- 2020-01-09 03:34:35
- ចំណេះដឹង
គេធ្វើម៉េចអញ្ចេះ? អាចចម្អិនអាហារលើយន្តហោះជាង ២២ម៉ឺនចានក្នុង១ថ្ងៃ
- 2020-01-09 03:34:35
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
គេធ្វើម៉េចអញ្ចេះ? អាចចម្អិនអាហារលើយន្តហោះជាង ២២ម៉ឺនចានក្នុង១ថ្ងៃ
ចន្លោះមិនឃើញ
នេះគឺជាដំណើរការចម្អិនម្ហូបរបស់ក្រុមហ៊ុន Emirates ដែលមានទីតាំងចម្អិនម្ហូបអាហារសម្រាប់បម្រើលើយន្តហោះ ដោយអាចចម្អិនអាហារ ១១០ លានចានក្នុងមួយឆ្នាំ ប្រមាណ ២២៥ ពាន់ចានក្នុងមួយថ្ងៃ និងមានដំណើរការ ២៤ ម៉ោង/ថ្ងៃ ហើយ ៧ ថ្ងៃក្នុងមួយសប្ដាហ៍។
មុនការចាប់ផ្ដើមចម្អិនអាហារ របស់គ្រប់យ៉ាងត្រូវដកចេញពីជើងហោះហើរដែលរៀបនឹងហោះ ចាន, ថាសម្ហូប និងរទេះរុញដាក់ម្ហូបជាដើម ដើម្បីយកទៅកាន់ទីតាំងចម្អិន ដើម្បីធ្វើការសម្អាត។ របស់របរដែលត្រូវលាងសម្អាតត្រូវចែកចេញជាផ្នែកៗ រួចបញ្ជូនទៅកាន់ម៉ាស៊ីនលាងសម្អាតខ្នាតធំ។ ជាមធ្យមគេរៀបចំឈុតចានអាហារ ៣ លានឈុតក្នុងមួយថ្ងៃ។
នៅជាន់ខាងលើគឺជាទីតាំងដែលការចម្អិនត្រូវចាប់ផ្ដើម។ ដំបូងគឺចង្ក្រានបាយត្រជាក់ ជាកន្លែងរៀបចំធ្វើសាំងវិច និង អាហារសម្រន់។ ដោយសារតែក្នុងយន្តហោះមានបែងចែកប្រភេទគ្នា ហេតុនេះកន្លែងធ្វើចំណីអាហារសម្រាប់ផ្នែក First Class រៀបចំនៅម្ខាង ហើយផ្នែក Economy រៀបចំនៅជ្រុងម្ខាងទៀត។
បន្ទាប់មកចូលដល់ចង្ក្រានបាយធំ ដែលមានបែកចែកជាម្ហូបបួនតំបន់ រួមមានអាស៊ាន, ទ្វីបធំៗ, តំបន់អឺរ៉ុប និង មជ្ឈិមបូព៌ា។ មេចុងភៅរបស់ Emirates ចំនួន ១ ៨០០ នាក់ មកពីជុំវិញពិភពលោក បង្កើតមុខម្ហូបខុសៗគ្នាចំនួន ១ ៣០០ មុខក្នុងមួយខែ។
នៅពេលដែលអ្នកធ្វើដំណើរតាមជើងហោះហើរ Emirates ម្ហូបអាហារដែលបម្រើជូន នឹងជាមុខម្ហូបនៃគោលដៅដែលអ្នកទៅដល់។ ឧទាហរណ៍ថាអ្នកធ្វើដំណើរទៅបារាំង អ្នកនឹងទទួលបាននំប៉័ងមួយប្រភេទឈ្មោះ Croissant នាពេលព្រឹក។
បន្តមកទៀតគឺមានចង្ក្រានបាយក្ដៅ ដែលមានចម្អិនមុខម្ហូបក្ដៅៗដូចជាសាច់អាំង ឬ ឆាបន្លែជាដើម។ បន្ទាប់ពីនេះគឺបន្ទប់បង្អែម ជាទីតាំងចម្អិននូវនំបង្អែម ហើយនៅបន្ទប់នេះមានឧបករណ៍កាត់នំដោយប្រើកម្លាំងទឹក អាចកាត់នំជាបំណែកៗបានស្មើគ្នាល្អ។
ចុងក្រោយគេបង្អស់គឺជាបន្ទប់វេចខ្ចប់ ដំឡើង ជាទីតាំងដែលមុខម្ហូបទាំងឡាយត្រូវដាក់រៀបចំនៅលើថាសអាហារតែមួយ ហើយវាក៏ជាកន្លែងដែលមុខម្ហូបទាំងអស់ទទួលបានកូដសម្គាល់ពីថ្ងៃផលិត ដោយប្រើប្រាស់ទឹកថ្នាំ UV ។ អ្នកដំណើរមើលមិនឃើញពីកូដនេះឡើយ ប៉ុន្តែវាជួយឲ្យ Emirates ដឹងពីអាយុកាលនៃមុខម្ហូបនីមួយៗ។
មុខម្ហូបមួយចានៗដែលរៀបចំរួចរាល់ ត្រូវដាក់បញ្ចូលទៅក្នុងរទេះរុញ បន្ទាប់មកបញ្ជូនរទេះរុញនោះទៅកាន់រថយន្តដឹកទំនិញ រួចដឹកទៅកាន់យន្តហោះរយៈពេល ២ ម៉ោងមុនពេលហោះហើរ៕