• 2019-11-15 07:43:02
  • ចំណេះដឹង

៥ ចំណុច​លើ​រថយន្ត​ អ្នកប្រើប្រាស់​រាល់​ថ្ងៃត្រូវ​ដឹង

  • 2019-11-15 07:43:02
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

រថយន្តជាយានជំនិះដែលអ្នកប្រើប្រាស់គ្រប់រូប ត្រូវចំណាយពេលស្វែងយល់ច្រើនបន្តិច ព្រោះដោយសារតែវាលក្ខណៈបច្ចេកទេសដ៏ស្មុគស្មាញរបស់វា ហើយត្រូវប្រាកដថា នៅពេលដែលយើងចំណាយលុយដើម្បី ជួសជុល និងថែទាំរថយន្ត គឺត្រូវឲ្យសមនឹងតម្លៃនៃរថយន្តរបស់យើង។

ព័ត៌មាននានាអំពីយានយន្ត ដូចជាដំណើរការរបស់ម៉ាស៊ីន ការត្រួតពិនិត្យមើលភាពមិនប្រក្រតីនានា អាចជារឿងរញ៉េរញ៉ៃសម្រាប់មនុស្សភាគច្រើន ប៉ុន្តែព័ត៌មានមួយចំនួនរបស់រថយន្តមានលក្ខណៈសាមញ្ញ ដែលម្ចាស់គ្រប់រូបគួរយល់ដឹង ដើម្បីជួយសន្សំសំចៃពេលវេលា ក្នុងការប្រាប់អាការៈរថយន្តទៅជាង ឬទិញគ្រឿងបន្លាស់ឲ្យត្រូវនឹងប្រភេទរថយន្តខ្លួន និងគ្រាន់បានដឹងជាចំណេះដឹងទូទៅ៖

១. ក្រុមហ៊ុន, ម៉ាក និងឆ្នាំផលិត

រឿងដែលអ្នកគួរតែដឹងដំបូងបំផុតពីរថយន្តរបស់ខ្លួន គឺក្រុមហ៊ុនផលិត ម៉ាក និងឆ្នាំផលិត។ វាស្ដាប់ទៅដូចជារឿងតូចតាចទេ ប៉ុន្តែមានម្ចាស់រថយន្តច្រើនណាស់ ដែលមិនដឹងពីវា ពិសេសគឺឆ្នាំផលិតតែម្ដង។ ការមិនច្បាស់ពីក្រុមហ៊ុនផលិត ម៉ាក និងឆ្នាំផលិត អាចនាំផលប៉ះពាល់ដល់រថយន្តពិសេសនៅពេលអ្នកចង់ជួសជុលវាដោយខ្លួនឯង។ រថយន្តភាគច្រើន ដែលស្ថិតក្នុងត្រកូលតែមួយ និងខុសគ្នា ១ទៅ៥ ឆ្នាំ អាចមានរូបរាងខាងក្រៅ និងខាងក្នុងដូចគ្នាទាំងស្រុង តែម៉ាស៊ីន និងគ្រឿងសម្ភារៈផ្សេងៗក្នុងរថយន្តអាចខុសគ្នាពី មួយឆ្នាំ ទៅ មួយឆ្នាំ។ ដូចនេះ ម្ចាស់រថយន្តគួរដឹងឲ្យច្បាស់ថារថយន្តខ្លួន ផលិតដោយក្រុមហ៊ុនណា ម៉ូដែលអ្វី ហើយនៅក្នុងឆ្នាំណា។

២. VIN

VIN មកពីពាក្យពេញថា Vehicle Identification Number ជាលេខកូដ ១៧ ខ្ទង់ សម្រាប់សម្គាល់អត្តសញ្ញាណរថយន្ត។ លេខ VIN នេះខុសប្លែកគ្នាគ្រប់រថយន្តទាំងអស់តែម្ដងនៅលើពិភពលោក ដោយវាផ្ទុកនូវរាល់ទិន្នន័យរបស់រថយន្ត ដូចជាប្រទេសផលិត ក្រុមហ៊ុន ម៉ូដែល ឆ្នាំ ប្រភេទម៉ាស៊ីន -ល-។ រឿងដែលសំខាន់បំផុតរបស់ VIN នោះគឺអ្នកមិនចាំបាច់ចាំវាឡើយ ប៉ុន្តែអ្នកត្រូវស្គាល់ទីតាំងរបស់វា។ ភាគច្រើន លេខ VIN នេះមានទីតាំងនៅខាងមុខតាបឡូអ្នកបើកបរ និងនៅតាមចំហៀងទ្វារ។ អ្នកអាចស្វែងយល់បន្ថែមលម្អិតពី VIN តាមតំណនេះបាន។

៣. កាលវិភាគថែទាំរថយន្ត

ការថែទាំរថយន្តឲ្យបានទៀងទាត់ និងត្រឹមត្រូវពេលវេលាកំណត់ អាចឲ្យរថយន្តដំណើរការបានរលូនល្អ និងមានអាយុកាលវែង។ ទាំងប្រេងនានាដូចជាប្រេងម៉ាស៊ីន និងប្រេងហ្វ្រាំងជាដើម សុទ្ធសឹងតែត្រូវការបន្ថែម និងផ្លាស់ប្ដូរតាមកាលកំណត់របស់វា។ ឯផ្នែកផ្សេងៗទៀត ដូចជាការបង្វិលកង់ ប្ដូរសម្បកក៏ជាកត្តាមួយសម្រាប់កាត់បន្ថយសំណឹករបស់សម្បកកង់រថយន្ត កុំឲ្យដាក់សម្ពាធទៅលើកង់តែមួយ គឺឲ្យវាសឹកស្មើគ្នា និងប្រើប្រាស់បានយូរជាងសម្បកកង់ធម្មតា។ រថយន្តគ្រប់ប្រភេទ មានសេចក្តីណែនាំសម្រាប់វានីមួយៗ ផ្សេងៗគ្នា ដែលម្ចាស់រថយន្តគួរស្វែងរកអាន និងគួរតែធ្វើតាមការណែនាំ ដើម្បីឲ្យរថយន្តរបស់ខ្លួនដំណើរការបានល្អ និងប្រើប្រាស់បានយូរអង្វែង។

៤. សម្ពាធខ្យល់ក្នុងកង់

អ្នកបើកបរភាគច្រើន មិនចាប់អារម្មណ៍ឡើយចំពោះរឿងខ្យល់នៅក្នុងសម្ពាធកង់នោះ ហើយពេលខ្លះទោះបីជាដឹងក៏ដោយ ក៏ខ្ជិលដែរ។ ការមិនយកចិត្តទុកដាក់ក្នុងការមើលសម្ពាធខ្យល់ក្នុងកង់ឲ្យបានត្រឹមត្រូវ អាចបណ្ដាលឲ្យការបើកបរ មានភាពមិនប្រក្រតី កង់រត់មិនស្មើគ្នា ស៊ីសាំងជាងមុន ហើយអ្វីដែលសំខាន់បំផុត គឺវាងាយបែក និងមុតធ្លាយតែម្ដង ហើយបើសិនជាសម្បកកង់រថយន្តឧស្សាហ៍បែកធ្លាយហើយ អាយុកាលរបស់វាក៏ថយចុះទៅតាមនោះដែរ ហើយជាការពិតណាស់ សម្បកកង់រថយន្តមិនមែនមានតម្លៃថោកទេ ហើយបើដូរ គឺភាគច្រើនត្រូវប្ដូរទាំង ៤ គ្រាប់តែម្ដង។ ដូចនេះ ការឧស្សាហ៍ពិនិត្យមើលសម្ពាធខ្យល់ក្នុងរថយន្ត ប្រៀបដូចជាការសន្សំសំចៃមួយកម្រិត ដល់ការប្ដូរសម្បកកង់រថយន្តថ្មីអ៊ីចឹង។

៥. ភ្លើងលើតាប្លូ

ភ្លើងសញ្ញានៅលើតាប្លូ ជាភ្លើងផ្ដល់ព័ត៌មាន និងភាពមិនប្រក្រតីនានា របស់រថយន្ត និងម៉ាស៊ីនរបស់វា។ ភ្លើងសញ្ញានៅលើតាប្លូរថយន្តមានច្រើនដែលអ្នកអាចស្វែងយល់នៅ[ទីនេះ]បាន(http://news.sabay.com.kh/article/1077529#utm_campaign=onpage) ប៉ុន្តែក្នុងចំណោមភ្លើងសញ្ញាទាំងនោះ វាមានចែកជា ៣ ក្រុមសំខាន់ៗ៖ ពណ៌ក្រហម៖ ត្រូវស្វែងរកការជួសជុលជាបន្ទាន់ ព្រោះវាទាក់ទងនឹងបញ្ហាសុវត្ថិភាពរបស់អ្នកបើកបរ និងអ្នកដំណើរ ពណ៌លឿង៖ ត្រូវប្រញ៉ាប់ប្រញ៉ាល់យកទៅជាង ព្រោះវាកំពុងមានបញ្ហា ពណ៌ខៀវ ឬបៃតង៖ ផ្នែកអ្វីមួយក្នុងរថយន្តរបស់អ្នកកំពុងដំណើរការ (គ្មានបញ្ហា)៕

ចុចអាន៖

ប្រភព៖ www.progressive.com ប្រែ​សម្រួល៖ ផាត សុវត្ថិ

មតិយោបល់