• 2020-07-03 09:01:12
  • ចំណេះដឹង

៩ ចំណុច​ខុស​គ្នា នៃម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង

  • 2020-07-03 09:01:12
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ចំពោះរថយន្តដែលប្រើប្រាស់ភាគច្រើនសព្វថ្ងៃ ជាប្រភេទរថយន្តប្រើប្រេងសាំងធម្មតាជាឥន្ធនៈ តែក៏មានរថយន្តមួយចំនួនទៀត ក៏ប្រើប្រាស់ប្រេងម៉ាស៊ូតជាឥន្ធនៈផងដែរ។ បើតាមបច្ចេកទេស យានយន្តដែលប្រើប្រាស់ម៉ាស៊ីនម៉ាស៊ូតមានកម្លាំងខ្លាំង យានយន្តដែលប្រើសាំង ប៉ុន្តែវាមានល្បឿងរង្វិលជុំក្នុងមួយនាទី (rpm) ទាប និងមានកម្លាំងសេះតូច ជាងម៉ាស៊ីនសាំង។

ខាងក្រោមនេះ ជាចំណុចខុសគ្នារវាង ម៉ាស៊ីនម៉ាស៊ូត និងម៉ាស៊ីនសាំង ដែលអ្នកប្រើប្រាស់យានយន្តគ្រប់រូបគួរយល់ដឹង៖

. ម៉ាស៊ីនម៉ាស៊ូតមិនប្រើក្បាលប៊ូស៊ីដើម្បីបញ្ឆេះម៉ាស៊ីន ដូចម៉ាស៊ីនសាំងឡើយ។ វិធីបញ្ឆេះរបស់វា គឺបណ្ណែនខ្យល់ឲ្យមានសម្ពាធខ្ពស់ ហើយឡើងក្ដៅខ្លាំង ទើបបាញ់ម៉ាស៊ូតចូលក្នុងម៉ាស៊ីនផ្ទាល់តែម្ដង (Direct Injection) ។ ដូចនេះ ម៉ាស៊ីនម៉ាស៊ូតត្រូវការពេលបន្តិច ដើម្បីបញ្ឆេះ ហើយបើមេឃត្រជាក់ទៀត ទាល់តែ Glow Plug ជួយកម្ដៅម៉ាស៊ីនទើបអាចបញ្ឆេះបាន។

. ម៉ាស៊ីនម៉ាស៊ូតមានចំនួនរង្វិលជុំតិចជាងម៉ាស៊ីនសាំង ដោយម៉ាស៊ីនម៉ាស៊ូតអាចលោតដល់ ៤ ៥០០ ជុំក្នុងមួយនាទី ឯម៉ាស៊ីនសាំង អាចលោតដល់ ៨ ០០០ ជុំឯណោះក្នុងមួយនាទី។

. ម៉ាស៊ីនម៉ាស៊ូត ភាគច្រើន ប្រើ Turbocharger ដើម្បីបង្កើនកម្រិតខ្យល់ចូលក្នុងម៉ាស៊ីន ឯម៉ាស៊ីនសាំង ប៊ឺតខ្យល់ចូលតាមធម្មតា។ នេះជាមូលហេតុមួយទៀត ដែលធ្វើឲ្យម៉ាស៊ីនម៉ាស៊ូតប្រើ Turbocharger ត្រូវរង់ចាំឲ្យ Turbocharger ដំណើរការសិនទើបម៉ាស៊ីនអាចដំណើរការបានពេញលេញ។

Turbocharger

. ម៉ាស៊ីនម៉ាស៊ូត មានទម្ងន់ធ្ងន់ជាងម៉ាស៊ីនសាំងទោះបីជាមានចំណុះ និងកម្លាំងសេះប៉ុនគ្នាក៏ដោយ។

. បើសិនជាម៉ាស៊ីនម៉ាស៊ូតមួយត្រូវបានដំឡើងមកយ៉ាងត្រឹមត្រូវ អត្រាស៊ីប្រេងរបស់វាមានកម្រិតទាបឆ្ងាយណាស់បើប្រៀបជាមួយនឹង ម៉ាស៊ីនសាំង។ ជាការពិត ប្រេងម៉ាស៊ូត មានតម្លៃថោកជាង ប្រេងសាំង ហើយដោយម៉ាស៊ីនម៉ាស៊ូតស៊ីប្រេងតិចទៀត វាពិតជាសន្សំសំចៃបានច្រើន។

. ម៉ាស៊ីនម៉ាស៊ូត មានសំឡេងលាន់ខ្លាំង ជាងម៉ាស៊ីនសាំង ទោះបីជាធ្វើមកបានល្អយ៉ាងណាក៏ដោយ។ បើសិនជាដាក់ជិតគ្នា អ្នកនៅតែអាចដឹងអ៊ីចឹង ថាមួយណាជាម៉ាស៊ីនម៉ាស៊ូត មួយណាជាម៉ាស៊ីនសាំង ដោយសារសំឡេងនោះឯង។

. ម៉ាស៊ីនម៉ាស៊ូតមានភាពស្មុគស្មាញ ហើយពិបាកថែទាំ បើប្រៀបទៅនឹងម៉ាស៊ីនសាំង។ ដូចនេះ ការយកចូលជាង ដូរប្រេងម៉ាស៊ីនជាដើមនោះ សុទ្ធតែមានរយៈពេលខ្លីជាងម៉ាស៊ីនសាំង (ត្រូវឧស្សាហ៍ថែទាំវា)។

. ភាគច្រើន រថយន្តដែលប្រើម៉ាស៊ីនម៉ាស៊ូត មានតម្លៃថ្លៃជាង រថយន្តដែលប្រើម៉ាស៊ីនសាំង ទោះបីជាមានចំណុះ និងកម្លាំងសេះប៉ុនគ្នាក៏ដោយ។

. ម៉ាស៊ីនម៉ាស៊ូតបញ្ចេញ សារធាតុពុល ដែលប៉ះពាល់ដល់បរិស្ថានច្រើនប្រភេទ ជាងរថយន្តដែលប្រើសាំង។ ដូចនេះ រថយន្តម៉ាស៊ូត ត្រូវមានតម្រងច្រើន និងសារធាតុបន្សុទ្ធមួយចំនួន ដើម្បីធានាថាផ្សែងដែលចេញពីម៉ាស៊ីន មិនប៉ះពាល់ដល់បរិស្ថានខ្លាំងលើសកម្រិតកំណត់៕

ប្រភព៖ Quora ប្រែសម្រួល៖ ផាត សុវត្ថិ

មតិយោបល់