• 2020-02-12 03:36:59
  • ចំណេះដឹង

Galaxy S20 Ultra ជាទូរសព្ទដំបូងគេក្នុងលោកមាន RAM 16GB ប៉ុន្តែសួរថាចាំបាច់អត់?

  • 2020-02-12 03:36:59
  • ចំនួនមតិ 0 | ចំនួនចែករំលែក 0

ចន្លោះមិនឃើញ

Galaxy S20 Ultra បាន​បង្ហាញ​ខ្លួន​ជា​ផ្លូវ​ការ​ជា​មួយ​ជម្រើស RAM ចំនួន​ពីរ​ប្រភេទ ដែល​តូច​បំផុត​គឺ ១២GB និង​ធំ​បំផុត​គឺ ១៦GB ជា​ស្មាតហ្វូន​ដំបូង​គេ​ក្នុង​លោក​មាន​ប្រើ​ RAM ធំ​ដល់​ថ្នាក់​នេះ។ ប៉ុន្តែ​សួរ​ថា RAM ទំហំ ១៦GB នេះ​ចាំ​បាច់​ដែរ​ឬ​អត់?

បើ​តាម​ការ​សិក្សា​របស់​ Android Authority បាន​ឲ្យ​ដឹង​ថា​ ការ​ប្រើ​ប្រាស់​កម្មវិធី​ធម្មតា (ដូច​ជា​បណ្ដាញ​សង្គម, ការ​កែ​រូបភាព និង​កិច្ច​ការ​ប្រចាំ​ថ្ងៃ) ឬ​ការ​លេង​ហ្គេម​ធម្មតា​ គឺ​ប្រើ​ប្រាស់ RAM ប្រមាណ ៤០០MB។ ប្រសិន​បើ​ទូរសព្ទ​អ្នក​មាន RAM ទំហំ ៦GB ហើយ​មាន​ RAM ទំហំ ៣,៥GB នៅ​សេស​សល់​ នោះ​អ្នក​អាច​ដំណើរ​ការ​កម្មវិធី​ចំនួន ៩ ក្នុង​ពេល​តែ​មួយ​បាន​នៅ​លើ RAM មាន​ន័យ​ថា​អ្នក​អាច​ប្ដូរ​ពី​កម្មវិធី​មួយ​ទៅ​កម្មវិធី​មួយ​ទៀត​ដោយ​កម្មវិធី​នោះ​មិន​ចាំ​បាច់​បើក​សា​ឡើង​វិញ (Reload) ​ឡើយ។

ប៉ុន្តែ​មាន​កម្មវិធី​មួយ​ចំនួន​ដែល​ប្រើ​ប្រាស់ RAM ធំ ដូច​ជា​ហ្គេម Asphalt 9 ឬ Real Racing 3 អាច​ប្រើ​ RAM ចន្លោះ​ពី ១GB និង ១,៤GB។ នេះ​មាន​ន័យ​ថា​កម្មវិធី ៣ ឬ ៤ នឹង​ត្រូវ​ផ្អាក​ដំណើរ​ការ​ដើម្បី​ទុក​ចន្លោះ​សម្រាប់​ហ្គេម ករណី​ដែល​អ្នក​បាន​ដំណើរ​ការ​កម្មវិធី​ចំនួន​ ៩ រួច​ហើយ ហើយ​ស្មាតហ្វូន​មាន RAM ទំហំ ៦GB។

ប្រសិន​បើ​ទូរសព្ទ​មាន RAM ទំហំ ៨GB ​ហើយ​នៅ​សល់ RAM ទំហំ ៥GB នោះ​អ្នក​អាច​មាន​ RAM គ្រប់​គ្រាន់​សម្រាប់​ដំណើរ​ការ​កម្មវិធី​ចំនួន ១០ និង​ហ្គេម​ទំហំ​ធំ​មួយ ​នៅ​ក្នុង RAM។ អ្នក​អាច​ប្ដូរ​ពី​ហ្គេម​ទៅ​កាន់​កម្មវិធី​បណ្ដាញ​សង្គម រួច​អាច​ទៅ​ឆែក​មើល​អ៊ីមែល រួច​ទៅ​កាន់​កម្មវិធី​បណ្ដាញ​សង្គម​ផ្សេង​ទៀត ផ្ញើ​សារ​ទៅ​កាន់​នរណា​ម្នាក់ អាន​អត្ថបទ​មួយ​ចំនួន​លើ​វិបសាយ​ ឆែក​មើល​ធាតុ​អាកាស រួច​ហើយ​អាច​វិល​ត្រឡប់​ទៅ​លេង​ហ្គេម​វិញ​ដោយ​វា​​មិន​បាច់​​ដំណើរ​ការ​ឡើង​វិញ (Reload)។ ដូច​នេះ​ RAM ទំហំ ៨GB គឺ​ជា​​ទំហំ​ល្អ​មួយ​សម្រាប់​ស្មាតហ្វូន។

ជា​មួយ​ RAM ទំហំ ១២GB អ្នក​នឹង​មាន​សល់ RAM ទំហំ ៨GB សម្រាប់​ដំណើរ​ការ​កម្មវិធី។ មាន​ន័យ​ថា​អ្នក​អាច​ដំណើរ​ការ​កម្មវិធី​ជា​ច្រើន និង​បើក​ហ្គេម​ទំហំ​ធំ​បាន​ចំនួន​ពីរ​ ឲ្យ​វា​ដំណើរ​ការ​លើ RAM ក្នុង​ពេល​ដំណាល​គ្នា។ ឈាន​ដល់​ករណី​នេះ​វា​គឺ​​លើស​ពី​ការ​ប្រើ​ប្រាស់​ធម្មតា​ទៅ​ហើយ ដោយ​អ្នក​ដែល​លេង​ហ្គេម​មួយ​ហើយ មិន​អាច​បក​ទៅ​លេង​ហ្គេម​ផ្សេង​មួយ​ទៀត​នោះ​ឡើយ។

ចំណែក RAM ទំហំ ១៦GB វា​កាន់​តែ​ច្រើន​លើសលប់​សម្រាប់​ការ​ប្រើ​ប្រាស់​​ប្រចាំ​ថ្ងៃ​ទៅ​ទៀត លុះត្រាតែ​អ្នក​ប្រើ​ប្រាស់​ លេង​ហ្គេម​ច្រើន​ក្នុង​ពេល​តែ​មួយ និង​ប្រើ​ប្រាស់​កម្មវិធី​ដទៃ​ទៀត​លើស​ពី ២០ កម្មវិធី​ក្នុង​ពេល​តែ​មួយ។

បញ្ជាក់​ថា RAM ធំ​លើ​ស្មាតហ្វូន មិន​អាច​ជួយ​ឲ្យ​កម្មវិធី​ដើរ​លឿន​ មិន​ជួយ​បង្កើន​ល្បឿន​នៃ UI មិន​ជួយ​ដល់​ដំណើរ​ការ GPU មិន​ជួយ​បង្កើន​​ថាមពល​ថ្ម មិន​ជួយ​ឲ្យ​ដោនឡូដ​លឿន​ជាង​មុន និង​មិន​ជួយ​ឲ្យ​ទូរសព្ទ​សាក​ថ្ម​លឿន​ជាង​មុន​នោះ​ដែរ។ តួនាទី​ដ៏​ធំ​របស់ RAM គឺ​រក្សា​ទុក​កម្មវិធី​ឲ្យ​ដំណើរ​ការ​នៅ​ Background តែ​ប៉ុណ្ណោះ៕

ប្រភព៖ Androidauthority ប្រែ​សម្រួល៖ សុខហេង

មតិយោបល់