• 2018-09-19 14:05:00
  • ចំណេះដឹង

៧ ចំណុច​សិក្សា​ឲ្យ​ច្បាស់ បើ​ចង់​ទិញ​ទូរទស្សន៍​មិន​ឲ្យ​ខក​ចិត្ត

  • 2018-09-19 14:05:00
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការ​ជ្រើសរើស​ទូរទស្សន៍​មក​ប្រើប្រាស់ មិន​ប្រាកដ​ថា​ការ​ចំណាយ​ច្រើន​សុទ្ធ​សឹង​តែ​បាន​របស់​ល្អ​មក​វិញ​នោះ​ទេ ដរាប​ណា​អ្នក​មិន​ទាន់​ស្វែងយល់​ឲ្យ​បាន​ច្បាស់​ពី​ចំណុច​និង​តម្រូវ​ការ​ប្រើប្រាស់​ក្នុង​គ្រួសារ​ឬ​គេហដ្ឋាន​ដែល​អ្នក​រស់​នៅ។ Sabay ណែនាំ ៧ ចំណុច​មុន​ដាក់​ចិត្ត​ទិញ​ទូរទស្សន៍​មក​ប្រើប្រាស់​ឲ្យ​បាន​ត្រូវ​ចិត្ត។

១.ទំហំ​អេក្រង់:

ជា​កត្តា​ចម្បង​នៃ​ការ​សម្រេច​ចិត្ត​មុន​ទិញ​ទូរទស្សន៍ ព្រោះ​តម្រូវការ​ទំហំ​អេក្រង់​ក្នុង​លក្ខខណ្ឌ​ខ្លះ​ក៏​ផ្អែក​ទៅ​តាម​សមាជិក​គ្រួសារ និង​ទីតាំង​ដែល​អ្នក​ត្រូវ​តម្កល់​ទុក​គ្រឿង​អេឡិចត្រូនិក​ថ្មី​ក្នុង​គេហដ្ឋាន​របស់​អ្នក។ ជម្រើស​ល្អ​បំផុត​នា​ពេល​បច្ចុប្បន្ន​ស្ថិត​ក្នុង​ចន្លោះ​ពី ៥៥ ទៅ ៦៥ អ៊ីញ ក៏​សម្រប​ទៅ​តាម​ការ​គណនា​ចម្ងាយ​នៃ​ការ​អង្គុយ​ទស្សនា។

២.កម្រិត​បង្ហាញ​លើ​អេក្រង់ 4K ឬ HD?

កម្រិត​បង្ហាញ​កាន់​តែ​ខ្ពស់ ធ្វើ​ឲ្យ​រូបភាព​បង្ហាញ​ចេញ​លើ​អេក្រង់​កាន់​តែ​ច្បាស់​ដិត​ល្អ ដោយ​សព្វថ្ងៃ​មាន​ជា​មធ្យម​កម្រិត 720p HD ឬ​ឈាន​ដល់ 1 080p FullHD និង​ហក់​ដល់​ 4K ក៏​មាន​ក្នុង​កម្រិត ៣ ៨៤០ x ២ ១៦០ ភីកសែល។ ប៉ុន្តែ​ត្រូវ​ចាំ​ប្រភេទ​ទូរទស្សន៍ 4K ក៏​មាន​តម្លៃ​ថ្លៃ​ជាង​ច្រើន​ធៀប​នឹង FullHD ម្ល៉ោះ​បើ​ចង់​ចំណាយ​ថវិកា​មិន​ខ្ពស់​ពេក នោះ​ការ​រើស​យក​កម្រិត 1 080p អាច​ថា​សក្ដិសម​បំផុត​ហើយ។

៣.កម្រិត Refresh Rate:

Refresh Rate មាន​ខ្នាត​គិត​ជា Hertz (Hz) សំដៅ​ទៅ​ចំនួន​ដង​ក្នុង​មួយ​វិនាទី​នៃ​រូបភាព​ Refresh បង្ហាញ​ចេញ​លើ​អេក្រង់ ជា​ឧទាហរណ៍​បើ Refresh ៦០ ដង នោះ​មាន​ន័យ​ថា 60Hz ប៉ុន្តែ​ក្នុង​លក្ខខណ្ឌ​ការ​ប្រើប្រាស់​អេក្រង់​ប្រភេទ LCD អាច​នឹង​ធ្វើ​ឲ្យ​រូបភាព​មាន​លក្ខណៈ​ព្រិល បែប​នេះ​អ្នក​ជំនាញ​ណែនាំ​ឲ្យ​ជ្រើស​យក 120Hz ឬ​ខ្ពស់​ដល់ 240Hz កាន់​តែ​ប្រសើរ។

៤.រន្ធ​ភ្ជាប់ HDMI និង​រន្ធ​ដទៃ​ទៀត:

អ្នក​ក៏​ត្រូវ​យក​ចិត្ត​ទុក​ដាក់​លើ​ចំណុច​នេះ ដោយ​ក្រុមហ៊ុន​ខ្លះ​ជៀសវាង​ការ​ចំណាយ​ច្រើន​ក៏​បង្ខំ​ចិត្ត​ផលិត​រន្ធ​ដោត HDMI តិច​នៅ​លើ​ផលិតផល​ខ្លួន ដោយ​ប្រភេទ​រន្ធ​ទាំង​នេះ​មាន​ប្រយោជន៍​ច្រើន​ទាំង​ការ​ភ្ជាប់​ជាមួយ Sound Bar ឬ​ឧបករណ៍​លេង​ហ្គេម​ប្រភេទ​ណា​មួយ បែប​នេះ​បើ​អាច​គួរ​រើស​ឲ្យ​បាន​យ៉ាង​តិច ៤។

៥.ការ​ជ្រើស​ប្រភេទ​អេក្រង់:

បច្ចុប្បន្ន​ពេញ​និយម​តែ ២ ប្រភេទ​ប៉ុណ្ណោះ​រួម​មាន LCD និង OLED ដោយ​ជា​មធ្យម​តម្លៃ​ក្បែរ ២០០ ដុល្លារ​សម្រាប់​ទំហំ ៣២ អ៊ីញ LCD ថ្វី​បើ​ធុន​ខ្លះ​គាំទ្រ​ដល់​កម្រិត Ultra HD 4K ប៉ុន្តែ​គ្រាប់​ភីកសែល​រូបភាព​មិន​អាច​ជះ​បង្ហាញ​ល្អ​នៅ​ឡើយ។ ទៅ​មើល​ប្រភេទ OLED មាន​តម្លៃ​ថ្លៃ​ដល់​ខ្ទង់​ពាន់​ដុល្លារ បង្ហាញ​កម្រិត​ពណ៌​ដិត​ច្បាស់​ល្អ ប៉ុន្តែ​កម្រិត​ពន្លឺ​នៃ​ធុន​ខ្លះ​ក៏​បង្ហាញ​នៅ​ស្ទើរ​ជាង​ប្រភេទ LCD គ្រាន់​ថា OLED ប្រាកដ​ជា​ល្អ​ជាង LCD លើ​ចំណុច​ជា​ច្រើន​ហើយ ពោល​គឺ​ផ្អែក​លើ​ទំហំ​ចំណាយ​អតិថិជន​ផ្ទាល់​ជា​អ្នក​កំណត់។

៦.មិន​ចាំ​បាច់​រើស​យក​អេក្រង់​កោង:

ជា​រចនាបថ​ថ្មី ប្រភេទ​ទូរទស្សន៍​អេក្រង់​កោង​ក៏​ជា​ដើម​ចម​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ផលិត​កាន់​តែ​មាន​មូលហេតុ​ដំឡើង​ថ្លៃ​ផលិតផល​ខ្លួន។ យ៉ាងណាមិញ​តាម​ការ​ឲ្យ​ដឹង​ពី​ Consumer Reports រាយការណ៍​ថា​អ្នក​ប្រើប្រាស់​ភាគច្រើន​ពុំ​រក​ឃើញ​ពី​ចំណុច​ខុស​ប្លែក រវាង​ការ​ទស្សនា​លើ​ទូរទស្សន៍​អេក្រង់​កោង​និង​អេក្រង់​លាត​ស្មើ​ធម្មតា​ឡើយ ជា​រួម​គ្រាន់​ជា​យុទ្ធសាស្ត្រ​នៃ​ការ​បង្កើន​ថ្លៃ​ចំណេញ​និង​ពុំ​បាន​នាំ​យក​ប្រយោជន៍​ថ្មី​ដល់​អតិថិជន​នោះ​ទេ។

៧.ប្រព័ន្ធ​សំឡេង​ចេញ​ពី​ទូរទស្សន៍​មិន​អាច​យក​ជា​ការ​បាន:

គុណភាព​សំឡេង​កាន់​តែ​ចុះ​អន់​ថយ បន្ទាប់​ពី​កម្រាស់​ទូរទស្សន៍​កាន់​តែ​ស្តើង​ឡើង បែប​នេះ​ជម្រើស​របស់​អ្នក​អាច​ជា​ការ​ប្រើប្រាស់​ឧបករណ៍​ជំនួយ​ផ្សេងៗ​ដូច​ជា​បន្ថែម​បាស​ភ្ជាប់​ទីតាំង​ណា​មួយ​ឬ​ប្រភេទ Soundbar ដោយ​ជា​មធ្យម​អ្នក​អាច​ចំណាយ​លើ​ឧបករណ៍​នេះ​ក្រោម ៣០០ ដុល្លារ​តែ​ប៉ុណ្ណោះ​ទៅ​តាម​ម៉ូឌែល​នៃ​ក្រុមហ៊ុន​នីមួយៗ។ ជា​ពិសេស​សម្រាប់​ការ​ទស្សនា​ខ្សែ​ភាពយន្ត​ឬ​ប្រកួត​កីឡា​សំខាន់​ណា​មួយ ការ​បន្ថែម Soundbar ជា​រឿង​ដែល​អ្នក​មិន​គួរ​រំលង។

ចុច Like និង See First ដើម្បីទទួលព័ត៌មានបច្ចេកវិទ្យាមុនគេ......

អានអត្ថបទ:

ប្រភព៖ tomsguide ប្រែ​សម្រួល៖ កៅ រក្សា

មតិយោបល់