• 2020-09-18 01:00:00
  • ចំណេះដឹង

iPhone 12 ប្រើ 5G ពីរប្រភេទ ហើយនេះចំណុចខុសគ្នារបស់ពួកវា

  • 2020-09-18 01:00:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

iPhone 12 ដែល​រំពឹង​ថា​មាន​ចំនួន​ ៤​ម៉ូដែល​នា​​ឆ្នាំ​នេះ នឹង​មាន​បំពាក់​ដោយ​ Modem របស់ Qualcomm ដែល​គាំទ្រ​នូវ​បច្ចេកវិទ្យា 5G ប៉ុន្តែ​មាន​ដំណឹង​លេច​ឮ​ថា​ 5G ​លើ iPhone ស៊េរី​ថ្មី​ មិន​ដូច​គ្នា​ទាំង​អស់​នោះ​ទេ។ ​មាន​ប្រភេទ​ថ្លៃ​ជាង​គេ​គាំទ្រ​​​នូវ​ mmWave 5G ល្បឿន​លឿន ​ចំណែក​ប្រភេទ​ផ្សេង​ទៀត​មាន​ត្រឹម ​sub-6GHz 5G ដែល​មាន​ល្បឿន​យឺត​ជាង។

mmWave សម្ដៅ​លើ​​រលក​វិទ្យុ​ដែល​មាន​កម្រិត​ហ្វ្រេកង់​ខ្ពស់​មាន​ចន្លោះ​ពី 24GHz ដល់ 40GHz ចំណែក​ឯ sub-6GHz វិញ​គឺ​សម្ដៅ​លើ​រលក​វិទ្យុ​ដែល​មាន​កម្រិត​ហ្វ្រេកង់​ក្រោម 6GHz។

mmWave 5G មាន​ល្បឿន​លឿន​ខ្លាំង ប៉ុន្តែ​វា​​អាច​គ្រប​ដណ្ដប់​ក្នុង​​ចម្ងាយ​ខ្លី​បំផុត។ ដើម្បី​ប្រើ​ប្រាស់​បច្ចេកវិទ្យា​នេះ​អ្នក​ត្រូវ​ស្ថិត​នៅ​ក្បែរ​នឹង​បង្គោល​​អង់តែន 5G ដែល​ជា​បញ្ហា​មួយ​សម្រាប់​តំបន់​ជាយ​ក្រុង និង​តំបន់​​ជនបទ។ mmWave ​នេះ​ដែរ​អាច​ត្រូវ​បាំង​ដោយ​សារ​ទ្វា បង្អួច ដើម​ឈើ និង​ជញ្ជាំង​ ដែល​ធ្វើ​ឲ្យ​ចម្ងាយ​គ្រប​ដណ្ដប់​របស់​វា​កាន់​តែ​ខ្លី ហើយ​ដោយ​តែ​ត្រូវ​ការ​បង្គោល​ច្រើន​​ឲ្យ​សេវា​គ្រប​ដណ្ដប់​បាន​ល្អ ដូច​នេះ​វា​ត្រូវ​ចំណាយ​ប្រាក់​ច្រើន​ក្នុង​ការ​ពង្រាយ។ បច្ចេកវិទ្យា​ mmWave នេះ​សម​រម្យ​សម្រាប់​តែ​ការ​ប្រើ​ប្រាស់​ក្នុង​តំបន់​ប្រជុំ​ជន នៅ​ទីក្រុង ឬ​តំបន់​ជាក់​លាក់​ណា​មួយ​ដូច​ជា​នៅ​ព្រលាន​យន្តហោះ ឬ​ទីតាំង​ប្រគំ​តន្រ្តី​ជា​ដើម។ ​​

​​​​ចំណែក​ sub-6GHz 5G វិញ​គឺ​មាន​ល្បឿន​លឿន​ជាង 4G ​មាន​លក្ខណៈ​ស្រដៀង​ 4G ប៉ុន្តែ​មិន​អាច​ផ្ដល់​ល្បឿន​លឿន​ដូច​ព្យុះ​បាន​ដូច​ជា​ mmWave នោះ​ទេ។ បច្ចេកវិទ្យា​នេះ​​អាច​គ្រប​ដណ្ដប់​បាន​ចម្ងាយ​ឆ្ងាយ និង​មិន​មាន​វត្ថុ​ណា​អាច​បាំង​សេវា​របស់​បាន​ឡើយ ហេតុ​នេះ​ការ​ដាក់​ពង្រាយ​​វា​ចំណាយ​តិច​ជាង​ mmWave។ បច្ចេកវិទ្យា sub-6GHz 5G នេះ​​​មាន​ល្បឿន​យឺត​ប្រសិន​បើ​មាន​ឧបករណ៍​ច្រើន​ត​ភ្ជាប់​វា​ (​មិន​ខុស​ពី​ 4G ឡើយ) ខណៈ​ដែល​ mmWave 5G វិញ​អាច​ទ្រាំទ្រ​ការ​ត​ភ្ជាប់​បាន​ច្រើន​សន្ធឹក​ដោយ​មិន​​ធ្លាក់​ល្បឿន​ឡើយ។

mmWave 5G អាច​បញ្ជូន​ល្បឿន​បាន​លឿន​រហូត​ដល់ 5Gb/s។ ប៉ុន្តែ​បើ​តាម​ការ​ធ្វើ​តេស្ត​របស់​ក្រុម​ការងារ macrumors ជា​មួយ​បច្ចេកវិទ្យា​ mmWave 5G ​របស់ Verizon ឃើញ​ថា​ល្បឿន​ជាក់​ស្ដែង​របស់ mmWave គឺ​មាន​ខ្ពស់​បំផុត​ត្រឹម 2Gb/s ហើយ​ល្បឿន​នេះ​គឺ​ខុសៗ​ពី​គ្នា​អាស្រ័យ​លើ​ការ​នៅ​ជិត ឬ​ឆ្ងាយ​ពី​បង្គោល​ 5G។

ចំណែក​ឯ​ sub-6GHz 5G វិញ គឺ​ស្ថិត​នៅ​ចន្លោះ​ mmWave និង 4G។ តាម​ការ​ធ្វើ​តេស្ត​ជា​មួយ sub-6GHz 5G របស់ T-Mobile ឃើញ​ថា​ល្បឿន​លឿន​បំផុត​ដែល​ទទួល​បាន​គឺ​ប្រមាណ 200Mb/s៕​​

ប្រភព៖ macrumors ប្រែ​សម្រួល៖ សុខហេង

មតិយោបល់