• 2018-08-14 02:01:17
  • ចំណេះដឹង

វីដេអូ​បង្ហាញពី​របៀប​សឺរ៉េ​កៅអី (Memory Seat) លើរថយន្ត Lexus RX330

  • 2018-08-14 02:01:17
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

ការប្រើប្រាស់រថយន្តតែងមានការកំណត់នានា មិនថាតែសីតុណ្ហភាពម៉ាស៊ីនត្រជាក់ កម្រិតភ្លឺរបស់ភ្លើងកុងទ័រ ឬទីតាំងកៅអី ឡើយសុទ្ធសឹងតែជាការធ្វើឡើងមកដើម្បីឲ្យអ្នកបើកបរ អាចកំណត់អ្វីបានតាមចំណង់ចំណូលចិត្ត និងឲ្យមានភាពងាយស្រួល។ ក្នុងនោះ មានមុខងារមួយក្នុងរថយន្ត Lexus RX330 ក៏ដូចជារថយន្តនានាផងដែរ គឺមុខងារចងចាំទីតាំងកៅអីដែលបានកំណត់ ឬដែលហៅថា Memory Seat Setting នោះឯង។

មុខងារនេះ អាចឲ្យអ្នកបើកបរចងចាំទីតាំងកៅអីរបស់ខ្លួនបាន មិនថាកៅអីរាងរុលខិតទៅមុខ ឬមកក្រោយ ខ្នងវាត្រង់ ពុតមកខាងមុខ ឬទ្រេតទៅខាងក្រោយឡើយ គឺអាចកំណត់ឲ្យកៅអីអ្នកបើកបរចងចាំទីតាំងទាំងនោះ មិនចាំបាច់ចំណាយច្រើនពេលសម្រាប់ការសារ៉េលើកក្រោយ។ និយាយឲ្យខ្លី ការកំណត់ចងចាំទីតាំងកៅអីនេះ អាចឲ្យកៅអីរបស់អ្នកពត់ពេន ទៅតាមអ្វីដែលអ្នកចង់បាន ដោយគ្រាន់តែចុចប៊ូតុងមួយប៉ុណ្ណោះមិនចាំបាច់ទាញកន្លែងសារ៉េនៅកៀនពូកនោះយូរឡើយ។

ជាធម្មតា ប៊ូតុងសម្រាប់ដាក់មុខងារចងចាំទីតាំងកៅអីនេះ មានចំនួន ៣ គ្រាប់ ដោយ ប៊ូតុងដែលសំខាន់ជាងគេមានពាក្យ SET ជាប៊ូតុងសម្រាប់កំណត់ទីតាំង ហើយប៊ូតុងផ្សេងទៀត (អាច​ជា L ហើយ​ជាទូទៅមានលេខ 1,2,3…) ជាលេខរៀងទីតាំងដែលអ្នកចង់ឲ្យវាចងចាំទីតាំងកៅអីដែលបានកំណត់។

ដំបូងដើម្បីកំណត់ការចងចាំទីតាំងកៅអីនេះបាន យើងត្រូវកាច់សោរមក ON ហើយត្រូវប្រាកដថា ចង្កឹះលេខស្ថិតនៅត្រង់អក្សរ P ទើបត្រូវសារ៉េទីតាំងកៅអី ដែលអ្នកចង់បាន។ ក្រោយពីសារ៉េរួចរាល់ អ្នកអាចកំណត់ឲ្យវាចងចាំទីតាំងកៅអីបានហើយ ដោយចុចប៊ូតុង SET ឲ្យជាប់ ហើយចាំចុចប៊ូតុង L1 ឬ L2 (អាចមាន L3, L4…) តាមចិត្តអ្នកចង់។ បន្ទាប់មក សំឡេងមួយនឹងរោទិ៍ឡើង ដោយវាជាការបញ្ជាក់ថា អ្នកបានដាក់ឲ្យវាចងចាំទីតាំងកៅអីដោយជោគជ័យហើយ។ បើសិនជាអ្នកចង់់ឲ្យវាចងចាំងទីតាំងផ្សេងទៀត អ្នកគ្រាន់តែ សារ៉េកៅអីតាមទីតាំងចង់បាននោះ ហើយចុចប៊ូតុង SET និង L2 នោះអ្នកនឹងបានទីតាំងថ្មីមួយទៀត។

ត្រូវ​កាច់​សោរ​មក ON

ចំពោះការប្រើប្រាស់ គឺនៅពេលដែលអ្នកចង់បានទីតាំងណាមួយ ដែលអ្នកបានកំណត់នោះ គ្រាន់​តែ​ចុច​លើ​ប៊ូតុង L ដែលមានលេខ L1 ឬក៏ L2 តាមកំណត់ឲ្យវាចងចាំទីតាំងដែលអ្នកចង់បានទៅ នោះកៅអីរបស់អ្នកនឹងរំកិលតាមទីតាំង ដែលកំណត់ហើយនោះភ្លាម។ ជារួមទៅ រថយន្តផ្សេងគ្នាអាចមាន ប៊ូតុង L លើសពី ២ ដែលមានន័យថា អ្នកអាចកំណត់ទីតាំងកៅអីបានលើសពី ២ ដូចគ្នា។ រឿងមួយវិញទៀត បើសិនជាអ្នកចង់កំណត់ទីតាំងកៅអីផ្សេង លើទីតាំងកៅអីចាស់ អ្នកគ្រាន់តែធ្វើដូចកាលដំបូងគឺ ចុចប៊ូតុង SET ហើយនិងប៊ូតុង L(1, 2, 3…) នោះវានឹងចងចាំទីតាំងថ្មីជំនួសកន្លែងចាស់ភ្លាមៗ។

ចុចអាន៖

អត្ថបទ៖ ផាត សុវត្ថិ

មតិយោបល់