
- 2019-03-28 02:13:45
- ចំណេះដឹង
១០ ចំណុចត្រូវធ្វើ បើចង់លក់ឡានបានតម្លៃខ្ពស់
- 2019-03-28 02:13:45
- ចំនួនមតិ 0 | ចំនួនចែករំលែក 0
១០ ចំណុចត្រូវធ្វើ បើចង់លក់ឡានបានតម្លៃខ្ពស់
ចន្លោះមិនឃើញ
អ្នកប្រើប្រាស់ឡានមួយទឹកប្រចាំថ្ងៃ ជៀសមិនផុតពីការលក់ចេញ ឬប្ដូរស៊េរីនោះទេ។ តើធ្វើដូចម្ដេចខ្លះ ដើម្បីលក់ឡានចេញ ឲ្យបានតម្លៃខ្ពស់?
១. លក់ចេញឲ្យចំពេលវេលា
បើអ្នកកំពុងប្រើប្រាស់ឡាន និងមានគម្រោងចង់ប្ដូរស៊េរី ហើយចំពេលឡានកំពុងឡើងថ្លៃ អ្នកគួរគិតគូរលក់ចេញឲ្យទាន់ពេល ព្រោះអាចបានតម្លៃខ្ពស់ និងមិនសូវខាតច្រើន ហើយត្រូវរង់ចាំ ១ខែឬ ២ខែក្រោយ ចាំរកទិញស៊េរីថ្មីដែលអ្នកចង់បាន។ ជាពិសេសកុំលក់ប្រញាប់ ដែលអាចធ្វើឲ្យអ្នកទិញបន្ទាបតម្លៃបាន។
២. ឡាននៅស្អាត ៨៥ ទៅ ៩០ ភាគរយ
ចំណុចនេះ សំដៅលើរូបរាងរបស់ឡានដែលមានម្ចាស់ជាអ្នកស្រលាញ់ ហើយជាអ្នកថែទាំទៀងទាត់ មិនធ្លាប់ប៉ះពារអ្វីមួយធ្ងន់ធ្ងរ សំឡេងម៉ាស៊ីននៅស្ងាត់ល្អ មិនលាន់ មិនកាន់ច្រេះ ធ្វើឲ្យអ្នកទិញហ៊ានឲ្យតម្លៃមួយខ្ពស់ដែលអាចទទួលយកបាន។
៣. រក្សារូបរាងដើម មិនការកែច្នៃ
ជាធម្មតា អ្នកប្រើប្រាស់ឡានតែងមានចំណង់ចំណូលចិត្តខុសៗគ្នា និងស្រលាញ់ការកែច្នៃឡានតាមការចង់បានរបស់ខ្លួន។ ទោះជាឡាននោះធ្លាប់កែតិចឬច្រើនក៏ដោយ ដូចនេះទោះជាម៉ាស៊ីននៅថ្មីល្អ ក៏អ្នកលក់មិនហ៊ានឲ្យថ្លៃខ្ពស់ដែរ ព្រោះត្រូវការយកទៅដូរដាក់អោយមករូបរាងដើមវិញ។
៤. មានគីឡូតិច និងមិនមានប្រើដៃច្រើន
សំដៅដល់រយៈចម្ងាយនៃការបើកបរដែលមាននៅលើកុងទ័រគីឡូ និងមានដៃច្រើនកាន់។ ឡានមានឆ្នាំនៅទាបតែបើមានគីឡូប្រើប្រាស់ច្រើនធ្វើអ្នកទិញបន្ទាបតម្លៃបាន។ ចំពោះអ្នកប្រើវិញឡានមួយគ្រឿងបើមានអ្នកកាន់ច្រើននាក់អាចធ្វើឲ្យម៉ាស៊ីនដំណើរការខុសធម្មតា ព្រោះអ្នកប្រើប្រាស់ទាំងនោះតែងមានបច្ចេកទេសបើកបរមិនដូចគ្នាឡើយ។
៥. ឡានធ្លាប់មានប្រវត្តិបុក ឬប៉ះគ្នា ឬអត់?
ការប៉ះពាល់រហូតធ្វើឲ្យខូចខាតរូបរាង ឬផ្នែកណាមួយរបស់ឡាន អាចធ្វើឲ្យអ្នកទិញមិនពេញចិត្ត និងសាញតម្លៃ។ ទោះយ៉ាងនេះក្តី អ្នកទិញ-លក់គេ នៅតែមានរបៀបមើលប្រវត្តិឡានអ្នក។ ដោយមើលលើប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធហ្រ្វាំង ឬឆែកប្រវត្តិជាដើម។ ដូចនេះបើអ្នកចង់លក់ឡានរបស់អ្នក ឲ្យបានតម្លៃសមរម្យ អ្នកត្រូវយកឡានទៅការាស ដើម្បីប្ដូរផ្នែកខាងក្រៅណាមួយដែលខូចខាតតិចតួចឲ្យថ្មី និងធ្វើការប៉ូលាទឹកថ្នាំថ្មី។
៦. ដាក់តម្លៃលក់តាមតម្លៃទីផ្សារ
អ្នកប្រើប្រាស់ប្រចាំថ្ងៃប្រាកដជាដឹងហើយថាសភាពឡានរបស់អ្នកបែបណា ដូចនេះបើចង់លក់គួរដាក់តម្លៃកុំឲ្យខ្ពស់ពេក ត្រូវលក់ក្នុងតម្លៃជាក់ស្ដែង ទៅតាមទីផ្សារជាធម្មតា អ្នកទិញ-លក់ គេប្រាកដជាបង្អាប់ទម្លាក់តម្លៃខ្លះហើយ តែអ្នកក៏ត្រូវលើកយកចំណុចល្អរបស់ឡានអ្នកឲ្យបានច្រើនកុំឲ្យអ្នកបន្ទាប់តម្លៃបាន។
៧. មានឯកសារសម្គាល់ឡានត្រឹមត្រូវ
លិខិតស្នាមបញ្ជាក់មានដូចជាកិច្ចសន្យាទិញលក់រវាងអ្នកលក់និងអ្នកទិញ កាតគ្រី និងសន្លឹកឆៀក (ប័ណ្ណបញ្ជាក់គុណភាពរថយន្ត)។ ជាមួយគ្នានេះនៅពេលអ្នកទិញ និងអ្នកលក់ព្រមព្រៀងគ្នាក៏ត្រូវទៅកាត់ឈ្មោះពីម្ចាស់ដើម ដើម្បីបញ្ជាក់ពីសុពលភាព និងទទួលបានសិទ្ធិប្រើប្រាស់ស្របច្បាប់។
រាល់ការទិញលក់រថយន្តមួយទឹក ចាំបាច់ត្រូវទៅកាត់ឈ្មោះពីម្ចាស់ដើមនៅនាយកដ្ឋានសាធារណការដើម្បីបញ្ជាក់ពីកម្មសិទ្ធិស្របច្បាប់សម្រាប់ការប្រើប្រាស់។ ឯកសារដែលត្រូវស្នើសុំការកាត់ឈ្មោះមាន អត្តសញ្ញាណប័ណ្ណ កិច្ចសន្យាទិញលក់ដែលមានស្នាមមេដៃអ្នកទិញនិងអ្នកលក់។
៨. ត្រូវមានភាពស្មោះត្រង់
ភាពស្មោះត្រង់សំខាន់ណាស់ បើអ្នកលក់ម្ចាស់ដើមនិយាយមិនពិតពីចំណុចណាមួយរបស់ឡានខ្លួន ហើយអ្នកទិញយកទៅប្រើបន្តមានបញ្ហា ពិតណាស់ប្រាកដជាមានរឿងមិនពេញចិត្ត អាក់អន់ចិត្តទៅវិញទៅមកជាពិសេសអ្នកដែលស្គាល់គ្នាតែម្ដង។ អ្នកត្រូវផ្សព្វផ្សាយ ឬនិយាយពីឡានរបស់អ្នកដោយភាពស្មោះត្រង់ មិនភូតភរ មិនបោកប្រាស់ តាមសភាពជាក់ស្ដែងរបស់ឡានអ្នក។
៩. លក់ឲ្យអ្នកជិះផ្ទាល់វិញ
ចំណុចនេះ សំដៅដល់ឡានរបស់អ្នកដែលកំពុងជិះ តែអ្នកមានបំណងចង់លក់ចេញ ដូចនេះអ្នកត្រូវចេះស៊ើបសួរមិត្តភក្តិ បងប្អូន ឬអ្នកស្គាល់ណាក៏បាន ដែលគេមានចង់ទិញបន្ត យកទៅប្រើព្រោះនៅពេលអ្នកទិញយកទៅប្រើបន្ត មិនមានភាពសូញសាញច្រើន និងមិនទម្លាក់តម្លៃខ្លាំង។
១០.ឆែកមើលប្រព័ន្ធសុវត្ថិភាព ប្រព័ន្ធហ្រ្វាំងមុនពេលលក់
ការថែទាំ ការប្រើប្រាស់ប្រចាំថ្ងៃរបស់អ្នក អាចមានចំណុចខ្វះចន្លោះ ដូចនេះមុនពេលលក់អ្នកគួរយកឡានរបស់អ្នកទៅ ឆែកមើលប្រព័ន្ធហ្រ្វាំង ស្បែកហ្វ្រាំង សំបកកង់ ប្រព័ន្ធភ្លើង ស៊ីផ្លេ ស៊ីញ៉ូ ប្រព័ន្ធសុវត្ថិភាព បច្ចេកទេសផ្សេងៗ ឬប្រេងម៉ាស៊ីនជាដើម ត្រូវដូរចេញប្រសិនបើមានករណីខូចខាតខ្លាំង ជៀសវាងមានដំណើរការមិនល្អនៅអ្នកទិញឆែកមើល៕