• 2020-12-29 01:26:35
  • ចំណេះដឹង

មានអ្នកកាន់ iPhone ប៉ុន្មាននាក់ ដឹងមុខងារពិសេស៤នេះ?

  • 2020-12-29 01:26:35
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iOS ជាប្រព័ន្ធប្រតិបត្តិការមានស្ថិរភាពល្អមួយ សុវត្ថិភាពខ្ពស់ និងងាយស្រួលប្រើប្រាស់។ ប៉ុន្ដែក្នុងនោះផងដែរ Apple ក៏បានបង្កប់នូវមុខងារជាច្រើន ហើយបើអ្នកចូលចិត្តរុករកផងនោះ អ្នកនឹងភ្ញាក់ផ្អើលពីវា។ តួយ៉ាងដូចជាមុខងារទាំង៤ នៅខាងក្រោមនេះអ៊ីចឹងដែរ ដោយមានភាគតិចណាស់ដែលបានដឹង និងប្រើប្រាស់វា ៖

១. មុខងារ Security Recommendations

ជាមុខងារជួយរំឭកដល់អ្នកប្រើប្រាស់ឱ្យដឹងថា លេខសម្ងាត់គណនីរបស់អ្នកមួយណាងាយស្រួលគេស្មានត្រូវ ឬការប្រើលេខសម្ងាត់ដូចគ្នាៗលើគណនីជាច្រើន ដែលអាចបង្កជាហានិភ័យ ពេលលេខសម្ងាត់របស់អ្នកលេចធ្លាយ នឹងត្រូវគេយកបានគណនីទាំងអស់តែម្ដង។

ដើម្បីបើកមុខងារនេះសូមចូលទៅកាន់ Setting > Passwords > Security Recommendations > ចុចបើក Detect Compromised Passwords ជាការស្រេច។

២. មុខងារស្គេនក្នុងកម្មវិធី Notes

iOS បានផ្ទុកមុខងារស្គេនមួយនៅក្នុងកម្មវិធី Notes ដោយវាងាយស្រួលចាប់យកឯកសារ ទាំងទម្រង់ឯកសារដែលចង់ស្គេន នឹងដំណើរដោយស្វ័យប្រវតិ្ត។ របៀបប្រើមុខងារនេះ គ្រាន់តែចូលតាមវិធីខាងក្រោម៖

  • បើកកម្មវិធី Notes > បង្កើតផ្ទាំងឯកសារថ្មីមួយ

  • ចុចលើរូបកាមេរ៉ា ដូចក្នុងរូបភាព > Scan Documents ជាការស្រេច

មុខងារនេះអាចដំណើរការបានចាប់ពី iOS 13 ឡើងទៅ។

៣. កម្មវិធីគិតលេខ

iOS ផ្ទុកចំណុចសម្ងាត់មួយដើម្បីឱ្យអ្នកលុបលេខដែលអ្នកចុចខុសកាន់តែងាយ ដោយមិនបាច់ចុចប៊ូតុចអក្សរ C នោះទេ។ របៀបលុបគឺអ្នកគ្រាន់ឆូតលើលេខនោះពីឆ្វេងទៅស្ដាំ ឬពីស្ដាំទៅឆ្វេង បន្ទាប់មកវានឹងលុបម្ដងមួយតួៗ។

មួយទៀតអ្នកអាចដំណើរការកម្មវិធីគិតលេខមានមុខងារជាច្រើន ដោយគ្រាន់តែផ្ដេកទូរសព្ទរបស់អ្នក នោះវានឹងប្ដូរទម្រង់កម្មវិធីគិតលេខរបស់អ្នកភ្លាម។

៤. មុខងារតាមដានដំណេករបស់អ្នក

iOS មានមុខងារអចឱ្យអ្នកប្រើប្រាស់តាមដានដំណេករបស់ខ្លួន ប្រចាំថ្ងៃ អាទិត្យ និងខែ ដោយដឹងថាការគេងរបស់គ្រប់ម៉ោង ឬខ្វះជាដើម។

សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 14៖

  • សូមចូលទៅកាន់កម្មវិធី Health > Browse > Sleep

  • ចុចលើ Get Started

  • បំពេញចំនួនម៉ោងដែលអ្នកចង់គេងក្នុង១ថ្ងៃ បន្ទាប់មកចុច Next

  • រើសថ្ងៃដែលអ្នកចង់ឱ្យមានការតាមដាន កំណត់ម៉ោងគេង និងម៉ោងភ្ញាក់ បន្ទាប់មកចុច Add

  • ជ្រើសរើសម៉ោងរោទ៍ ប្រភេទនៃការរោទ៍ និងបទភ្លេងជាដើម ត្រង់នេះអ្នកមិនចង់ឱ្យស្មាតហ្វូនរបស់អ្នករោទ៍ក៏បាន ដោយគ្រាន់ចុចបិទប៊ូតុង Wake Up Alarm ។

បន្ទាប់ពីកំណត់ចប់ អ្នកអាចចូលទៅផ្លាស់ប្ដូរ ឬកំណត់មុខងារជាច្រើនបន្ថែមក្នុងមុខងារ Sleep ដដែល រួចចូលទៅ Full Schedule & Option ដើម្បីកំណត់។

សម្រាប់ប្រព័ន្ធប្រតិបត្តិការ iOS 13៖

ដើម្បីបើកមុខងារនេះ សូមចូលទៅកាន់កម្មវិធី Clock

  • ជ្រើសយក Bedtime > ចុចយក Get Started

  • បន្ទាប់មកឆ្លើយ៣សំនួរអំពី ថ្ងៃនិងម៉ោង ដែលអ្នកចង់កំណត់ឱ្យតាមដានពេលអ្នកគេង

  • ចុចជ្រើសរើសម៉ោងភ្ញាក់ពីគេង ជ្រើសរើសថ្ងៃដែលត្រូវដាក់ម៉ោងរោទ៍ ចំនួនម៉ោងដែលអ្នកចង់គេងក្នុង១ថ្ងៃ កំណត់ពេលគេង និងម៉ោងរោទ៍

ចំពោះទិន្នន័យគេងរបស់អ្នក គឺវានឹងត្រូវរក្សាទុកនៅក្នុងកម្មវិធី Health ដោយអ្នកអាចចូលទៅកាន់៖ បើកម្មវិធី Health > Health Category > Sleep > Sleep Analysis។

គួរបញ្ជាក់បន្ថែមថា មុខងារតាមដានដំណេករបស់អ្នកនេះ គឺវាដំណើរការទៅតាមការប្រើស្មាតហ្វូនរបស់អ្នក បើសិនជាដល់ម៉ោងគេង កម្មវិធីរំឭកអ្នកឱ្យគេង ហើយអ្នកមិនបានគេងនោះ វានឹងយល់ថាអ្នកខកម៉ោងចូលគេង ហើយបើសិនជាអ្នកទាញទូរសព្ទយកមកចុចកណ្ដាលយប់នោះ វានឹងដឹងថាអ្នកភ្ញាក់កណ្ដាលយប់ជាដើម។

ប្រភព៖ Zing ប្រែ​សម្រួល៖ កុសល

មតិយោបល់