- 2019-05-01 01:00:00
- ចំណេះដឹង
បកស្រាយចម្ងល់រឿង "ភ្លើងបំពាក់អំពែធំ ស៊ីភ្លើងតិច និងបំពាក់អំពែតូច ស៊ីភ្លើងច្រើន"
- 2019-05-01 01:00:00
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
បកស្រាយចម្ងល់រឿង "ភ្លើងបំពាក់អំពែធំ ស៊ីភ្លើងតិច និងបំពាក់អំពែតូច ស៊ីភ្លើងច្រើន"
ចន្លោះមិនឃើញ
មានការចោទសួរតៗគ្នាពីបញ្ហាភ្លើងបំពាក់អំពែធំស៊ីភ្លើងតិច និងបំពាក់អំពែតូចស៊ីភ្លើងច្រើន។ តើការពិតយ៉ាងណាវិញ? មន្រ្តីអគ្គិសនីពីររូប បកស្រាយពីរឿងនេះ៖
លោក សុខ មាន ជាជំនាញផ្នែកអគ្គិសនីម្នាក់បានប្រាប់ Sabay ថា ភ្លើងបំពាក់អំពែធំស៊ីភ្លើងតិច និងបំពាក់អំពែតូចស៊ីភ្លើងច្រើន គឺអាស្រ័យទៅលើការប្រើប្រាស់។
លោកថា មុនមន្រ្តីអគ្គិសនីរៀបចំប្រព័ន្ធអគ្គិសនីតដល់ផ្ទះប្រជាជន គឺបានគិតគូរយ៉ាងល្អិតល្អន់។ ដូចផ្ទះគ្រួសារមួយតូចតម្រូវការតិច បើដាក់អំពែធំគឺមិនត្រូវតាមស្តង់ដាឡើយ។ ចំណែកឯផ្ទះធំតម្រូវការប្រើប្រាស់ច្រើន ហើយបើដាក់អំពែតូចក៏មិនសមស្របដែរ។
ទាក់ទងការលើកឡើងការបំពាក់អំពែរធំស៊ីភ្លើងតិច រីឯបំពាក់អំពែរតូចស៊ីភ្លើងច្រើននោះលោកបកស្រាយថា កាលណាតម្រូវការប្រើប្រាស់ច្រើន ការផ្តល់ថាមពលមិនគ្រប់គ្រាន់ កុងទ័រភ្លើងឡើងកម្តៅ ភ្លើងអូសមិនរួច ទើបធ្វើឲ្យស៊ីភ្លើងអស់ច្រើន។
លោកថា អតិថិជនគួរទាក់ទងមកមន្រ្តីអគ្គិសនីជួយត្រួតពិនិត្យ ដើម្បីសុំដំឡើងអំពែឲ្យសមាមាត្រការប្រើប្រាស់បើមានតម្រូវការច្រើន។
ងាកមក លោក វិសាល ជាជំនាញផ្នែកអគ្គិសនីម្នាក់ទៀត បានលើកឡើងពីការប្រើប្រាស់ឧបករណ៍មិនមានស្តង់ដារ ក៏ជាចំណែកធ្វើឲ្យប្រើប្រាស់ថាមពលអស់ច្រើន។
លោកបន្តថា ការជ្រើសរើសឧបករណ៍ប្រើប្រាស់ដូចជា អំពែភ្លើង ខ្សែភ្លើង របស់ប្រើប្រាស់ក្នុងផ្ទះ ទូទឹកកក ម៉ាស៊ីនត្រជាក់ ម៉ាស៊ីនទឹកក្ដៅ ដែលផលិតមិនត្រឹមត្រូវតាមបច្ចេកទេស ឬហួសសម័យមិនត្រឹមតែធ្វើឲ្យស៊ីភ្លើងខ្លាំងនោះទេ ថែមទាំងអាចបង្កហានិភ័យផ្សេងៗ។ ចំណែកការរៀបចំបណ្ដាញភ្លើងអគ្គិសនីក្នុងផ្ទះមិនបានត្រឹមត្រូវ ក៏កត្តានាំឲ្យប្រើប្រាស់ថាមពលច្រើនដែរ។
លោកបានណែនាំថា អ្នកប្រើប្រាស់គួរតែភ្ជាប់អំពែកាន់តែធំកាន់តែល្អ ព្រោះថាតម្រូវការប្រើប្រាស់ប្រចាំថ្ងៃតែងតែទិញរបស់របរអគ្គិសនីមកបន្ថែម នៅពេលប្រើប្រាស់ច្រើនហើយអំពែតូចធ្វើឲ្យឧបករណ៍(អំពែ) ឡើងកម្ដៅ អាចធ្វើឲ្យកុងទ័រដើរលឿន ជាហេតុធ្វើឲ្យគីឡូភ្លើងកើនឡើង ដូចនេះគួរតែភ្ជាប់អំពែឲ្យធំជាងការប្រើប្រាស់ទើបជាការល្អ៕