• 2020-12-31 02:43:04
  • ចំណេះដឹង

រឿងគួរ​ដឹង​ខ្លះៗ​ ពី​សាំង​​ដែល​ចាក់​​ចូល​យាន​យន្ត​រាល់​ថ្ងៃ

  • 2020-12-31 02:43:04
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ពី​មួយ​ខែ​ទៅ​មួយ​ខែ​អ្នក​ប្រើ​ប្រាស់​យានយន្ត​ទាំង​ឡាយ​ត្រូវ​ចូល​ទៅ​ស្ថានីយ​ប្រេង​ឥន្ធនៈ​មិន​ចេះ​តិច​ដង​ដើម្បី​ចាក់​បំពេញ​ប្រេង​ឥន្ធនៈ​ដល់​ម៉ាស៊ីន​យានយន្ត។ ធ្លាប់​​ឆ្ងល់​ទេ​ថា​ប្រេង​ឥន្ធនៈ​នេះ​មាន​ប្រភព​មក​ពី​ណា ហើយ​កើត​ចេញ​ពី​ណា?

ប្រេង​ឥន្ធនៈ​គឺ​ចម្រាញ់​ចេញ​ពី​សារធាតុ​​រាវ​ដ៏​ខាប់​ពណ៌​ខ្មៅ​ដែល​បូម​ចេញ​ពី​ក្រោម​ដី​ដ៏​ជ្រៅ ដោយ​សារធាតុ​នេះ​ត្រូវ​បាន​គេ​ហៅ​ថា​ប្រេង​កាត​ឆៅ។ សារធាតុ​រាវ​នេះ​មាន​ផ្ទុក​នូវ​អ៊ីដ្រូកាបូន ​ហើយ​អ៊ីដ្រូកាបូន​នេះ​ដែរ​ជា​ធាតុ​គីមី​​ដែល​ផ្សំ​ឡើង​ពី​​ម៉ូលេគុល​អ៊ីដ្រូហ្សែន និង កាបូន។ ​អ៊ីដ្រូកាបូន​នីមួយៗ​ដែល​មាន​ក្នុង​ប្រេង​កាត​ឆៅ​ថែម​ទាំង​មាន​​ផ្ទុក​ម៉ូលេគុល​កាបូន​ក្នុង​ចំនួន​ខុសៗ​គ្នា​ទៀត​ផង ដូច​នេះ​ប្រេង​កាត​ឆៅ​អាច​ប្រែ​ក្លាយ​ជា​ផលិតផល​​ជា​ច្រើន​មុខ។

ឧទាហរណ៍​ថា​ម៉ូលេគុល​កាបូន​​ពី​ ១ ទៅ ៤ អាច​បង្កើត​បាន​ជា​​ឧស្ម័ន​មេតា, អេតាន, ប្រូប៉ាន និង ប៊ូតាន។ ចំណែក​អ៊ីដ្រូកាបូន​ដែល​មាន​កាបូន​​ពី​ ៥ ទៅ ៧ អាច​បង្កើត​ជា​ទឹក​លាង​សម្អាត​ស្ងួត (Dry Cleaning Fluid) និង ថ្នាំ​លាប។ ចំពោះ​ប្រេង​ឥន្ធនៈ​ដែល​​ប្រើ​សម្រាប់​យានយន្ត​​ធ្វើ​ឡើង​ពី​អ៊ីដ្រូកាបូន​ដែល​មាន​ម៉ូលេគុល​ពី ៧ ទៅ ១២។

អ៊ីដ្រូកាបូន​ដែល​មាន​​កាបូន​ច្រើន​ជាង ១២ ប្រើ​សម្រាប់​ផលិត​ប្រេង​ឥន្ធនៈ​ធន់​ធ្ងន់​រួម​មាន​​ប្រេង​​សម្រាប់​ចង្កៀង​ប្រេងកាត​, ប្រេង​ម៉ាស៊ូត, ប្រេង​កម្ដៅ និង ប្រេង​ម៉ាស៊ីន ជា​ដើម។ អ្នក​វិទ្យាសាស្ត្រ​អាច​បំបែក​អ៊ីដ្រូកាបូន​ដែល​មាន​កាបូន​ខុសៗ​គ្នា​តាម​រយៈ​ការ​​ចំហុយ​យក​​ចំហាយ​ ព្រោះ​កាបូន​ដែល​មាន​កាបូន​ខុសៗ​​មាន​ចំណុច​ពុះ​ខុសៗ​គ្នា។

​​​​​​​​​​​​ការ​ចំហុយ​ធ្វើ​ឡើង​នៅ​រោងចក្រ​ចម្រាញ់​ប្រេង។ ពេល​ប្រេង​កាត​ឆៅ​ត្រូវ​បាន​ចំហុយ​ ប្រភេទ​អ៊ីដ្រូកាបូន​​ដែល​មាន​ចំនួន​កាបូន​ខុសៗ​គ្នា​​ត្រូវ​បាន​ទាញ​ចេញ​តាម​រយៈ​​ចំហាយ​ដែល​ភាយ​ចេញ។ បន្ទាប់​ពី​ឆ្លង​កាត់​ការ​ចំហុយ​នេះ​​ប្រភេទ​ប្រេង​ឥន្ធនៈ​ដែល​គេ​ចង់​បាន​ត្រូវ​ផលិត​ឡើង​ដោយ​ឆ្លង​កាត់​ដំណាក់​កាល​មួយ​ចំនួន​ទៀត។

ពេល​ដែល​ប្រេង​ឆៅ​បាន​ចម្រាញ់​ទៅ​ជា​ប្រេង​ឥន្ធនៈ​រួច​ ជា​ធម្មតា​គេ​បូម​យក​វា​ទៅ​កន្លែង​ផ្ទុក​​តាម​រយៈ​បំពង់​ទុយយោ​ធំៗ។ ពី​កន្លែង​ផ្ទុក​នេះ​ហើយ​ដែល​រថយន្ត​ធំៗ​អាច​មក​ដឹក​យក​បន្ត​បាន​ដើម្បី​ចែក​ចាយ​ទៅ​តាម​ស្ថានីយ​ប្រេង​ឥន្ធនៈ​តាម​តំបន់៕​​​​​​​​

ចុចអាន៖

​​​​​​​

ប្រភព៖ wonderslist ប្រែសម្រួល៖ សុខហេង

មតិយោបល់