• 2019-11-20 03:07:31
  • ចំណេះដឹង

អ្នកចូលចិត្តសាកថ្ម iPhone ចោលពេញមួយយប់ គួរដឹងអំពីមុខងារនេះ

  • 2019-11-20 03:07:31
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

​នៅ​លើ iOS 13 គឺ​មាន​មុខងារ​មួយ​ឈ្មោះ​ថា​ "Optimized Battery Charging” អាច​ជួយ​ពង្រឹង​សុខភាព​ថ្ម​ឲ្យ​ប្រើ​ប្រាស់​បាន​យូរ​ជាង​មុន។ មុខងារ​ដ៏​មាន​ប្រយោជន៍​នេះ មាន​អ្នក​ប្រើ​ប្រាស់​មិន​ច្រើន​ទេ ដែល​ដឹង​អំពី​ដំណើរ​ការ​របស់​វា។

ដំបូង​ត្រូវ​ដឹង​សិន​ថា iPhone គ្រប់​ម៉ូដែល​គឺ​ប្រើ​ប្រាស់​ថ្ម​ប្រភេទ​លីចូម ដូច​ស្មាតហ្វូន​ដទៃ​ទៀត​ភាគ​ច្រើន​ដែរ។ ថ្ម​លីចូម​ថមថយ​ចុះ​សមត្ថភាព​ផ្ទុក​ថាមពល នៅ​ពេល​ប្រើ​ប្រាស់​យូរៗ​ទៅ។ វា​ថយ​ចុះ​ដោយ​សារ​​វដ្ដ​នៃ​ការ​សាក​ វិធី​ដែល​វា​ត្រូវ​បាន​សាក ដូច​ជា​នៅ​សាក​ដល់ ១០០% រយៈពេល​យូរ​ជា​ដើម (សាក​ពេញ ១០០% ហើយ​នៅ​បន្ត​ដោត​ជាប់​ឆ្នាំង​សាក​ទៀត)។​

"Optimized Battery Charging” គឺ​ជា​មុខងារ​ដែល​ដំណើរ​មក​ស្រាប់​តែ​ម្ដង​នៅ​លើ iOS 13។ ពេល​មុខងារ​នេះ​ដំណើរ​ការ iPhone នឹង​ធ្វើ​ការ​សិក្សា​អំពី​សកម្មភាព​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ​របស់​អ្នក ហើយ​អាច​ព្យាករណ៍​ថា​អ្នក​នឹង​សាក​ iPhone ចោល​យូរ​ប៉ុណ្ណា​នា​ពេល​យប់។ ឧទាហរណ៍​​ថា​អ្នក​នឹង​ភ្ញាក់ ហើយ​ដក​ទូរសព្ទ​ចេញ​ពី​ឆ្នាំង​សាក​នៅ​ម៉ោង ៨ ព្រឹក​ ជា​រៀងរាល់​ថ្ងៃ។ iPhone នឹង​កត់​ត្រា​ទុក​សកម្មភាព​នេះ។

ជា​មួយ​​ទម្លាប់​នេះ Optimized Battery Charging ​នឹង​ទប់​ស្កាត់​ iPhone របស់​អ្នក​កុំ​ឲ្យ​សាក​ដល់ ១០០% នៅ​ពេល​ដែល​អ្នក​សាក​ចោល​ពេញ​មួយយប់ ដោយ​នឹង​សាក​នៅ​ត្រឹម ៨០% ប៉ុណ្ណោះ។ នេះ​មាន​ន័យ​ថា​វា​នឹង​សាក​នៅ​ត្រឹម ៨០% រហូត​ ទោះ​បី​ជា​ដោត​ជាប់​ឆ្នាំង​សាក​​ក្ដី។ ប៉ុន្តែ​មុន​ម៉ោង ៨ ព្រឹក iPhone នឹង​បញ្ចប់​ការ​សាក ដោយសាក​ឲ្យ​ពេញ​ដល់ ១០០% មុន​ពេល​អ្នក​ដក​វា​ចេញ​ពីឆ្នាំង​សាក។​

​គួរ​ដឹង​ថា Optimized Battery Charging គឺ​ដំណើរ​​ការ​មក​មក​ស្រាប់​នៅ​លើ iOS 13 ហេតុ​នេះ​អ្នក​មិន​ចាំ​បាច់​ចូល​ទៅ​ដំណើរ​ការ​វា​នោះ​ទេ។ យ៉ាងណាក្ដី មិន​មាន​ន័យ​ថា​មុខងារ​នេះ​ដំណើរ​ការ​ភ្លាមៗ​នោះ​ឡើយ។ វា​ត្រូវ​ការ​ពេល​វេលា​​យូរ​ថ្ងៃ​ដើម្បី​សិក្សា​អំពី​ទម្លាប់​នៃ​ការ​ប្រើ​ប្រាស់​ ប្រសិន​បើ​ទម្លាប់​របស់​អ្នក​មិន​ទៀងទាត់​គឺ​ពិបាក​បន្តិច​ហើយ។

ករណី​ដែល​អ្នក​ចង់​ឲ្យ​ថ្ម​ iPhone សាក​ដល់ ១០០% រៀងរាល់​ពេល អ្នក​អាច​បិទ​មុខងារ Optimized Battery Charging ដោយ​ចូល​ទៅ Settings → Battery → Battery Health និង​ចុច​បិទ​មុខងារ “Optimized Battery Charging”។

មួយ​វិញ​ទៀត​​មិន​ចាំ​បាច់​បិទ​មុខងារ ប៉ុន្តែ​អ្នក​អាច​បញ្ជា​ឲ្យ iPhone សាក​ថ្ម​ឡើង​ពី ៨០% ដល់ ១០០% បាន​ ដោយ​នៅ​ពេល​លោត​ផ្ទាំង​ដូច​ជា​​ “Scheduled to finish charging by 10:00 AM.” អ្នក​អាច​ចុច​លើ​វា ហើយ​រើស​យក​ពាក្យ "Charge Now” ដើម្បី​ឲ្យ iPhone បន្ត​ការ​សាក​ដល់ ១០០%៕

ចុចអាន ៖ មិន​ទាន់​ដប់​ថ្ងៃ​ស្រួលបួល​ផង Apple ​ប្រកាស iOS ថ្មី​មក​ទៀត​ហើយ

ប្រភព៖ 9to5Mac ប្រែ​សម្រួល៖ សុខហេង

មតិយោបល់