• 2020-08-28 09:44:40
  • ចំណេះដឹង

បើ​​ជា​អ្នក​​ប្រើប្រាស់រថយន្ត ត្រូវ​ដឹង​ពីគ្រឿង​ដ៏​សំខាន់ទាំងនេះ

  • 2020-08-28 09:44:40
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ដឹង​ពី​វិធី​ថែទាំ​គ្រឿង​បរិក្ខារ​នានា​របស់​រថយន្ត​ ​គឺ​ជា​ចំណុច​ដែល​អ្នក​បើកបរ​គ្រប់​រូប​គួរ​តែ​ចេះ​ ​ទោះ​មិន​អាច​ជួសជុល​ដោយ​ខ្លួន​ឯង​ ​តែ​ក៏​អាច​ធ្វើ​ឲ្យ​វា​មិន​ងាយ​ខូច​ដែរ​ ​ហើយ​របស់​ទាំង​នោះ​មាន​ដូច​ជា​ ​៖

  • អាគុយ

​ជា​ទូទៅ​អាគុយ​មួយ​គ្រាប់​អាច​ប្រើ​ចន្លោះ​ពី​ ​៤​ ​ទៅ​ ​៥​ ​ឆ្នាំ​ ​អាស្រ័យ​លើ​ការ​ប្រើប្រាស់​ ​ហើយ​ ​ចុច​ទី​នេះ​ដើម្បី​ចេះ​វិធី​មិន​ឲ្យ​ឡាន​ឆាប់​អស់​អាគុយ

  • ស្បែក​ហ្វ្រាំង​ ​និង​ដុំ​ហ្រ្វាំង

ជា​មុខងារ​សុវត្ថិភាព​នៃ​រថយន្ត​ ហើយ​ក៏​មិន​គួរ​ឲ្យ​វា​ត្រូវ​ទឹក​ច្រើន។ ពេល​ជាន់​ហ្វ្រាំង​ទៅ​ឡាន​ញ័រ​ ​ឬ​លាន់​សំឡេង​ខុស​ប្រក្រតី​ ​គឺ​ត្រូវ​យក​ចូល​ជាង​ភ្លាម​ ​កុំ​ទុក​យូរ​នាំ​មាន​បញ្ហា​ធំ។

  • ប៊ីស្តុង

ជា​ឆ្អឹងខ្នង​របស់​ម៉ាស៊ីន​ ។ ​ប៊ីស្តុង​ដំណើរការ​មិន​រលូន​ ​ធ្វើ​ឲ្យ​ឡាន​ចេញ​ផ្សែង​ខ្មៅ​លើស​កម្រិត។ លែង​សង្ស័យ​ ​​មើល​ពណ៌​ផ្សែង​​​ដឹង​ច្បាស់​​ពី​ស្ថានភាព​ម៉ាស៊ីន​រថយន្ត

  • ប៊ិចសាំង​ ​

ម៉ាស៊ីន​ដំណើរការ​ ​ហើយ​ស្ទុះ​មិន​ស្ទុះ​ ​គឺ​អាស្រ័យ​លើ​របស់​នេះ​ ​ដែល​ជា​អ្នក​បាញ់​សាំង​ចូល​ក្នុង​ស៊ីឡាំង​ដើម្បី​បង្កើត​ល្បឿន។ ប្រសិន​ដើរ​មិន​ស្រួល​ ​ឡាន​អាច​ស៊ី​សាំង​លើស​ធម្មតា​ ​ឬ​អាច​សាំង​បាញ់​មិន​គ្រប់​ដែល​ធ្វើ​ឲ្យ​ឡាន​ស្ទក់។ វិធី​ការពារ​ ​គឺ​ប្រើប្រាស់​សាំង​តាម​ស្តង់​ដារ​ ​ជៀសវាង​មាន​កំណក​ស្អិត​ជាប់​ប៊ិច​សាំង។ ឡាន​ ​ម៉ូតូ​ថ្មី​​ៗ​ ​មិន​គួរ​ប្រើ​សាំង​ស៊ុបពែ​ ​​ព្រោះ ...

  • ធុង​ទឹក

វា​មាន​តួ​នាទី​សំខាន់​ក្នុង​ការ​កាត់​បន្ថយ​ ​និង​រក្សា​តុល្យភាព​កម្ដៅ​នៃ​ម៉ាស៊ីន​រថយន្ត​។ ​ជា​ធម្មតា​អ្នក​ត្រូវ​ពិនិត្យ​កម្រិត​ទឹក​ក្នុង​ធុង​នេះ​តាម​កម្រិត​កំណត់​ មិន​គួរ​ឲ្យ​ធុង​ទឹក​គ្មាន​ទឹក​នោះ​ទេ​ ​ព្រោះ​វា​អាច​បណ្ដាល​ឲ្យ​ម៉ាស៊ីន​រថយន្ត​ទាំង​មូល​មិន​ដំណើរការ។

  • កង្ហារ​ម៉ាស៊ីន

មុខងារ​ជួយ​ឲ្យ​ស្រូប​ខ្យល់​ពី​ខាង​ក្រោយ​ឲ្យ​ប៉ះ​ធុង​ទឹក​ដើម្បី​ចុះ​កម្ដៅ​បាន​កាន់​តែ​លឿន​ ​ហើយ​បើ​អាច​គួរ​ផ្លុំ​លាង​ជា​ប្រចាំ។

  • ឧបករណ៍​បង្ហាប់​សីតុណ្ហភាព​ ​(AC Compressor)

វា​ជា​បេះដូង​នៃ​ប្រព័ន្ធ​ម៉ាស៊ីន​ត្រជាក់​ ​និង​កម្ដៅ​ក្នុង​រថយន្ត​។ ប្រើប្រាស់​ឲ្យ​បាន​​ត្រឹម​ត្រូវ​ ​មិន​គួរ​ប្រើ​ដល់​កម្រិត​ខ្ពស់​បំផុត​នាំ​ឲ្យ​ឆាប់​ខូច។ ឧទាហរណ៍​ ៖​ ​នៅ​តាម​ប្រទេស​ត្រជាក់​ ​គេ​ច្រើន​កំណត់​ឲ្យ​វា​ចេញ​ក្ដៅ​ ​តែ​ពេល​ខ្លះ​ក្ដៅ​ជ្រុល​ធ្វើ​ឲ្យ​រលួយ​ជ័រ​ ​ឬ​តាម​ប្រទេស​ក្ដៅ​ ​ប្រើ​ឲ្យ​ត្រជាក់​ពេក​ ​ធ្វើ​ឲ្យ​ហ្គាស៍​ម៉ាស៊ីន​ត្រជាក់​បុក​មក​ក្រៅ​ខ្លាំង​ហួស​ហេតុ។

  • តម្រង់​ខ្យល់

ឧបករណ៍​នេះ​ ​ជា​អ្នក​ចម្រោះ​ខ្យល់​ ​និង​មិន​ធ្វើ​ឲ្យ​ធូលី​ចូល​ឡាន​តាម​រន្ធ​ម៉ាស៊ីន​ត្រជាក់។​ ​គួរ​ណាស់​ធ្វើ​ការ​សម្អាត​ជា​ប្រចាំ​ ​ព្រោះ​ថា​បើ​មាន​ធូលី​ជាប់​លើ​វា​ច្រើន​​ក្នុង​ឡាន​ក៏​មិន​ត្រជាក់​ ​ឬ​អាច​មាន​សំឡេង​រំខាន​ផង​ដែរ។

  • ស្បែក​អំព្រីយ៉ា​ ​និង​បន្ទះ​អំព្រីយ៉ា

​មុខងារ​ជួយ​សម្រួល​ប្រអប់​លេខ​ពេល​ប្ដូរ​ពី​​មួយ​​លេខ​ទៅ​មួយ​លេខ​មិន​ឲ្យ​ចង្កឹះ​លេខ​កកិត​ខ្លាំង​ ​ហើយ​វិធី​ប្រើប្រាស់​ត្រឹម​ត្រូវ​ ​គឺ​ត្រូវ​ដឹង​ពី​កម្រិត​ប្រេង​ប្រអប់​លេខ​ឲ្យ​គ្រប់​តាម​ស្តង់ដារ​ ដែល​ធ្វើ​ការ​ពិនិត្យ​ដោយ​អ្នក​ជំនាញ​តាម​ហ្គារាស។

  • ប៊ូស៊ី

ខ្លួន​តូច​ ​តែ​រថយន្ត​មិន​អាច​ដំណើរការ​បាន​ទេ​បើ​គ្មាវា​ ​ព្រោះ​ប៊ូស៊ី​ ​ជា​អ្នក​បង្កើត​ឲ្យ​មាន​ចរន្ត​អគ្គិសនី​ទៅ​បញ្ឆេះ​ឲ្យ​ម៉ាស៊ីន​ឥន្ធនៈ​របស់​រថយន្ត​ដំណើរការ។ ការ​ប្រើប្រាស់​ប៊ូស៊ី​មិន​ត្រឹមត្រូវ​ ​គឺ​អាច​ធ្វើ​ឲ្យ​ម៉ាស៊ីន​ឡាន​ឆេះ​មិន​ប្រក្រតី​ ​ឬ​ពេល​ខ្លះ​គេ​និយម​ហៅ​ថា​ការ៉ង់​ទី​មិន​ស្មើ​ ​ដែល​កម្លាំង​ម៉ាស៊ីន​ឡើង​ចុះ​ខ្លាំង​ពេក។ វិធី​ប្រើប្រាស់​ត្រឹមត្រូវ​ ​គឺ​ជ្រើសរើស​ប៊ូស៊ី​ដែល​មាន​ម៉ាក​ច្បាស់លាស់​ ​និង​ធ្វើ​ការ​សម្អាត​តាមកាល​កំណត់​ណា​មួយ។

  • ស៊ីមាំង​ ​និង​កស៊ីមាំង

សឹង​តែ​គ្រប់​គ្នា​ហើយ​ដែល​ដឹង​ថា​ស៊ីមាំង​មាន​តួនាទី​បំភាយ​ផ្សែង​ចេញ​ពី​ចំហេះ​ម៉ាស៊ីន​ ​តែ​ប្រហែល​មិន​ទាន់​ច្បាស់​ទេ​ថា​ ​ករស៊ីមាំង​មាន​តួនាទី​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​កាត់​បន្ថយ​មិន​ឲ្យ​ផ្សែង​ចេញ​មក​ក្រៅ​ខ្លាំង​ពេក។ ចំពោះ​ការ​ថែទាំ​ ​គឺ​មិន​ត្រូវ​ឲ្យ​មាន​ទឹក​ចូល​នោះ​ទេ​ ​ព្រោះ​អាច​បណ្ដាល​ឲ្យ​ម៉ាស៊ីន​មិន​ដំណើរការ​តែ​ម្ដង។

  • ឌីណាម៉ូ

រាង​មិន​ធំ​ជាង​ផ្លែ​ដូង​ប៉ុន្មាន​ ​ឌីណាម៉ូ​ ​មាន​តួនាទី​ប្រើ​ថាមពល​អគ្គិសនី​ទៅ​ទាញ​ខ្សែ​ពាន​ឲ្យ​ម៉ាស៊ីន​ដំណើរការ​ ​និង​សមត្ថភាព​បង្វិល​ចរន្ត​អគ្គិសនី​ពេល​ម៉ាស៊ីន​ដំណើរការ​ទៅ​សាក​បញ្ចូល​ឲ្យ​អាគុយ​វិញ។ ការ​ថែទាំ​របស់​នេះ​ ​គឺ​គ្រាន់​តែ​មិន​ឲ្យ​វា​ត្រូវ​ទឹក​ជា​ការ​ស្រេច​ ​តែ​ក៏​សូម​កុំ​ធ្វើ​ការ​បញ្ឆេះ​ដោយ​កន្ត្រាក់​ៗ​ ​ព្រោះ​ងាយ​ឲ្យ​ឌីណាម៉ូ​ងាយ​ខូច៕

ប្រែសម្រួល៖ រដ្ឋ

មតិយោបល់