• 2019-09-26 02:33:19
  • ចំណេះដឹង

មាន ១០ម៉ឺន ១លាន ៤លាន View លើ​ YouTube អាចរកបានប៉ុន្មានលុយ?

  • 2019-09-26 02:33:19
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ប្រសិន​បើ​គណនី YouTube មួយ​មាន​ចំនួន Subscriber ដល់ ១ ពាន់​នាក់ និង​មាន​ចំនួន​ទស្សនា​ស្មើ​នឹង​រយៈពេល ៤ ពាន់​ម៉ោង ម្ចាស់​គណនី​អាច​ដាក់​ពាក្យ​ចូល​រួម​ក្នុង​កម្មវិធី YouTube's Partner Program បាន។

នៅ​ពេល​ចូល​រួម​ក្នុង​កម្មវិធី YouTuber អាច​រក​ចំណូល​ដោយ​បញ្ចូល​ផ្ទាំង​ពាណិជ្ជកម្ម​ (Ads) ទៅ​លើ​វីដេអូ​របស់​ខ្លួន។ ផ្ទាំង​ពាណិជ្ជកម្ម​គឺ​ចាត់​ចែង​ឡើង​ដោយ​ Google ហើយ​ទឹក​ប្រាក់​ដែល​អាច​ទទួល​បាន​គឺ​ផ្អែក​លើ​ចំនួន​ទស្សនា (View), រយៈពេល​ទស្សនា​នៃ​វីដេអូ​មួយ និង​ទីតាំង​ភូមិសាស្ត្រ រួម​ទាំង​អាយុ​របស់​អ្នក​ទស្សនា​ទៀត​ផង។

វិបសាយ Business Insider បាន​ប្រមូល​ផ្ដុំ​នូវ​តួ​លេខ​ចំនួន ៣ ដែល​​ជា​ចំណូល​គេ​អាច​រក​បាន​​ពី​វីដេអូ​ដែល​មាន​ចំនួន​ទស្សនា ១០ម៉ឺន​ដង, ១លាន​ដង និង ៤ លាន​ដង ដែល​ដក​ស្រង់​ពី YouTuber នៅ​សហរដ្ឋអាមេរិក។

  • ពេល​មាន​ចំនួន​ទស្សនា ១០ ម៉ឺន​ដង

Natalie Barbu ជា​​ម្ចាស់​​គណនី YouTube ​ដែល​មាន​ Subscriber ចំនួន​ជាង ២៣ ម៉ឺន​នាក់ នៅ​ក្នុង​មួយ​សប្ដាហ៍​នាង​តែង​បង្ហោះ​វីដេអូ​ ២ បង្ហាញ​អំពី​ជីវិត​ប្រចាំ​ថ្ងៃ​របស់​ខ្លួន។ គណនី​របស់​នាង​មាន​វីដេអូ​ជាង ២០ ដែល​មាន​អ្នក​ចុច​ទស្សនា ១០ ម៉ឺន​ដង។

ជា​មធ្យម​វីដេអូ​មាន​ចំនួន​ទស្សនា​ជាង ១០ ម៉ឺន​ដង អាច​ជួយ​រក​ចំណូល​ឲ្យ​ Natalie បាន​ចន្លោះ​ពី ៥០០ ដុល្លារ ទៅ ១ ០០០ ដុល្លារ ដោយ​អាស្រ័យ​លើ​ចំនួន​ផ្ទាំង​ពាណិជ្ជកម្ម។ ប៉ុន្មាន​ឆ្នាំ​មុន វីដេអូ​មួយ​មាន​អ្នក​ចុច​មើល ១០ ម៉ឺន​ដង ជួយ​ឲ្យ​ Natalie រក​ចំណូល​បាន​ត្រឹម ១០០ ដុល្លារ ដោយ​សារ​មាន​បញ្ចូល (Ads) តែ​មួយ​ប៉ុណ្ណោះ។

  • ​​​ពេល​មាន​ចំនួន​ទស្សនា ១ លាន​ដង

Shelby Church គឺ​ជា​ YouTuber ដែល​មាន​ Subscriber ចំនួន ១,៣ លាន​នាក់ ដែល​នាង​បាន​ប្រាប់​ថា​វីដេអូ​មាន​ចំនួន​ទស្សនា​​ជាង ១ លាន​ដង អាច​ឲ្យ​នាង​បាន​ចំណូល​ចន្លោះ​ពី ២ ពាន់​ដុល្លារ​ ទៅ ៥ ពាន់​ដុល្លារ។

  • ​​ពេល​មាន​ចំនួន​ទស្សនា ៤ លាន​ដង

Shelby Church ដដែល​បាន​បង្ហាញ​ថា​នាង​ធ្លាប់​ទទួល​បាន​​ចំណូល ១៥ ០០០ ដុល្លារ​ មួយ​លើក​ ពី​វីដេអូ​មួយ​ដែល​មាន​អ្នក​ទស្សនា​ដល់ ៤ លាន​ដង។ វា​ជា​ចំណូល​ដ៏​ច្រើន​មួយ​ដែល​នាង​ទទួល​បាន​ ក្រោយ​ប្រកប​មុខ​របរ​នេះ ៩ ឆ្នាំ។

មិន​ត្រឹម​តែ​អាច​រក​ចំណូល​បាន​ច្រើន​នោះ​ទេ ប៉ុន្តែ​ក៏​ជួយ​ឲ្យ​គណនី​របស់ Shelby រីក​ធំ​ផង​ដែរ។ ផ្អែក​តាម​ស្ថិតិ​របស់​ YouTube គណនី​របស់​នាង​​បាន​កើន​ចំនួន Subscriber ប្រមាណ ៥៨ ០០០ នាក់​ ​ពី​វីដេអូ​ដែល​មាន​អ្នក​ចុច​មើល​ជាង ៤ លាន​ដង​នោះ៕​​

ប្រភព៖ VNReview ប្រែ​សម្រួល៖ សុខហេង

មតិយោបល់