• 2020-11-18 08:18:06
  • ចំណេះដឹង

ដឹងអត់! ឈីបថ្មី Microsoft Pluton processor មានមុខងារអ្វីខ្លះ?

  • 2020-11-18 08:18:06
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កាលពីដើមសប្ដាហ៍​កន្លងទៅនេះក្រុមហ៊ុន Microsoft បានបង្ហាញបន្ថែម ទាក់ទងនឹងការបង្កើតឈីបសុវត្ថិភាពថ្មីមួយ ដែលមានឈ្មោះថា Pluton ហើយនឹងដាក់បញ្ចូលជាមួយ Processor របស់កុំព្យូទ័របច្ចុប្បន្ន ដើម្បីឱ្យការប្រើប្រាស់កុំព្យូទ័រនៅលើប្រព័ន្ធប្រតិបត្តិការ Windows ឱ្យកាន់តែមានសុវត្ថិភាព និងចៀសវាងពីការជ្រៀតចូលលួចយកទិន្នន័យផ្សេងៗបាន។

Pluton គឺជាបច្ចេកវិទ្យាដែលស្រដៀងគ្នាទៅនឹងអ្វីដែលក្រុមហ៊ុន Microsoft បានប្រើជាមួយនឹងឧបករណ៍លេងហ្គេម Xbox ដើម្បីការពារឧបករណ៍នេះពីការជ្រៀតចូល ឬផ្លាស់ប្ដូរប្រព័ន្ធប្រតិបត្តិការ ក្នុងការបញ្ចូលហ្គេមដែលមិនមានការអនុញ្ញាតរួចមកហើយដែរ។

គោលបំណងក្នុងការបង្កើត ឈីប Pluton គឺដើម្បីយកមកប្រើជំនួសឱ្យប្រព័ន្ធ Trusted Platform Module (TPM) ដែលបាននឹងកំពុងប្រើប្រាស់នាពេលបច្ចុប្បន្ន ប៉ុន្តែវាមានភាពចន្លោះប្រហោងមួយចំនួនដែលអាចឱ្យជនអនាមិកទាញយកទិន្នន័យដែលបានផ្លាស់ប្ដូររវាង TPM និង CPU បានយ៉ាងងាយស្រួល ប្រសិនបើពួកគេអាចមានឱកាសចូលប្រើកុំព្យូទ័រនោះ។

ដើម្បីកែសម្រួលទៅលើបញ្ហានេះឈីប Pluton នឹងត្រូវដាក់បញ្ចូលជាមួយ Processor ធំរបស់កុំព្យូទ័រ ដើម្បីចៀសវាងពីការផ្ទេរទិន្នន័យទៅវិញទៅមក។ ម្យ៉ាងវិញទៀតឈីបនេះក៏មានមុខងារក្នុងការធ្វើបច្ចុប្បន្នភាពផ្នែកទាំងអស់របស់កុំព្យូទ័រ ដោយមិនចាំបាច់តម្រូវឱ្យលោកអ្នកចូលទៅក្នុងគេហទំព័ររបស់ផ្នែកនីមួយៗដើម្បីធ្វើបច្ចុប្បន្នភាពទៀតផង។

បច្ចុប្បន្នក្រុមហ៊ុន Microsoft កំពុងតែបង្កើតឈីបថ្មីនេះជាមួយក្រុមហ៊ុនបង្កើតឈីបធំៗដូចជា Intel, AMD និង Qualcomm ប៉ុន្តែក្រុមហ៊ុនពុំបានឱ្យដឹងទេ ថាតើពេលណាគេនឹងដាក់ប្រព័ន្ធឈីបថ្មីនេះឱ្យប្រើប្រាស់នោះទេ៕

ប្រភព៖ Anti Cyber Crime Department

មតិយោបល់