• 2020-01-03 01:55:02
  • ចំណេះដឹង

តោះ! មក​ដឹងគ​ន្លឹះ ចង់​ក្លាយ​ជា Vlogger មានអី​ពិបាក​

  • 2020-01-03 01:55:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

មាន​ត្រឹម​ស្មាតហ្វូន រួម​ទាំង​ជើង Tripod ជា​មូលដ្ឋាន អាច​ថា​គ្រប់គ្រាន់​សម្រាប់​ថត​វីដេអូ​ដាក់​ចូល YouTube បង្កើន​ចំណូល​បាន​ខ្លះ​ដែរ​ ត្បិត​ប្រើ​ពេល​យូរ​បន្តិច​។ Vlogger សំដៅ​លើ​បុគ្គល​ចូលចិត្ត​និយាយ ឬ​បង្ហាញ​ពី​សកម្មភាព​ប្រចាំថ្ងៃ ព្រឹត្តិការណ៍​នានា​ខ្លួន​បាន​ចូលរួម តាមរយៈ​វីដេអូ​។ 

ចុះ​អ្នក​ចង់​ធ្វើ Vlogger ដំបូង​គួរ​ចាប់ផ្តើម​ពី​ចំណុច​ណា​ទៅ​?

១) ចំណុច​ចាប់ផ្តើម​

ក) ស្រាវជ្រាវ​មើល Vlogger មាន​ស្រាប់​

មុន​ពេល​បង្កើត Vlog គួរ​ចំណាយ​ពេល​មើល​វីដេអូ​បុគ្គល​មុន​ៗបាន​ធ្វើ ដូចជា Casey Neistat, Zoella ឬ Jenna Marbles ទោះ​ល្បី​ក៏​ដោយ មិន​សូវ​ល្បី​ក៏​ដោយ​ ដើម្បី​បាន​ជា​អារម្មណ៍​ខ្លះ ជាពិសេស​ចំណុច​ចាប់ផ្តើម និង​បញ្ចប់​នៃ​វីដេអូ​។

ខ) កំណត់​ប្រភេទ Vlogger ចង់​ធ្វើ​

Vlog ជា​វីដេអូ​បង្ហាញ​សកម្មភាព​សង្ខេប​ពេញ​មួយ​ថ្ងៃ ឬ​មួយ​សប្តាហ៍ ថត​បង្ហាញ​អ្វី​ក៏​បាន ទៅ​តាម​ចំណូលចិត្ត​។ ឧទាហរណ៍ ការ​ធ្វើ​ម្ហូប សកម្មភាព​កីឡា (ឡើងភ្នំ ទាត់បាល់ ហែលទឹក ។ល។) ឬ​ការ​តុបតែង​មុខ​។​ ប្រភេទ​វីដេអូ​ទាំង​នេះ ទទួល​ការ​ចាប់អារម្មណ៍​ច្រើន​។ 

គ) មាន​ឧបករណ៍​ចាំបាច់​ប្រើប្រាស់​

ឧបករណ៍​ចាំបាច់​ត្រូវ​មាន​ក្នុង​ការ​ផលិត​វីដេអូ​បាន​ងាយស្រួល ដូចជា កាមេរ៉ា​ថត​វីដេអូ (អាច​ថត​បាន​ចាប់​ពី 1080p ឡើង​ទៅ​), Tripod (ជួយ​ទប់​លំនឹង​ទាំង​ពេល​ដើរ​ថត ឬ​ដាក់​មួយ​កន្លែង​ថត​ទេសភាព​)​, Lighting (ចាំបាច់ បើ​ការ​ថត​ធ្វើ​ឡើង​ក្នុង​បន្ទប់) រួម​ទាំង​ Microphone (សំឡេង និង​រូបភាព​សុទ្ធ​តែ​សំខាន់​ដូចគ្នា​)។ 

ឃ) រក​មើល​គោល​បំណង​មុន​ពេល​ថត​វីដេអូ​

គួរ​ដឹង​ពី​ទិដ្ឋភាព​អ្វី​ព្យាយាម​បង្ហាញ មុន​ពេល​ចុច​ថត​វីដេអូ បែប​នេះ​ធ្វើ​ឲ្យ​មាន​ភាព​ងាយស្រួល​ដល់​ការ​កំណត់​ចំណុច​ផ្តើម និង​បញ្ចប់​វីដេអូ​។ 

២) បង្កើត​សាច់រឿង​

ក) ថត​ខ្លួន​ឯង និង​អ្នក​ជុំវិញ​ខ្លួន​

វីដេអូ Vlog គួរ​បង្ហាញ​វត្តមាន​ខ្លួន​ភាគច្រើន​បំផុត ក្នុង​ប្លង់​ថត ជាមួយ​នឹង​ការ​ណែនាំ​ពី​ទិដ្ឋភាព​ជាក់ស្តែង។​

ខ) បង្កើត​ជា​សំណួរ​

ជា​ចំណុច​ទាក់ទាញ​អ្នក​ទស្សនា​មួយ​ដែរ គឺ​ការ​ដើរ​ទៅ​សួរ​នាំ​មនុស្ស​មិន​ស្គាល់​នៅ​តាម​ដង​ផ្លូវ ព្រមទាំង​ថត​ឥរិយាបថ​ការ​ឆ្លើយតប​របស់​ពួកគេ ប៉ុន្តែ​គួរ​សុំ​ការ​អនុញ្ញាត​មុន​ពេល​ថត ហើយ​រៀបចំ​សំនួរ​ឲ្យ​បាន​សមរម្យ​។ 

គ)​ បញ្ចូល​ព្រឹត្តិការណ៍​ចាប់​អារម្មណ៍​

ក្នុង​វីដេអូ គួរ​មាន​បញ្ចូល​ទិដ្ឋភាព​ជុំវិញ​ខ្លួន​បន្ថែម​។ ឧទាហរណ៍៖ បើ​ថត​វីដេអូ​សកម្មភាព​ឡើង​ភ្នំ អាច​ចំណាយ​ពេល​បន្តិច​ថត​សកម្មភាព​សត្វ ឬ​ទេសភាព​។ 

ឃ) កាត់ត​វីដេអូ​

រយៈពេល​វីដេអូ​សមរម្យ​បំផុត គួរ​ស្ថិត​នៅ​ចន្លោះ​ពី ៨នាទី ទៅ ១៥នាទី ដោយសារ​ពេលវេលា​នេះ​ល្មម មិន​វែង ឬ​ខ្លី​ពេក គ្រប់គ្រាន់​បង្ហាញ​អត្ថន័យ​ក្នុង​វីដេអូ​។ ចំពោះ​ការ​កាត់ត គួរ​កាត់​ចោល​ចំណុច​គិត​ថា​រំខាន​អារម្មណ៍​ដល់​អ្នក​ទស្សនា បន្ថែម​បទភ្លេង​អាច​ទាំងស្រុង ឬ​តែ​ផ្នែក​ដែល​មិន​បាន​និយាយ អាច​ប្រើ Filter ត្រង់​ចំណុច​ណា​មួយ រួម​ទាំង​ធ្វើ​ឲ្យ​ប្លង់​ខ្លះ​យឺតៗ ឬ​លឿន តាម​ជាក់ស្តែង​។ 

ង) អាប់ឡូត​វីដេអូ​បាន​កែប្រែ​រួច​

ក្រោយ​ពេល​កាត់ត​វីដេអូ រួម​ទាំង​រៀបចំ​ចំណងជើង ពាក្យ​គន្លឹះ​ខ្លះ អាច​អាប់ឡូត​ចូល​ Youtube, Facebook ឬ Instagram។ បើ​វីដេអូ​វែង​ជាង ១០នាទី ត្រូវការ Verify គណនី YouTube មុន​ពេល​អាច​អាប់ឡូត​វីដេអូ​ចូល YouTube បាន​។ 

៣) ចូល​កៀក​នឹង​អ្នក​ទស្សនា​

ក) រក​មើល​គំនិត​វីដេអូ​ពេល​ក្រោយ​តាមរយៈ​មតិ​អ្នក​ទស្សនា​

ក្រោយ​ពេល​បង្ហោះ​វីដេអូ ប្រហែល​នឹង​អាច​ទទួល​បាន​មតិ​រិះគន់​ខ្លះ​ពី​អ្នក​ទស្សនា​។ អ្នក​គួរ​យក​ចិត្ត​ទុក​ដាក់​អាន​មួយៗ ដើម្បី​ពង្រឹង​គុណភាព​វីដេអូ​ពេល​ក្រោយ​។ ឧទាហរណ៍៖ បើ​មាន​អ្នក​ទស្សនា​មួយ​ចំនួន​ថា តន្ត្រី​លឺ​ខ្លាំង​ពេក​ អាច​បន្ថយ​សំឡេង​តន្ត្រី​ចំពោះ​វីដេអូ​បន្ទាប់​បាន​។ 

ខ) បង្កើត Vlog មិន​ដដែលៗ

ជៀស​បាន គួរ​តែ​ធ្វើ កុំ​ចម្លង​ដំណាក់​កាល​ប្លង់​ថត​ចេញ​ពី​វីដេអូ Vlog របស់​អ្នក​មុន​ៗ។ ឧទាហរណ៍ បើ​វីដេអូ​មុន​មាន​ប្លង់​ទៅ​ហាង​កាហ្វេ​ពេល​ថ្ងៃត្រង់ ហើយ​បន្ត​ទៅ​ទិញ​ម្ហូប គួរ​ជៀសវាង​សកម្មភាព​ទាំង​នេះ​ក្នុង​វីដេអូ​បន្ទាប់​។ 

គ) បង្កើត​ជា​គំរូ​មួយ​

ពេល​បង្កើត​វីដេអូ​បាន​មួយ​ចំនួន គួរ​ចាប់ផ្តើម​គិត​ពី​អ្វី​មាន​ការ​ពេញចិត្ត​ច្រើន​ក្នុង​វីដេអូ​ខ្លួន​កន្លង​មក ដើម្បី​បន្ត​ផលិត​វីដេអូ​ក្រោយៗ។ នេះ​អាច​ធានា​ថា អ្នក​ទស្សនា​អាច​មើល​អ្វី​ដែល​ពួកគេ​រំពឹង​ទុក ចេញ​ពី Vlog អ្នក។ ពិត​ណាស់ Vlog អាច​ផ្លាស់ប្ដូរ​គ្រប់​ពេល ប៉ុន្តែ​ដឹង​ពី​គំរូ​ទូទៅ​មួយ អាច​ជួយ​បន្ត​ការ​ចាប់អារម្មណ៍​ដល់​វីដេអូ​អ្នក​បាន​។ 

ឃ) ចែកចាយ​វីដេអូ​តាម​បណ្ដាញ​សង្គម​

អាច​ចែករំលែក​វីដេអូ​ទៅ​កាន់​បណ្ដាញ​សង្គម ដើម្បី​ទាញ​យក​ចំនួន​អ្នក​ទស្សនា​បន្ថែម ដោយ​បង្កើត​ទំព័រ Facebook សម្រាប់​វីដេអូ​របស់​ខ្លួន​ ជាពិសេស​ចែករំលែក​ជាមួយ​មិត្តភក្ដិ​ចំពោះ​វីដេអូ​ថ្មី​៕

ចុចអាន៖

ប្រភព៖ Wikihow ប្រែសម្រួល៖ ប៊ុនធឿន

មតិយោបល់