្នក​ប្រើ​ប្រាស់ ហើយ​ទន្ទឹម​នឹង​នោះ​​ក៏​តាម​ដាន​លើ​លទ្ធផល​នៃ​វីដេអូ​នីមួយៗ​ផង​ដែរ។

មាន​ចំណុច​ចំនួន​ពីរ​​នៃ​រូបមន្ត​ ដែល​ជះ​ឥទ្ធិពល​លើ​លទ្ធផល​នៃ​​លទ្ធផល​នៃ​ការ Searc​h និង​​វីដេអូ​ដែល​ត្រូវ​ចូល​ក្នុង Recommendation។

វីដេអូ​ដែល​អ្នក​​ទទួល​បាន​ពេល​ស្វែង​រក​ពាក្យ​ "Facebook Tips” នឹង​ខុស​ពី​​វីដេអូ​ដែល​អ្នក​ដទៃ​ទៀត​ទទួល​បាន​ពាក្យ​គេ​ស្វែង​រក​ពាក្យ​ "Facebook Tips” ដូច​គ្នា​នេះ។ លទ្ធផល​ចេញ​មក​វា​ខុស​គ្នា​ដោយ​សារ ទី​មួយ​គឺ​បណ្ដុំ​នៃ​ទិន្នន័យ​ (មាន​ចំណង​ជើង ការ​​ពណ៌នា​ និង​ពាក្យ​គន្លឹះ) នៃ​វីដេអូ​ដែល​អ្នក​បាន​ទស្សនា​ រួម​ទាំង​ឥរិយាបថ​នៃ​ Enagagement (ការ​ចុច​ Like, ការ​សរសេរ​មតិ និង​រយៈពេល​នៃ​ការ​ទស្សនា​) របស់​អ្នក​លើ​វីដេអូ​ទាំង​នោះ។​​

​វិធី​ដែល​​រូបមន្ត​ YouTube ជះ​ឥទ្ធិពល​លើ​លទ្ធផល​នៃ​ការ Recommend វីដេអូ​ ចំពោះការណែនាំវីដេអូឱ្យអ្នកទស្សនាបន្តវិញ នឹងត្រូវឆ្លងកាត់ពីរដំណាក់កាល។ ទី១ គឺ​រូបមន្ត​នឹង​ដាក់​ចំណាត់​ថ្នាក់​វីដេអូ​ដោយ​ផ្ដល់​ពិន្ទុ​ដល់​វីដេអូ​​ផ្អែក​តាម​​ទិន្នន័យ​វិភាគ​លើ​វីដេអូ​។ ទី​ពីរ​រូបមន្ត​នឹង​ផ្គូផ្គង​វីដេអូ​ដល់​អ្នក​ទស្សនា​​ដោយ​ផ្អែក​លើ​វីដេអូ​ដែល​ពួក​គេ​ធ្លាប់​ទស្សនា និង​​វីដេអូ​ដែល​អ្នក​ប្រើ​ប្រាស់​មាន​ឥរិយាបថ​ស្រដៀង​ៗ​គ្នា​បាន​ទស្សនា។​​​

បច្ចេកទេសនេះមិនមែន​ដើម្បី​កំណត់​រក​វីដេអូ​ដែលល្អបំផុត​​​សម្រាប់អ្នកស្វែងរកនោះទេ ប៉ុន្ដែ​​គឺ​ដើម្បី​​ផ្ដល់​នូវ​វីដេអូ​ដែល​អ្នក​ប្រើ​ប្រាស់​ចង់​ទស្សនា​បំផុត ហើយគោលដៅចុងក្រោយនោះគឺ អ្នក​ប្រើ​ប្រាស់​នឹង​​ចំណាយពេលច្រើននៅលើ​បណ្ដាញ​ YouTube។

គួរ​ដឹង​ថា​នៅ​មានចំណុចដទៃទៀត​ដែល​រូបមន្ត​អាច​ជះ​ឥទ្ធិពល​ធំ​លើ YouTube ៖

  • ផ្ទាំងទំព័រដើមរបស់ YouTube ជាកន្លែងជ្រើសរើសវីដេអូជាច្រើនតម្រូវតាមចំណង់ចំណូលចិត្តរបស់អ្នកប្រើប្រាស់។
  • វីដេអូ Trending ជាទីកន្លែងបង្ហាញវីដេអូកំពុងមានការពេញនិយមខ្លាំង។
  • Subscriptions ជាកន្លែងបង្ហាញវីដេអូថ្មីៗរបស់ឆានែលដែលអ្នកបានធ្វើការ Subscribe។
  • Notifications ជាសារដំណឹងប្រាប់ពេលមានវីដេអូថ្មីៗបង្ហោះ ឬវីដេអូដែល YouTube ណែនាំឱ្យអ្នកទស្សនាផងដែរ។

នៅ​ពេល​ដាក់​ចំណាត់​ថ្នាក់​វីដេអូ រូបមន្ត​នឹង​ធ្វើ​ការ​ត្រួត​ពិនិត្យ​លើ ៖

  • ​មើល​ថា​វីដេអូ​មាន​ចុច​មើល​ឬ​អត់
  • ​មើល​លើ​រយៈពេល​ដែល​គេ​ចំណាយ​​​លើ​វីដេអូ​នោះ​
  • មើល​លើ​ចំនួន​ចុច Like, Dislike, ការ​សរសេរ​មតិ ឬ​ការ​ចែក​រំលែក​ដែល​វីដេអូ​ទទួល​បាន (ព័ត៌មាន​ទាំង​នេះ​គេ​​អាច​ហៅ​ថា Engagement)
  • មើល​ថា​វីដេអូ​ឆាប់​ឡើង​​ល្បី​លឿន​ដល់​កម្រិត​ណា​
  • មើល​ថា​វីដេអូ​នោះ​ថ្មី​កម្រិត​ណា​
  • មើល​ថា​ Channel នោះ​បង្ហោះ​វីដេអូ​ទៀង​ទាត់​កម្រិត​ណា​
  • មើល​ថា​អ្នក​ដែល​បាន​មើល​វីដេអូ​នោះ​រួច នៅ​បន្ត​​ប្រើ​ YouTube យូរ​ត​ទៀត​កម្រិត​ណា​

នៅ​ពេល​ដែល​ផ្គូផ្គង​វីដេអូ​ទៅ​នឹង​អ្នក​ប្រើ​ប្រាស់ រូប​មន្ត​នឹង​ពិនិត្យ​មើល​លើ​ ៖

  • តើ​អ្នក​ប្រើ​រូប​នោះ​ធ្លាប់​បាន​ទស្សនា Channel ឬ​ប្រធាន​បទ​ណា​​​កាល​ពី​កន្លង​មក?
  • តើ​ពួក​គេ​ធ្លាប់​មាន​ Engagement ជា​មួយ​វីដេអូ​ប្រភេទ​ណា​ខ្លះ?
  • តើ​ពួក​គេ​ចំណាយ​ពេល​យូរ​ប៉ុណ្ណា​លើ​ការ​ទស្សនា?
  • តើ​​អ្នក​ប្រើ​ធ្លាប់​ប្រទះ​ភ្នែក​ឃើញ​វីដេអូ​ដែល​រូបមន្ត​ចង់​ផ្គូផ្គង​ដែរ​ឬ​ទេ?
  • តើ​វីដេអូ​ប្រភេទ​ណា​ដែល​អ្នក​ប្រើ​ មិន​ទស្សនា?​​

ប្រភព៖ blog.hootsuite ប្រែ​សម្រួល៖ កុសល

មតិយោបល់