• 2018-11-04 02:05:00
  • គន្លឹះ

ដឹងរូបទឹកធ្លាក់នេះ គេ​ថតយ៉ាងម៉េច​អត់?

  • 2018-11-04 02:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

តើប្រិយមិត្តចង់​ដឹងគន្លឹះថតរូបទឹកធ្លាក់ឱ្យមើលទៅ​មានភាពស្រស់ស្អាត និង​ត្រជាក់ភ្នែកដែរឬទេ? ថ្ងៃនេះ Sabay សូមបង្ហាញ​ក្បាច់​ ៦ ចំណុចដូចខាងក្រោម​៖

១. គោលដៅរបស់អ្នក-Slow Shutter Speed

គោលដៅរបស់អ្នក គឺសកម្មភាពទឹក​មានចលនា (ទឹកធ្លាក់ ទឹកហូរ ទឹករលក)។ ដើម្បីឲ្យទឹកមើលទៅរលោងហ្មត់សាច់ជាប់គ្នា អ្នកត្រូវប្រើ Shutter speed ដែលយឺតមែនទែន ប្រហែល 4-5 វិនាទី ឬយូរជាងនេះ។ កាលណា Shutter speed យឺត វាជួយឲ្យខ្សែទឹកដែលហូរ ក្លាយទៅជាស្រមោលដាសជាប់គ្នាមិនដាច់។ បើ Shutter speed លឿនវិញ គឺបង្កករូបទឹកឲ្យមើលឃើញគ្រាប់ៗទឹកដែលហូរ។

២. ប្រើជើងទម្រ (Tripod)

នៅពេលដែលអ្នកចង់ថត ទឹកហូរ ឬទឹកធ្លាក់ ដែលមើលទៅរលោងស្អាតស្រទន់ អ្នកមិនអាចកាន់កាមេរ៉ាដោយដៃទទេបានទេ អ្នកត្រូវការ Tripod ដើម្បីទប់លំនឹងកាមេរ៉ា។ ហេតុអ្វី? អ្នកគួរយល់ថា ដៃអ្នកមិនអាចនឹងថ្កល់ទេ ខណៈអ្នកថត Low shutter speed 3-4 វិនាទី ដែលវាធ្វើឲ្យវត្ថុនៅជុំវិញទឹកនៅទៅជា Blur ជាប់គ្នា។

៣. ប្រើ ISO ទាបបំផុត

ពេលអ្នកភ្ជាប់ កាមេរ៉ានៅលើ Tripod អ្នកត្រូវទម្លាក់ Shutter speed មកលេខទាប ជាមួយគ្នានោះអ្នកត្រូវទម្លាក់ ISO មកលេខទាបដែរ ដោយវាមិនត្រឹមតែជួយបង្កើនគុណភាពរូបភាពទេ វាក៏អាចឲ្យអ្នកទម្លាក់ Shutter speed បានកាន់តែទាបដែរ។

៤. តម្លើងលេខ Aperture

នៅពេលដែល Shutter speed ទាបខ្លាំង ពន្លឺដែលចូលតាមរយៈ Lens ក៏ច្រើន ដូច្នេះទាមទារឲ្យអ្នកដំឡើង Aperture (f/16) ឲ្យខ្ពស់ដើម្បីទប់ពន្លឺ។ ប្រហែលអ្នកអាចត្រូវតម្លើង Aperture (f/11) ឬ រហូតដល់ (f/16) ក៏ថាបាន។

៥. ប្រើ Filter (Neutral Density Filter)

ប្រសិនបើអ្នកទម្លាក់ ISO ហើយ តម្លើង Aperture ហើយ នៅតែមានពន្លៃចូលខ្លាំង ដូចជាអ្នកថតនៅពេលថ្ងៃជាដើម អ្នកត្រូវប្រើ Filter (ND) បាំងពីមុខ Lens កាមេរ៉ាដើម្បីជួយទប់ពន្លឺ។ Filter នេះគឺបង្កើតឡើងក្នុងគោលបំណងទប់ពន្លឺដូច្នេះឯង។ វាមានច្រើនប្រភេទ នៃ ND Filter ដូចជា B+W 77mm ND 1.8 ឬ B+W 77mm ND 3.0 (ងងឹតជាង)។

៦. ប្រើ Wide-angle lenses និង Telephoto lenses

ហេតុអី? ប្រើ Lenses ទាំងពីនេះទៅតាមស្ថានភាព។ ប្រសិនបើទឹកធ្លាក់ខ្ពស់ ឬរលកបោក ខ្លាំងៗវាអាចសាចកម្ទេចទឹក ឬបែកជាសន្សើម ចូលកញ្ចក់ Lenses ធ្វើឲ្យស្រអាប់ ដូច្នេះអ្នកត្រូវប្រើ Telephoto lenses និងស្ថិតនៅទីតាំងឆ្ងាយដើម្បីថត។ តែបើ ទឹកធ្លាក់ ទឹកហូរតូចល្មម អ្នកអាចប្រើ Wide Angle Lenses បាន៕

ប្រភព៖ photographylife.com

អត្ថបទ៖ អ៊ុំ សុភក្តិ

មតិយោបល់