• 2019-06-05 08:53:41
  • ចំណេះដឹង

តោះ! មកដឹង​ពី​ផ្លាក​លេខ​យានយន្ត​ដែល​មាន​អក្សរ "CMD, CD, ONU, OI, ONG1 និង ONG2"

  • 2019-06-05 08:53:41
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Sabay សូម​លើក​យក​មក​បង្ហាញ​អំពី​ផ្លាកលេខសម្គាល់​យាន​ជំនិះ​ប្រភេទទី៧ សម្រាប់​យាន​ជំនិះ​របស់​ស្ថានទូត អង្គការ​សហប្រជាជាតិ អង្គការ​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល ដែល​ដកស្រង់​ចេញពី​អនុក្រឹត្យរបស់​រាជរដ្ឋាភិបាល​កម្ពុជា ស្តីពី «ការ​ចុះ​បញ្ជី​ផ្តល់​បណ្ណ​សម្គាល់​យាន​ជំនិះ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យាន​ជំនិះ» ចុះហត្ថលេខាដោយសម្តេច​នាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីថ្ងៃទី៣ ខែមិថុនា ឆ្នាំ​២០១៩។

១. ស្ថានទូត

-ផ្លាកលេខ​សម្រាប់​យាន​ជំនិះ​ដែល​ប្រើប្រាស់​ដោយ​ឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូត​ដែលនៅចំកណ្តាល​សរសេរ​អក្សរ​ឡាតាំង «CMD» លេខ២ខ្ទង់​បន្ទាប់​សម្គាល់​ស្ថានទូត ឬកុងស៊ុល​នៃ​ប្រទេស​នីមួយៗ និង​លេខ «1» សម្គាល់​ឯកអគ្គរាជទូត ឬឯកអគ្គរដ្ឋទូត។

-ផ្លាក​លេខ​សម្រាប់​យាន​ជំនិះ​ដែលប្រើប្រាស់​ដោយ​បុគ្គលិក​ការទូត ដែល​ផ្នែក​ខាងលើ​សរសេរ​អក្សរ​ឡាតាំង «CD» និង​លេខ២​ខ្ទង់បន្ទាប់ សម្គាល់​ស្ថានទូត ឬកុងស៊ុល​នៃ​ប្រទេស​នីមួយៗ ផ្នែក​ខាងក្រោម​ជាលេខកូដ​យាន​ជំនិះ និង​លេខ​ចុះ​បញ្ជី​មានបីខ្ទង់។

២. អង្គការ​សហប្រជាជាតិ៖

-ផ្លាកលេខ​សម្រាប់​យាន​ជំនិះ​ដែល​ប្រើប្រាស់​ ដោយ​ប្រធាន​បេសកកម្ម​អង្គការ​សហប្រជាជាតិ ដែល​នៅ​ចំ​កណ្តាល​សរសេរ​អក្សរឡាតាំង «ONU» លេខពីរខ្ទង់​បន្ទាប់ សម្គាល់​ស្ថាន​តំណាង​នៃ​សកម្មភាព​ការងារ និង​លេខ «1» សម្គាល់​ប្រធាន​បេសកកម្ម​អង្គការ​សហប្រជាជាតិ។

-ផ្លាកលេខ​សម្រាប់​យាន​ជំនិះ​ដែល​ប្រើប្រាស់​ដោយ​បុគ្គលិក​អង្គការ​សហប្រជាជាតិ ដែល​ផ្នែក​ខាងលើ​សរសេរ​អក្សរ​ឡាតាំង «ONU» និង​លេខ​ពីរខ្ទង់​បន្ទាប់​សម្គាល់​ស្ថាន​តំណាង​នៃ​សកម្មភាព​ការងារ ផ្នែក​ខាងក្រោម​ជាលេខកូដ​យាន​ជំនិះ និង​លេខ​ចុះ​បញ្ជី​មាន​បីខ្ទង់។

៣. អង្គការ​អន្តរជាតិ និង​អង្គការ​មិនមែន​រដ្ឋាភិបាល

-ផ្លាកលេខ​សម្រាប់​យាន​ជំនិះ ដែល​ប្រើប្រាស់​ដោយ​អង្គការ​អន្តរជាតិ ដែល​ផ្នែក​ខាងលើ​សរសេរ​អក្សរ​ឡាតាំង «OI» និង​ផ្នែក​ខាងក្រោម​ជាលេខ​កូដ​យាន​ជំនិះ និង​លេខ​ចុះ​បញ្ជី​មានបួនខ្ទង់។

-ផ្លាក​លេខ​សម្រាប់​យាន​ជំនិះ ដែល​ប្រើប្រាស់​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​ដែល​ផ្នែក​ខាងលើ​សរសេរ​អក្សរឡាតាំង «ONG1» និង​ផ្នែក​ខាងក្រោម​ជាលេខកូដ​យានជំនិះ និង​លេខ​ចុះ​បញ្ជី​មាន​បួនខ្ទង់។

-ផ្លាក​លេខ​សម្រាប់​យាន​ជំនិះ ដែល​ប្រើប្រាស់​ដោយ​អង្គការ​មិនមែន​រដ្ឋាភិបាលក្នុងស្រុក ដែល​ផ្នែកខាងលើសរសេរ​អក្សរ​ឡាតាំង «ONG2» និង​ផ្នែក​ខាងក្រោមជាលេខ​កូដ​យាន​ជំនិះ និង​លេខ​ចុះ​បញ្ជី​មាន​បួនខ្ទង។

សូម​បញ្ជាក់​ថា ផ្លាកលេខ​សម្គាល់​យាន​ជំនិះ​ប្រភេទ​នេះ ត្រូវបាន​ចុះ​បញ្ជី​ផ្តល់​បណ្ណ និង​បំពាក់​ផ្លាកលេខ​សម្គាល់​យាន​ជំនិះ ដោយ​មាន​លិខិត​ស្នើសុំ​ពីក្រសួងការបរទេស និង​សហប្រតិបត្តិការ​អន្តរជាតិ ឬ​ពីក្រសួង​មហាផ្ទៃ៕

អត្ថបទ៖ សំភី

មតិយោបល់