• 2020-06-29 09:06:56
  • ចំណេះដឹង

៨ចំណុច គួរដឹងពីតិចនិចឆបោកប្រាក់របស់ឧក្រិដ្ឋជនបច្ចេកវិទ្យា

  • 2020-06-29 09:06:56
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

កន្លងមកយើងសង្កេតឃើញមាន ការឆបោកប្រាក់តាមប្រព័ន្ធបច្ចេកវិទ្យាជាច្រើនករណី បន្តកើតមានឡើងក្នុងព្រះរាជាណាចក្រកម្ពុជា។ អំពើឆបោកប្រាក់ប្រើប្រាស់មធ្យោបាយបច្ចេកវិទ្យា (Money Scam) ជាការលួងលោម ឆបោកជនរងគ្រោះថានឹងឲ្យរបស់មានតម្លៃ ឬប្រាក់ដល់ជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់មួយចំនួនដើម្បីសម្រួលនីតិវិធី សេវាដឹកជញ្ជូន ឬសេវាពន្ធ ប៉ុន្តែពុំមានរបស់ ឬប្រាក់បានប្រគល់ជូនជនរងគ្រោះដូចការសន្យានោះឡើយ។

ដើម្បីសម្រេចគម្រោងឆបោក ដំបូងឧក្រិដ្ឋជនបានស្វែងរកលេខទូរស័ព្ទ ឬអុីម៉ែលរបស់ជនរងគ្រោះលើបណ្តាញទំនាក់ទំនងសង្គម គេហទំព័រទិញលក់ ឬគេហទំព័រស្វែងរកការងារជាដើម។ បន្ទាប់មកឧក្រិដ្ឋជនធ្វើការទាក់ទងទៅកាន់ជនរងគ្រោះ ដោយប្រើប្រាស់បច្ចេកទេសឆបោកមួយចំនួនដូចខាងក្រោម (មានច្រើនជាងនេះ)៖

១- ប្រាប់ជនរងគ្រោះថាទទួលបានកេរ្តិ៍មរតកពីសេដ្ឋីក្រៅប្រទេស នូវទឹកប្រាក់រាប់លានដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

២- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ធំពីកម្មវិធីឆ្នោតផ្សេងៗ ដែលមានទំហំទឹកប្រាក់រាប់ម៉ឺនដុល្លារអាមេរិក និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ ឬផ្ទេរប្រាក់។

៣- ប្រាប់ជនរងគ្រោះថាខ្លួនមានឧបករណ៍និងក្រដាស់បោះពុម្ពប្រាក់ និងតម្រូវប្រាក់កក់ដើម្បីបញ្ជូនឧបករណ៍ទាំងនោះទៅឲ្យជនរងគ្រោះ។

៤- ប្រាប់ជនរងគ្រោះថាឈ្នះរង្វាន់ទទួលបានសិទ្ធិរស់នៅក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៥- ប្រាប់ជនរងគ្រោះថាទទួលបានការងារក្រៅប្រទេស និងតម្រូវប្រាក់កក់ដើម្បីរត់ការឯកសារ។

៦- ដាក់លក់ ឬដេញថ្លៃទំនិញអនឡាញដែលមានតម្លៃថោកជាងតម្លៃទីផ្សារ និងតម្រូវជនរងគ្រោះទូទាត់ប្រាក់មុនបញ្ជូនទំនិញ។

៧- ប្រាប់ជនរងគ្រោះថាពួកគេបានគ្រប់គ្រងកុំព្យូទ័រ ឬទូរស័ព្ទដៃ និងបានថតសកម្មភាពអាក្រាតកាយជនរងគ្រោះ និងតម្រូវជនរងគ្រោះបង់ប្រាក់ជាថ្នូរនឹងការលុបរូបភាព ឬវីដេអូទាំងនោះ។

៨- ប្រាប់ជនរងគ្រោះថានឹងទទួលបានប្រាក់ចំនេញទ្វេដង (Money-Flipping) ប្រសិនជនរងគ្រោះបណ្តាក់ទុនជាមួយខ្លួន។

រាល់ឧបាយកលដូចរៀបរាប់ខាងលើ បន្ទាប់ពីទទួលបានប្រាក់ពីជនរងគ្រោះ ឧក្រិដ្ឋជនពុំបានធ្វើតាមការសន្យា ផ្ទុយទៅវិញពួកគេព្យាយាមប្រើប្រាស់ហេតុផលផ្សេងៗ ដើម្បីទទួលបានប្រាក់ជាបន្តបន្ទាប់ពីជនរងគ្រោះ។ ដូច្នេះសូមបងប្អូនមេត្តាពិចារណា កុំឲ្យក្លាយខ្លួនជាជនរងគ្រោះនៃបទល្មើសខាងលើ៕

ប្រភព៖ នាយកដ្ឋានព័ត៌មានវិទ្យា ក្រសួងមហាផ្ទៃ

មតិយោបល់